Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ បាន​ផ្ទុះ​ការតវ៉ា​ជា​លើក​ទី​២ ដោយ​ចោទ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ទៅ​បោះបង្គោល​និង​ព័ទ្ធ​របងលួស ឲ្យ​បុគ្គល​មានអំណាច រំលោភ​យក​ដី​ផ្លូវ​លេខ​១៩៧២

spot_img

​ភ្នំពេញ ៖ កាលពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​មន្ត្រី​ជំនាញ និង​ក្រុម​សណ្តាប់ធ្នាប់​ខណ្ឌ បាន​នាំគ្នា​កាន់​ប្លង់​កម្មសិទ្ធិ ជាមួយនឹង​ម្ចាស់​ដី​ឡូត៍ ចុះ​ទៅ​វាស់វែង និង​បោះបង្គោល​រំលោភ​លើ​ដងផ្លូវ​លេខ​១៩៧២ ឲ្យ​បុគ្គល​ម្នាក់ ដែល​ការបោះបង្គោល​នោះ នៅ​កណ្តាលផ្លូវ​ចេញពី​របង​ចាស់ របស់​បុគ្គល​នោះ ប្រវែង​ប្រមាណ​៥​ម៉ែត្រ​។ ការបោះបង្គោល​នោះ បាន​បង្ក​ការផ្ទុះ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ប្រមាណ​១០​គ្រួសារ ដោយ​ស្នើឲ្យ​អាជ្ញាធរ​ខណ្ឌ​ដក​បង្គោល​នោះ​ចេញ ។​

​រហូតដល់ ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៩៧២ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​គ្រួសារ បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី និង​នាំគ្នា​រារាំង​ជា​លើក​ទី​២ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​សែន​សុខ និង​តំណាង​ម្ចាស់​ដីឡូត៍​មួយ​កន្លែង យក​សំណាញ់​លួស បម្រុង​មក​ហ៊ុមព័ទ្ធ​ដី ដែល​កំពុង​មានទំនាស់ ដោយ​ចោទ​ការធ្វើ​របង​នោះ​រំលោភ​យក​ដី​ផ្លូវ​។​

​ចំណែក​ឯការ​ហេតុការណ៍​ផ្ទុះ​ការតវ៉ា​លើក​ទី​១ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​១៩៧២ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​បាន​គេ​ឃើញ​កម្លាំង​សណ្តាប់ធ្នាប់ ស្ថិតនៅ​ក្នុង​ឯកសណ្ឋាន​ដូចគ្នា សស្រាក​ស្រ​ស្រាំ​ណាស់​នៅក្នុង​ការបោះបង្គោល​ព្រំ​ដី​ឲ្យ​បុគ្គល​មាន​អំណា​ចម្នាក់ ដោយ​រំលោភ​យក​ដី​ផ្លូវ​។​

​នៅពេល​ដែល​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ទៅ​វាស់វែង​បោះបង្គោល​នោះ ប្រជាពលរដ្ឋ​ក៏​បាន​នាំគ្នា​រេ​រាំង មិន​ឲ្យ​បោះបង្គោល​នោះទេ និង​ចោទ​អាជ្ញាធរ​ធ្វើ​បែប​នេះ ដើម្បី​តែ​លុយ​តែប៉ុណ្ណោះ ។​

​តាម​ប្រជាពលរដ្ឋ​បាន​ចោទប្រកាន់​ថា ការបោះបង្គោល​របស់​អាជ្ញាធរ​នោះ គឺ​រំលោភ​លើ​ដងផ្លូវ​លេខ​១៩៧២ និង​ពង្រីក​ចេញពី​របង​ព្រំដី​ចាស់​របស់​នៅ​ឡូតិ៍៍​នោះ​ប្រវែង​៥​ម៉ែត្រ​តែ​ម្តង ។ តាម​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា កាលពី​អំឡុង​ឆ្នាំ​២០១០ ប្លង់​ផ្លូវ​ស្ថិតនៅ​ផ្នែក​ខាងជើង ហើយ​គម្រោង​ពង្រីក​ផ្លូវ​ដែល​បាញ់​ថ្នាំ​ស្រាប់​នោះ ផ្នែក​ខាងជើង​ដែរ ស្រាប់តែ​ពេល​នេះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​វាស់វែង​ហើយ បោះបង្គោល​ពង្រីក​ដី​ឲ្យ​បុគ្គល​មាន​អំណា​ចម្នាក់ និង​រំកិល​ផ្លូវ​មក​ផ្នែក​ខាងត្បូង ដោយ​អះអាង​ថា វាស់វែង និង​បោះបង្គោល​តាម​ប្លង់​កម្មសិទ្ធិ​ទៅ​វិញ ។​

​បើ​អាជ្ញាធរ​វាស់វែង​រំកិល​ផ្លូវ​បែបនេះ តើ​ផ្ទះ​របស់​ពួកគាត់​ប្រមាណ​ជាង​១០​គ្រួសារ ដែល​រស់​នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​នោះ ច្បាស់​ជា​ចំ​ផ្លូវ​តែម្តង ។ ប្រជាពលរដ្ឋ ក៏​បាន​បញ្ជាក់ទៀតថា កាលពីមុន​ប្លង់ដី​ឡូតិ៍ ដែល​អាជ្ញាធរ​ចុះ​បោះបង្គោល​នោះ គឺ​ត្រឹម​របង​ចាស់ និង​ត្រឹម​ដើមឈើ ស្រាប់តែ​ពេលនោះ អាជ្ញាធរ​មក​បោះបង្គោល រំលោភ​មក​កណ្តាល​ផ្លូវ​ទៅ​វិញ ។ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ ដល់​សម្តេច​តេជោ​ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍ ឲ្យ​ពួកគាត់​បាន​រស់ និង​កាន់កាប់​នៅលើ​ដី​នេះ ព្រោះ ពួកគាត់​បាន​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ។ ទោះបី​មាន​ការតវ៉ា​រេ​រាំង​យ៉ាងណា​អាជ្ញាធរ​នៅតែ​បោះបង្គោល ឲ្យ​បុគ្គល​នោះ​រហូត​បាន​សម្រេច ។​

​តាម​ប្រធានភូមិ​ពោងពាយ ឲ្យដឹងថា ដី​ឡូតិ៍៍​ដែល​ចុះ​វាស់វែង​នោះ ពីមុន​មាន​ប្លង់រឹង ត្រឹម​ដើមឈើ និង​ត្រឹម​របង​ចាស់ ហើយ​ដី​នៅសល់​ជា​ដី​ផ្លូវ​ពុំ​មាន​ប្លង់​នោះទេ ស្រាប់តែ​មិន​ដឹង​មូលហេតុ​អ្វី ស្រាប់តែ​ពេល​នេះ ដី​ដែល​ទុក​ពង្រីក​ផ្លូវ​នោះ មាន​ប្លង់​ជា​កម្មសិទ្ធិ​របស់​បុគ្គល​មាន​អំណាច​ទៅ​វិញ ។ ដោយឡែក​ដី​ផ្នែក​ខាងមុខ ពី​មុន​គាត់​អនុញ្ញាត​ឲ្យ​សង​ផ្ទះ​តែ​២​ល្វែង នៅសល់​ម្ចាស់​សុំ​ធ្វើ​សំយាប បណ្តោះអាសន្ន បើ​ត្រូវ​ពង្រីក​ផ្លូវ​រុះរើ​ចេញ តែ​ពេល​នេះ បែរជា​មាន​ប្លង់​កម្មសិទ្ធិ​ដែរ ។​

​ទាក់ទិន​ករណីនេះ លោក ម៉ូ​វ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ការដែល​អាជ្ញាធរ​ចុះ​វាស់វែង​តាម​ប្លង់​កម្មសិទ្ធិ​ដែល​ប្រជាពលរដ្ឋ​កាន់កាប់​៩ (L MAP) ដោយ​រក្សា​ផ្លូវ​ទំហំ​១៦​ម៉ែត្រ ទៅ​តាម​ប្លង់​ដែល​បាន​កំណត់​រួចហើយ ។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បណ្តោយ​ខាងត្បូង​ផ្លូវ គឺ​គាត់​កំពុងស្នាក់នៅ​លើផ្លូវ​១៩៧២​តែម្តង ។ លោក​អភិបាល ក៏​បាន​បន្តទៀតថា ផ្លូវ​នេះ​ទំហំ​១៦​ម៉ែត្រ ដែល​ការិយាល័យ​ភូមិបាល ជា​អ្នកជំនាញ​ទៅ​បោះបង្គោល​តាម​ប្លង់ ។ ដូចនេះ​ការបោះបង្គោល​នេះ មិន​បាន​បំពាន​ទៅ​លើ​ផ្លូវ​នោះ​ទេ ។​

​បន្ទាប់​ពី​មាន​ការបោះបង្គោល អាជ្ញាធរ និង​តំណាង​ម្ចាស់​ដី​ឡូតិ៍ បន្ត​នាំ​គ្នា​យក​ដែក​ទៅ​ហ៊ុម​ព័ទ្ធ​ទៀត តែ​ត្រូវ​ប្រជាពលរដ្ឋ​រារាំង​។ ប្រជាពលរដ្ឋ ក៏​បាន​សំណូលពរ ឲ្យមាន​ការដោះស្រាយ ៕ ​ដោយ​ ៖​ រចនា​

spot_img
×