Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ខេត្ត​ព្រះសីហនុ បាប់​ខ្លួន​យុវជន​៣​នាក់ ពី​បទ​ប្រើ​ហិង្សា​វាយ​ជនជាតិ​ចិន ដែល​ដើរ​រញ៉េរញ៉ៃ​ពេញ​ផ្លូវ​ថ្នល់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា មាន​យុវជន​មួយក្រុម បាន​ប្រើ​អំពើហិង្សា​វាយ​ជនជាតិ​ចិន ឱ្យមាន​របួស​ធ្ងន់​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កាលពី​វេលា​ម៉ោង ២ និង ៣០​នាទី​យប់​រំលង​អាធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ នៅ​ចំណុច​ក្រោយ​កាស៊ីណូ យ៉ាឌួ​លី ស្ថិតនៅ​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ពី​បទ​ប្រើ​ហឹង្សា​វាយ​ជនជាតិ​ចិន​។​

​លោកស្នងការ​បញ្ជាក់ថា មូលហេតុ​ដែល​ក្រុម​ជនសង្ស័យ វាយ​ជនជាតិ​ចិន​ព្រោះ ជនសង្ស័យ​គឺជា​ក្រុម​ញៀន​ថ្នាំ ហើយ​ពួកគេ​ខឹង​នឹង​ជនជាតិ​ចិន នៅពេលដែល​ពួកគេ​ជិះ​ម៉ូតូ​តាមផ្លូវ ជនជាតិ​ចិន​ចូលចិត្ត​ដើរ​រញ៉េរញ៉ៃ​ពាសពេញ​ផ្លូវ គ្មាន​សណ្តាប់ធ្នាប់ ពេល​ពួកគេ​ស៊ីប្លេរ​ឱ្យ​ជៀស មិន​ព្រម​ជៀស បែរ​ជា​ស្រែក​លឺៗ ទើប​ពួកគេ​ខឹង​ហើយ​ក៏​វាយ​ទៅលើ​ជនជាតិ​ចិន​ទាំង​នោះ​តែម្តងទៅ​។​

​សមត្ថកិច្ច​នគរបាល​ឱ្យដឹងថា នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​៖

១-​ឈ្មោះ ម៉ៃ ពិ​គា ហៅ គា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

២-​ឈ្មោះ ធី រ៉ា​វៀត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ អ្នក​ក្រឡុក​ស្រា​នៅ​ស៊ី​ហ៊ូ មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

៣-​ឈ្មោះ ផា រិន​ហៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ចំណែក​វត្ថុតាង​ចាប់​យក​បាន​រួម​មាន​៖

– កាំ​ប៉ិត​បុ័ង​តោ​២​ដើម​

– កាំ​ប៉ិត​ច្នៃ​១​ដើម​

– ដែក​ទីប​១​ដើម​

– ញញួរ​ដែក​១​ដើម​

– ទូរស័ព្ទដៃ​៤​គ្រឿង (​ម៉ាក សាម​សុង ពណ៌​ស , ម៉ាក mi ពណ៌ ស​-​ខ្មៅ , ម៉ាក WIKO ពណ៌​ខ្មៅ​-​ទឹក​មាស និង​ម៉ាក អិន​ចុច​ពិល​)​។​

– ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ ៨១៩៦៨៥៧​។​

– ម៉ូតូ​១​គ្រឿង ម៉ាក​ស្មាស់​រិ​វូ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីនៈ ១៤៧៤០៤​។​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឱ្យដឹងថា ចំពោះ​ករណី​ខាងលើនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×