Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហ​មេធាវី​របស់លោក កឹម សុខា ការប្រកាស​ជំហរ​របស់ លោក កឹម សុខា ឯ​កូនស្រី​របស់លោក កឹម សុខា សម្តែង​ការឈឺចាប់​ចំពោះ​បុគ្គល​តិរច្ឆាន​ដែល​ព្យាបាទ​ឪពុក​របស់ខ្លួន​

spot_img

​ភ្នំពេញ​ ៖ សហ​មេធាវី​របស់លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ បានចេញ​សេចក្តីថ្លែងការណ៍​ថា ការប្រកាស​ជំហរ​របស់ លោក កឹម សុខា ដែល​មិន​ទទួលស្គាល់​សន្និសីទ​រប​ស់​ក្រុម​លោក សម រង្ស៊ី នៅ​ទីក្រុង​អា​តា​ឡង់​តា សហរដ្ឋអាមេរិក​នោះ គឺ​មិន​ស្ថិតនៅក្រោម​ការបង្ខិតបង្ខំ​នោះទេ​។​

​ឯ​កូនស្រី​ទាំង​២​នាក់​របស់ លោក កឹម សុខា បាន​សម្តែង​នូវ​ការឈឺចាប់ ចំពោះ​បុគ្គល​តិរច្ឆាន ដែល​ព្យាបាទ​ឪពុក​របស់ខ្លួន តាមរយៈ Facebook ស្រប​ពេលដែល​សមាជិក អតីត​គណបក្សប្រឆាំង​នេះ បានរៀបចំ​សន្និសីទ​នៅ​ទីក្រុង​អា​តា​ឡង់​តា សហរដ្ឋអាមេរិក ដែល​គេ​សង្ស័យថា បង្កើត​រចនាសម្ព័ន្ធ​ក្រុមប្រឆាំង​ថ្មី ឬ​បំបែកបំបាក់​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម​មេធាវី​លោក កឹម សុខា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​យើងខ្ញុំ​ជា​សហ​មេធាវី សូមបញ្ជាក់ថា ទោះជា​ឯកឧត្តម កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ក៏ដោយ​ក៏​ឯកឧត្តម កឹម សុខា នៅតែមាន​សិទ្ធិ​ក្នុង​ការតវ៉ា ការពារ ទាមទារ និង​បដិសេធ នូវ​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់គាត់​។ ឯកឧត្តម កឹម សុខា មាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ឬ​តាមរយៈ​មេធាវី​ស្របតាម​បញ្ញត្តិ​ច្បាប់”​។​

​ក្រុម​មេធាវី បានបញ្ជាក់​បន្ថែមថា​៖ «​យើងខ្ញុំ​ជា​សហ​មេធាវី ដែល​ទទួល​សិទ្ធិ​ការពារ​ក្តី​ជូន ឯកឧត្តម កឹម សុខា គឺ​អនុវត្ត​ស្របតាម​ក្របខណ្ឌ​វិជ្ជាជីវៈ តាម​ឆន្ទៈ​កូនក្តី និង​មានការ​ទទួលខុសត្រូវ​។ ក្នុងករណី​យើងខ្ញុំ​ជា​សហ​មេធាវី បំពេញបេសកកម្ម​ណាមួយ ដោយ​បំពាន​ឆន្ទៈ​របស់ ឯកឧត្តម កឹម សុខា ដែលជា​កូនក្តី គាត់​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​បញ្ឈប់​បេសកកម្ម​យើងខ្ញុំ​ជា​មេធាវី បាន​គ្រប់ពេលវេលា​។ បច្ចុប្បន្ន​យើងខ្ញុំ​នៅតែ​ជា​សហ​មេធាវី​ការពារ​ក្តី​ជូន ឯកឧត្តម កឹម សុខា ដដែល​»​។​

​សូមបញ្ជាក់ ថា លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​នេះ បានចេញ​មុខការ​ពារ​មេធាវី​របស់ខ្លួន ពី​ការវាយប្រហារ​របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី ដោយ​អះអាងថា លោក​មាន​សិទ្ធិ​ឲ្យ​មេធាវី​នាំពាក្យ និង​បង្ហាញ​ពី​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់លោក ស្របតាម​ច្បាប់​ដែល​បាន​បញ្ញត្តិ​។​

​កញ្ញា កឹម សម្មា​ធីតា កូនស្រី​ពៅ​របស់ លោក កឹម សុខា បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់​នាង នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ថា “​ប្រវត្តិសាស្ត្រ​នឹង​កត់​ត្រាទុក​ឈ្មោះ អ្នក​ដែល​ចូលរួម​បំផ្លាញ​កម្លាំង​តស៊ូ​របស់​អ្នកស្នេហាជាតិ​”​។ ជាមួយគ្នានេះ​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់ លោក កឹម សុខា ក៏បាន​ចែករំលែក​នូវ​សារ​រប​ស់​ប្អូន​នាង ហើយ​សរសេរថា «​មិនមែនជា​លើក​ទី​១​ទេ ដែល​បុគ្គល​តិរច្ឆាន​នេះ ព្យាបាទ លោក កឹម សុខា តែ​គេ​នឹង​បន្ត​បរាជ័យ​ទៀត​”​។​

​សារ​កូនស្រី​ទាំងពីរ​របស់ លោក កឹម សុខា នេះ បានធ្វើឱ្យ​មហាជន​ជាច្រើន​ជឿជាក់ថា គឺជា​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ លោក សម រង្ស៊ី និង​បក្ខពួក ដែល​កំពុង​រៀបចំ​សន្និសីទ​នៅឯ​ទីក្រុង​អា​តា​ឡង់​ សហរដ្ឋអាមេរិក ដើម្បី​បំបែក​ក្រុម​អតីត​គណបក្សប្រឆាំង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សន្និសីទ​នេះ ពុំមាន​ការចូលរួម​ពី​មនុស្ស​ជំនិត​របស់លោក កឹម សុខា នោះឡើយ​៕ ​ដោយ​៖​រចនា​

spot_img
×