Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន​៖ ចលនា​២​ធ្នូ មិន​ត្រឹមតែ​បង្ហាញ​ពី​ការលះបង់ ពលី​កម្ម តស៊ូ ស្នេហា​ជាតិ​ទេ តែ​ជា​កញ្ចក់ ជា​មេរៀន សម្រាប់​កម្ពុជា កុំ​ឲ្យ​ធ្លាក់​ក្នុង​សង្គ្រាម​ទៀត​

spot_img

​ក្រចេះ ​៖ សម្តេច​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងថា “​បើទោះបី​ត្រូវ​លះបង់​ក្នុងតម្លៃ​ណាក៏ដោយ គឺ​យើង​មិនអាច​ទុក​ឱកាស ឱ្យ​ក្រុម​ប្រតិកិរិយា បំផ្លិចបំផ្លាញ​សមិទ្ធផល​ទាំងឡាយ ដែល​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន​នាពេល​កន្លងមក​បានឡើយ​។ ហេតុនេះ ចូរ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ជាតិ យើង​” ។​

រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​៤០ ថ្ងៃ​បង្កើត​រណសិរ្ស​យ៉ាង​ឱឡារិក នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ស្ថាបនិក​រណសិរ្ស ដោយមាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចូលរួម​ប្រមាណ​៣​ម៉ឺន​នាក់​។​

​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានកកើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី ប្រជាជន​ទាំងមូល ដែលមាន សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​វីរៈ​ស្នេហា​ជាតិ​ផ្សេងទៀត​ជា​ថ្នាក់ដឹកនាំ​។ រណសិរ្ស​២​ធ្នូ​បាន​ជួយ​រំដោះប្រជាជន និង​ប្រទេស​កម្ពុជា ចេញពី​រណ្តៅ​មរណៈ​នៃ​របប​ប៉ុលពត នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ ពិធី​ប្រារព្ធ​ខួប​៤០​ឆ្នាំ​ថ្ងៃ​បង្កើតរ​ណ​សិស្ស បានរៀបចំ​ធ្វើឡើង​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ ភូមិ​ជើង​ឃ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ កន្លែង​ដែល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បានកកើតឡើង​កាលពី​៤០​ឆ្នាំមុន​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នេះ គឺ​ក្នុង​ស្មារតី​រំលឹក​ការចងចាំ​ជានិច្ច​នូវ គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​បូជា សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​

​សម្តេច​បាន​រំលឹកថា “​អ្នក​សេ្ន​ហា​ជាតិ​ដ៏​បរិសុទ្ធ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់​នៃ​របប​ប៉ុលពត បាន​ក្រោកឈរ​តស៊ូ ប្រកបដោយ​វីរភាព​អង់អាច​ក្លាហាន ប្រឆាំងនឹង​របប​ខ្មែរក្រហម ហើយ​បាន​រួមគ្នា​បង្កើត “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​” នៅ​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨​។ ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ​ទាន់ពេលវេលា ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ផង ចលនា​តស៊ូ​២​ធ្នូ បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុលពត នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។​

​សម្តេច​បាន​មានប្រសាសន៍​បន្តថា “​ប្រវត្តិសាស្ត្រ​មិនមែនជា​ការនិពន្ធ​ទេ ប៉ុន្តែ​គឺជា​អ្វីៗ​ដែលមាន​ពិត និង​មិនអាច​ប្រកែក​បានឡើយ​”​។ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ចំពោះ​ការរស់រានមានជីវិត​ឡើងវិញ ប៉ុន្តែ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ ផល​លំបាក​រាប់ម៉ឺន​ជំពូក​។ “​យើង​បាន​កសាង​អភិវឌ្ឍន៍​កម្ពុជា​ពី​បាតដៃ​ទទេ​។ ដៃ​ម្ខាង​កសាង​ជាតិ ដៃ​ម្ខាង​ការពារ​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍​វិលត្រឡប់​មកវិញ​។កម្ពុជា​ដ៏​ក្រីក្រ បំផុត ថែមទាំង​ត្រូវ​ទទួលរង​នូវ​ការហ៊ុមព័ទ្ធ ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាង​អយុត្តិធម៌​ថែមទៀត ពី​សំណាក់​ប្រទេស​មួយចំនួន ដែល​បាន​រួមគ្នា ប៉ុនប៉ង​កម្ចាត់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ទៀត​”។​

​សម្តេច​សង្កត់ធ្ងន់ថា “​ទម្រាំ​មាន​ថ្ងៃនេះ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​។ យើង​បាន​យកអាយុ​ជីវិត​ប្តូរ​នឹង​សេចក្តីសុខ​របស់​ប្រជាជន និង​ការរីកចម្រើន​ប្រទេសជាតិ​”​។​

​ទោះយ៉ាងណា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានលើកឡើង​បន្ថែមថា ឆ្លងកាត់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​នយោបាយ​ឈ្នះ​-​ឈ្នះ ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ កម្ពុជា​បាន​ស្មើមុខស្មើមាត់​ជាមួយ ពិភពលោក​។ អន្តរជាតិ​បាន​បង្កើន​ចំណង​សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ប្រធាន​ស្ថាបនិក​រណសិរ្ស​២​ធ្នូ បាន​លើកឡើងថា កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់​លើ​មាគ៌ា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ដែលជា បុ​រេ​លក្ខខណ្ឌ​ដ៏​ចាំបាច់ ក្នុងការ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច ការលើកកម្ពស់​ជីវភាព​រស់នៅ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរឡើង​។ កម្ពុជា​កំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច គឺ​ពី​ប្រទេស​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​តាមបែប​យថាផល​ទៅជា​កសិឧស្សាហកម្ម ឧស្សាហកម្ម និង​សេវាកម្ម​។ “​កម្ពុជា​បានប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​កំពុង​បន្តធ្វើ​ដំណើរ​ឆ្ពោះ​ទៅជា​ប្រទេស​មាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០”​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​បាន​បន្ថែមថា ស្មារតី​២​ធ្នូ ក៏ដូចជា​ស្មារតី​៧​មករា​ដែរ តែង​បាន​ចារឹក​ជាប់​ក្នុង​មនសិការ​របស់​ប្រជាជន​គ្រប់រូប និង​បានប្រែក្លាយ ទៅជា​កម្លាំង​យ៉ាង​ធំធេង ក្នុងការ​បង្កើតឡើង​នូវ​សម​ទ្ធិ​ផល​ធំៗ​នៃ​សង្គមជាតិ​។ ក្រោម​ពន្លឺ​សុខសន្តិភាព សេរីភាព និង​ក្នុង​ជំហរ​ក្តាប់ជាប់​នូវ​ជោគវាសនា របស់​ខ្​
​លួ​ន កម្ពុជា​ជឿជាក់ថា​នឹង​គ្មាន​ការកើតឡើង​ជាថ្មីទៀត នូវ​សោកនាដកម្ម​ដូច​ក្នុង​អតីតកាល​ឡើយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា “​យើងទាំងអស់គ្នា​ចងចាំ​ជានិច្ច​ថា ថ្ងៃទី​២​ធ្នូ ១៩៧៨ មិន​ត្រឹមតែ​ជា​ថ្ងៃ​ដែល​កម្ពុជា បោះជំហាន​ចេញពី​ភាពហិនហោច​ខ្លោចផ្សា​នោះទេ និង​មិន​ត្រឹមតែ​បានបង្ហាញ​ពី​ស្មារតី​លះបង់ និង​ការរួបរួម​កម្លាំង​អ្នកតស៊ូ​ស្នេហា​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​២​ធ្នូ ១៩៧៨ ក៏បាន​ក្លាយទៅជា​កញ្ចក់​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​ផងដែរ សម្រាប់​កម្ពុជា​យក​ធ្វើជា​មេរៀន ក្នុង​ការដឹកនាំ​ប្រទេសជាតិ កុំ​ឲ្យ​ភ្លាំងភ្លាត់​ធ្លាក់ ក្នុង​អន្លង់​ប្រវត្តិសាស្ត្រ​នៃ​នរក​អ​វចី​ជាថ្មីទៀត​។​

​សូមជម្រាបថា ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​៤០​ឆ្នាំ​ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បានរៀបចំ​ឡើង​ក្រោម​បរិយាកាស​សប្បាយរីករាយ និង​ស្និទ្ធស្នាល​ជាទីបំផុត រវាង​យុវជន​ស្នេហា​ជាតិ​សម័យមុន និង​យុវជន​សម័យ​បច្ចុប្បន្ន​។ ជា​ផ្នែក​មួយ​ចូលរួម​អបអរសាទរ​ថ្ងៃ​បង្កើត​រណសិរ្ស​២​ធ្នូ​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលមាន លោក ហ៊ុន ម៉ា​នី ជា​ប្រធាន បានរៀបចំ​ព្រឹត្តិការណ៍​ដើរ “៤០​គីឡូម៉ែត្រ​ទៅកាន់​ប្រវត្តិសាស្ត្រ​”​។ ជា​ព្រឹត្តិការណ៍​ដែល​យុវជន​ជាង​៨០០​នាក់ ធ្វើ​សកម្មភាព​ដើរ​ដោយ​ថ្មើរជើង​រយៈពេល​២​ថ្ងៃ ដោយ​ដើរ​កាត់ទឹក ឆ្លង​ព្រៃ ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ស្វែងយល់ ពី​ដំណើរ​តស៊ូ​របស់​យុវជន​សម័យមុន​។ ព្រឹត្តិការណ៍​នេះ បានធ្វើ​ពីថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ ដោយ​ចុងបញ្ចប់​ជួបជុំគ្នា​នៅ​វិមាន​អនុស្សាវរីយ៍​២​ធ្នូ តែម្តង ។​

​នៅក្នុង​ឱកាស​ខួប​លើក​ទី​៤០​ឆ្នាំនេះ សម្តេច​ប្រធាន​ស្ថា​និក​រណសិរ្ស​២​ធ្នូ ក្រៅពី​បានលើកឡើង​ពី​ប្រវត្តិ​អតីតកាល ការលះបង់​របស់​វីរជន​ស្នេហា​ជាតិ សម្តេច​ក៏​មិន​ភ្លេច​លើកឡើង​ពី​ការជួយ​គាំទ្រ​ដល់​កម្ពុជា​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ​នោះដែរ​។ សម្តេច​បាន​គូសបញ្ជាក់ថា “​ក្នុងនាម រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខ្ញុំ​សូម​សម្តែង​ការគោរព និង​ដឹងគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ និង​សហគមន៍ អ្នកផ្តល់ជំនួយ​ទាំងឡាយ ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ស្មោះសរ​ចំពោះ​បុព្វហេតុ​ដ៏​យុត្តិធម៌​របស់​ប្រជាជន​កម្ពុជា តាំងពី​ក្នុងដំណាក់កាល​រំដោះ​រហូត មកដល់​បច្ចុប្បន្ននេះ​។ យើងខ្ញុំ​សង្ឃឹម​ជឿជាក់ថា សហគមន៍​អន្តរជាតិ​នឹង​បន្ត​ផ្តល់​វិភាគទាន​ដ៏​ថ្លៃថ្លា​ថ្មីៗ​ថែមទៀត ដើម្បី​រួមចំណែក​ពង្រឹង​បុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​នៅ​កម្ពុជា​”​។​

​ជា​អ្នក​ដែល​បាន​បូជាជីវិត និង​ពេលវេលា​ដើម្បី​ជាតិ សម្តេច​ប្រធានរដ្ឋសភា មិន​ចង់ឃើញ​ប្រទេសជាតិ​មាន​សង្គ្រាម​ទៀត​ទេ ដូច្នេះ​សម្តេច​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ពិសេស​យុវជន​កម្ពុជា​ទាំងអស់​ចងចាំ​ថា សន្តិភាព​គឺជា​កត្តា​មូលដ្ឋានគ្រឹះ ដើម្បី​ធានា​ដល់​ដំណើរ​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សមធម៌ និង​ធានា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត ប្រកបដោយ​កិត្តិយស​របស់​ប្រជាជន​យើង​។ បើ​យើង​បាត់បង់​សន្តិភាព នោះ​យើង​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។ ម្យ៉ាងទៀត ទម្រាំ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​កើតមាន​ដូច ពេលនេះ គឺ​យើង​បាន​ឆ្លងកាត់​អស់​រាប់​សតវត្សរ៍​នូវ​រឿងរ៉ាវ​មហាទុក្ខ​សោក​វេទនា​ជាទីបំផុត ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×