Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមយុវជន និង​សកម្មជន​បរិស្ថាន ទាមទារ​ឱ្យ​អាជ្ញាធរ បកស្រាយ​ឱ្យបាន​ច្បាស់លាស់ ជុំវិញ​ចំណាត់ការ​របស់​ខ្លួន លើ​ករណី​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​

spot_img

​ភ្នំពេញ​ ៖ អង្គការ​ខុមហ្វ្រែល (COMFREL) នៅ​ថ្ងៃ​ទី​៣​ខែ​ធ្នូ​នេះ បាន​សរសេរ​លើ​ផេក​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា ក្រុមយុវជន និង​សកម្មជន​បរិស្ថាន ទាមទារ​ឱ្យ​អាជ្ញាធរ បកស្រាយ​ឱ្យបាន​ច្បាស់លាស់ ជុំវិញ​ចំណាត់ការ​របស់​ខ្លួន លើ​ករណី​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង បន្ទាប់ពី​ពួកគេ​សង្កេតឃើញថា តំបន់​នេះ មិនទាន់​ត្រូវបាន​កាយ​ដី​ចេញ និង​ស្ដារ​បរិស្ថាន ឱ្យ​ល្អ​ដូចដើម​វិញ នៅឡើយ​ទេ​។

​អង្គការ​ខុមហ្វ្រែល បាន​ផ្សាយ​ថា ម្យ៉ាងវិញទៀត ពួក​គេ​ចង់​ឱ្យ​អាជ្ញាធរ អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ទៅលើ​ភាគី​ក្រុមហ៊ុន ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ចាក់ដី​លុប​ឆ្នេរ​ធម្មជាតិ ដើម្បី​ជា​ការព្រមាន កុំឱ្យ​ករណីនេះ កើត​មាន​សា​ជា​ថ្មី​ទៀត​។ មន្ត្រី​សិទ្ធិមនុស្ស អះ អាងថា នឹង​ដាក់​បណ្ដឹង​បរិហារ ករណី​នេះ​ទៅ​តុលាការ ជុំវិញ​ការ​បណ្ដែតបណ្ដោយ របស់​អាជ្ញាធរ ឱ្យ​មាន​បទល្មើស​កើតឡើង ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ហើយ​មិន​មាន​ចំណាត់ការ​លើ​ជនល្មើស​។​

​ក្រុម​យុវជន​ដែល​បាន​ចុះ ទៅដល់​ទីតាំង​ឆ្នេរ​ព្រែកត្រែង ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ ៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ កាលពី​ពេល​ថ្មីៗ​នេះ អះអាងថា ដី​ឆ្នេរ​ដែល​ត្រូវ​បាន​ចាក់​លុប​នោះ មិនទាន់​មាន​ការកាយ​ដី​ចេញ និង​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ តាម​លក្ខណៈ​ដើម​វិញ​នៅ​ឡើយ​ទេ​។ លើសពីនេះ ពួក​គេ​អះអាង​ថា ភាគី​ក្រុមហ៊ុន ថែម​ទាំង​កំពុង​សាងសង់ របង​ថ្ម​ព័ទ្ធជុំវិញ​បរិវេណ ដែល​ត្រូវបាន​ចាក់ដី​លុប​នោះ​ទៀត​ផង​។​

​ក្នុង​វីដេអូ​រយៈពេល​ជាង ២ នាទី ដែល​ត្រូវ​បាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក (Facebook) កាលពី​ថ្ងៃ​ទី​១ ធ្នូ ក្រុមយុវជន​សម្តែង​ការខកចិត្ត នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ពាក់ព័ន្ធ និង​បាន​ចាត់ទុក​វិធានការ​លើ​រឿងនេះ​ថា គ្រាន់តែ​ជា​ការបន្លំ​ភ្នែក​សាធារណជន​ប៉ុណ្ណោះ​។ ពួក​គេ​ទាមទារ​ឱ្យ​អាជ្ញាធរ ដោះស្រាយ​រឿង​នេះ​ឱ្យបាន​ត្រឹមត្រូវ បើ​ពុំ​ដូច​ច្នេះ​ពួកគេ​នឹង​បន្ត​លាតត្រដាង​ពី​ភាព​អសកម្ម​ជុំវិញ​រឿង​នេះ​តទៅទៀត​៖ “​ពួក​ខ្ញុំ​ទាំងអស់គ្នា​ជា​យុវជន​ពិតជា​មាន​ការសោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​អាជ្ញាធរ​ក្រុង ព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ពិតជា​អសមត្ថភាព​ក្នុង​ការដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​។ បច្ចុប្បន្ន​យើង​ឃើញថា ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​កាយ​ដី​ចេញ​ទាំងអស់​នោះ​ទេ ថែម​ទាំង​កំពុង​សាងសង់​របង​ថ្ម​ជុំវិញ​ដី​ដែល​បាន​ចាក់​រួច​ហើយ​ទៀតផង​។ ខ្ញុំ​ពិតជា​មិន​ពេញចិត្ត​ចំពោះ​ការចាក់ដី​លុប​ឆ្នេរ​មួយ​នេះ​សោះ​។ ពួក​ខ្ញុំ​សង្ឃឹមថា អាជ្ញាធរ​គួរតែ​បញ្ចប់​វិធីសាស្ត្រ​ដែល​ធ្វើ​ការបន្លំ​ភ្នែក​សាធារណជន​ទៀត​ទៅ គួរតែ​មាន​វិធីសាស្ត្រ​ចាត់ការ​តាម​ផ្លូវច្បាប់​ទៅ​លើ​ក្រុមហ៊ុន​មួយ​នេះ​ឱ្យ​ធ្វើ​ការកាយ​ដី​ចេញ និង​សម្អាត​ឆ្នេរ​ឱ្យ​ស្រស់ស្អាត​ឡើង​វិញ​”​។​

​បើ​តាមផេក​ហ្វេស​ប៊ុក Bunrong បាន​លើកឡើង​ថា “​តើ​ការ​លុប​ឆ្នេរ​ព្រែកត្រែង​ពិតជា​បាន​ដោះស្រាយ​ពិតមែន ឬទេ​? បើទោះបីជា​មាន​ចំណា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ការចុះ​អន្តរាមគ​ន៍ ដោយ​ផ្ទាល់​ពី​ថ្នាក់ដឹកនាំ​មួយចំនួន ចំពោះ​ក្រុមហ៊ុន​លោកស្រី ជ្រឹង សុភាព ហៅ​យាយ​ភូ​កន្លងមក​។ ប៉ុន្តែ​ជាក់ស្តែង​ក្នុង​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំទូក មាន​យុវជន​មួយ​ក្រុម​បាន​ចុះ​ទៅ​ទីតាំង​លុប​ឆ្នេរ​ព្រែកត្រែង បង្ហាញ​ថា​ឆ្នេរ​ព្រែកត្រែង ក្រុមហ៊ុន​មិន​ត្រឹមតែ​មិន​បាន​កាយ​ដី​ចេញ​វិញ​ទេ ថែមទាំង​សាងសង​របង​ថ្ម​ព័ន្ធ​ជុំវិញ​ដី​ដែល​បាន​ចាក់​លុប​រួច​។ តើ​អាជ្ញាធរ​ក្រុងព្រះសីហនុ និង​ថ្នាក់ដឹកនាំ​ពិតជា​អសមត្ថភាព​ក្នុង​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​លុប​ឆ្នេរ​មួយ​នេះ​ពិតមែន ឬទេ​?”​។​

​សូមបញ្ជាក់​ថា លោក​ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ដែលមាន​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជា​ប្រធាន កំពុង​តែ​ពិនិត្យ និង​ចាត់វិធានការ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង នៅ​ខេត្ត​ព្រះសីហនុ​។​

​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ក្រុមហ៊ុន​ដែល​កំពុង​អភិវឌ្ឍ​នៅ​តំបន់ឆ្នេរ​ព្រែកត្រែង​កំពុង​តែ​បំពាន​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ឆ្នេរ ដែល​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ ដោយ​អនុញ្ញាត​ឲ្យ​គម្រោងអ​ភិ​វឌ្ឍន៍​នៅ​តំបន់ឆ្នេរ ត្រូវ​មាន​ចម្ងាយ​យ៉ាងហោចណាស់​១០០​ម៉ែត្រ ឬ​ឆ្ងាយ​ជាង​នេះ​។​

​លោក​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់ថា គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ កំពុង​តែ​ពិនិត្យ​អំពី​ទិដ្ឋភាព​ច្បាប់​ជុំវិញ​ករណី​នេះ ហើយ​អាច​ឈាន​ទៅ​កំណត់​ឲ្យ​ក្រុមហ៊ុន​ខាងលើ កាយ​ដី​ចេញពី​តំបន់​ដែល​បាន​ចាក់​លុប ឬ​អនុវត្ត​វិធានការ​ច្បាប់​ជា​បន្ដបន្ទាប់ ព្រោះ​រាជរដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នោះ បំផ្លាញ​ឆ្នេរ​ដ៏​ស្រស់ស្អាត និង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​នោះទេ​។​

​លោក​ក៏​បានឲ្យ​ដឹង​ដែរថា តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ស្ថិត​ក្នុង​គម្រោង​ធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុង​តែ​រៀបចំ​ធ្វើ​ផ្លូវ​នៅតាម​តំបន់ឆ្នេរ​បន្ថែមទៀត ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ដ ពី​សំណាក់​ភ្ញៀវទេសចរ​ផង​ដែរ។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ធ្លាប់​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ដែល​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​នេះ មិនមែន​ជា​ក្រុមហ៊ុន​របស់​ចិន​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ខ្មែរ​។ ក្រុមហ៊ុន​ដែល​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង នៅ​ខេត្ត​ព្រះសីហនុ គឺជា​ក្រុមហ៊ុន​របស់ លោកស្រី ជឹង សុភាព ហៅ​យាយ​ភូ​។​

​ឆ្នេរ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ក្លាយជា​កន្លែង​ស្រូប​ទាញ​ភ្ញៀវទេសចរ​ដ៏​មាន​សក្តានុពល​នាពេល​បច្ចុប្បន្ន​។ របាយការណ៍​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរជាតិ​ប្រមាណ ៧៤​ម៉ឺន​នាក់ កើន ១៥%​។ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ ២.៣៨៥.៧៥៣​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន ២.០៥២.៣១៧​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន ៣៣៣.៤៣៦​នាក់ កើន ១៦,៣៧%​។​

​តាម​ការព្យាករណ៍ តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ទាំងមូល​អាច​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ២​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិ​ប្រមាណ ៦​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​នៅ​ឆ្នាំ​២០៣០ អាច​ទទួលបាន​ទេសច​រ​អន្តរជាតិ​ប្រមាណ ៣​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិ​ប្រមាណ ៨​លាន​នាក់​។​

​ដោយ​មើលឃើញ​ពី​សក្តានុពល​នេះ លោក​ថោង ខុន អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មាន​ចំណាត់ការ​ឲ្យបាន​តឹង​រឹង​ក្នុង​ការថែរក្សា​ឆ្នេរ​សមុទ្រ​នេះ កុំឲ្យ​មាន​ការសាងសង់​រំលោភ និង​ទន្ទ្រាន​ផ្សេងៗ​៕​ ​ដោយ ​៖ ​រចនា​

spot_img
×