Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ត្រូវ​យល់​លើ​បញ្ហា ដែល​មិន​ទៅ​ទន្ទ្រាន​ចាប់យក​ដី​នៅ​តំបន់​ប្រាសាទ ព្រោះ​ខុស​នឹង​ច្បាប់​របស់​យូណេស្កូ ដែល​អាច​នាំឲ្យ​គេ​ដកចេញ ពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​

spot_img

​សៀមរាប ​៖ ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ប្រសិនបើ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ លើ​ដី​បរិវេន​សម្បត្តិ​បេតិកភណ្ឌ គឺ​ខុស​នឹង​ច្បាប់​របស់​យូណេស្កូ ដែល​អាច​នាំឲ្យ​គេ​ដកចេញ ពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ តែ​ហាមឃាត់​ប្រជាពលរដ្ឋ​គេ​ថា រំលោភ​សិទ្ធិ​តាំង​ទីលំនៅ​របស់​ពលរដ្ឋ ប្រជាពលរដ្ឋ​ត្រូវ​នឹង​យល់​លើ​បញ្ហា​នេះ ដោយ​មិន​ទៅ​ទន្ទ្រាន​ចាប់យក​ដី​នៅ​តំបន់​ប្រាសាទ​នោះទេ​។​

​នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ កម្មវិធី​អបអរ​ខួប ២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ​សម្របសម្រួល​ការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ចាប់ផ្តើម​ជា​ផ្លូវការ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី Audrey AZOULAY អគ្គនាយិកា​យូណេស្កូ​។​

​ក្នុង​ពិធី​នេះដែរ ក៏​មាន​ការចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់ តំណាង​ក្រសួង​ការបរទេស​ជប៉ុន និង​តំណាង​ក្រសួង​វប្បធម៌​បារាំង ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ អ្នកជំនាញ​ជាតិ​ជាតិ​-​អន្ដរជាតិ និង​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៦០០​នាក់​។​

​មុន​ចាប់ផ្តើម​កម្មវិធី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ជួប​សវន​ការ​ជាមួយ លោកស្រី Audrey AZOULAY អគ្គនាយិកា​យូណេស្កូ លោក Manabu MIYAGAWA អនុ​រដ្ឋមន្ដ្រី និង​ជា​អគ្គនាយក​ទទួលបន្ទុក​កិច្ចការ​វប្បធម៌ នៃ​ក្រសួង​ការបរទេស​ជប៉ុន លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង តំណាង​ក្រសួង​វប្បធម៌​បារាំង លោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូត​ជប៉ុន សហប្រធាន​នៃ អាយ​ស៊ី​ស៊ី​-​អង្គរ និង​គណៈប្រតិភូ​មួយ​ចំនួន​ទៀត​។​

​ការចូលរួម​របស់​គណៈប្រតិភូ​ទាំងអស់ បង្ហាញឱ្យឃើញ​ពី​ការគាំទ្រ​យ៉ាង​រឹងមាំ ក៏ដូចជា​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ចំពោះ​កិច្ច​ការពារ និង​លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​បេតិកភណ្ឌ​ពិភពលោក​។ គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ គឺជា​យន្តការ​អន្ដរជាតិ​ដើម្បី​គៀងគរ​ធនធាន​ថវិកា ជំនាញ​បច្ចេកទេស និង​ធនធានមនុស្ស ពី​សហគមន៍​អន្ដរជាតិ ដើម្បី​ធ្វើ​ការជួស ជុល អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​នានា ក៏​ដូចជា​ការអភិវឌ្ឍ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ ដែល​មាន​ភាព​ធំធេង និង​ត្រូវការ​ធនធាន​ច្រើន​ដើម្បី​អនុវត្ត​កាតព្វកិច្ច​នេះ​។ ក្នុង​ដំណើរការ​របស់​ខ្លួន គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ បាន​រៀបចំ​កិច្ចប្រជុំ​បច្ចេកទេស​ចំនួន ៣១​ដង និង​កិច្ចប្រជុំពេញអង្គ​ចំនួន ២៥​ដង​រួចមកហើយ ហើយ​ដែល​ថវិកា​រាប់រយ​លាន​ដុល្លារ​ត្រូវបាន​ប្រើប្រាស់ និង​អ្នកជំនាញ​បច្ចេកទេស​ជាតិ​រាប់រយ​នាក់ បានទទួល​ការបណ្ដុះបណ្តាល និង​បន្ដវេន​យ៉ាងរឹងមាំ ដើម្បី​ធានា​នូវ​ការអភិរក្ស​ប្រកបដោយ​ចីរភាព​នៃ​តំបន់​អង្គរ​។​

​ជា​សក្សី​ភាព​នៃ​ការ​ជោគជ័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌ លោកជំទាវ Audrey AZOULAY អគ្គនាយិកា​យូណេស្កូ បាន​ប្រគល់​វិញ្ញាបនបត្រ​ការចុះបញ្ជីលោ្ខ​ន​ខោល វត្ត​ស្វាយ​អណ្ដែត ជា​តំណាង​ល្ខោនខោល​នៃ​កម្ពុជា ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្ស​ជាតិ​កាលពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នា​ទីក្រុង​ព័​រល្វី នៃ​សាធារណរដ្ឋ ម៉ូ​រី​ស ដល់​សម្ដេច​អគ្គមហា សេនាបតី​តេជោ ហ៊ុន សែន ដែល​នេះ​ជា​មោទនភាព​ដ៏​ឧត្ដុងឧត្តម​របស់​កម្ពុជា​ទាំងមូល​។ ជាមួយគ្នានេះដែរ សម្ដេច​អគ្គមហា សេនាបតី​តេជោ ហ៊ុន សែន បាន​ធ្វើ​ការបំពាក់​មេដាយ​និមិត្តរូប​ជូន​ឥស្សរជន​អន្ដរជាតិ ដែល​បាន​លះបង់​កម្លាំងកាយ​ក​ចិត្ត​ក្នុង​បុព្វហេតុ​អ​ភ​រិក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​។

​ជាមួយនឹង​ទស្សនទាន និង​ការចែករំលែក​បទពិសោធ​ន៍​ជាច្រើន ដែល​កម្ពុជា​ឆ្លងកាត់​នា​អតីតកាល សម្ដេច​អគ្គមហាសេនាបតី​តេជោ ក៏​បាន​បង្ហាញ​អំពី​ការ​តាំងចិត្ត និង​សុ​ឆន្ទៈ​ដ៏​មោះមុត និង​ត្រៀម​ខ្លួន​ចូលរួម​ជា​និច្ច​ជាមួយ​រាល់​ដៃគូ​សហប្រតិបត្តិកា​រ​អន្ដរជាតិ​ទាំងអស់ ក្នុង​ការថែរក្សា​មរតក​ដូនតា​ដែល​ជា​មរតក​មនុស្សជាតិ​។ ក្នុង​ការងារ​នេះ​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេជោ ក៏​បាន​រម្លឹក​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ចូលរួម​ធ្វើ​យ៉ាងណា​លើក​តម្លៃ​បេតិកភណ្ឌ​ជាតិ​ឱ្យបាន​គង់វង្ស និង​សិ្ថត​ស្ថេរ​ជា​និរន្តរ៍​។

​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើង​ថា ស្មារតី និង​យន្តការ អា​យ ស៊ី ស៊ី​-​អង្គរ នឹង​ស្ថិតស្ថេរ​យូរអង្វែង​តទៅទៀត ហើយ​ក៏​នឹង​ក្លាយ​ជា​មោតនភាព និង​ជា​គម្រូ​សម្រាប់​គ្រប់​យន្តការ​អន្តរជាតិ​នានា ក្នុង​កិច្ចការ​ការពារ​បេតិកភណ្ឌ​ពិភពលោក​។ ការ​ប្រារព្ធ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត អា​យ ស៊ី ស៊ី​-​អង្គរ នាពេលនេះ ក្នុង​គោល​ដំណង​រម្លឹក​ឡើងវិញ នូវ​ការប្តេជ្ញាចិត្ត​របស់​យើងទាំងអស់គ្នា កាលពី​២៥​ឆ្នាំមុន ក៏ដូចជា​បង្ហាញ​ពី​ភាព​ជោគជ័យ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ ទទួល​បាន​ដោយ​ជំនៈនូ​វ​បញ្ហា​ប្រឈម​នានា ដែល​ជួបប្រទះ​នា​ពេលកន្លងមក ហើយ​ដែល​នឹង​បន្ត​ដោះស្រាយ ជាមួយ​គ្នា​ទៅ​តាម​មាគ៌ា ដែល​បាន​ត្រួសត្រាយ​ឱ្យបាន​សម្រេច​គោលដៅ​នៅពេល​ខាងមុខ​។​

​លោក ភឿង សកុណា បាន​បន្តថា កាលពី​២៥​ឆ្នាំមុន បន្ទាប់​ពី​រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ក្រោម​ព្រះរាជ​តម្រិះ​ដ៏​ថ្លៃថ្លា បំផុត​នៃ​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា​ឯករាជ្យ​ជាតិ និង​ជា​ព្រះ​បរម​រតន​កោដ្ឋ ហើយ​យន្តការ​អាយ​ស៊ី​ស៊ី​-​អង្គរ ត្រូវបាន​បង្កើតឡើង​ភ្លាមៗ បន្ទាប់​ពី​សន្និសីទ​អ​​ន្ត​ររដ្ឋាភិបាល ស្តី​ពី​អង្គរ លើក​ទី​១ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​គណៈកម្មាធិការ​នេះ គឺជា​យន្តការ​អន្តរជាតិ ដើម្បី​គៀងគរ​ធនធាន​ថវិកា ជំនាញ​បច្ចេកទេស និង​ធនធានមនុស្ស ពី​សហគមន៍​អន្តរជាតិ ដើម្បី​ធ្វើ​ការជួសជុល អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​នានា ក៏​ដូចជា​ការអភិវឌ្ឍ​រមណីយដ្ឋាន បេតិកភណ្ឌ​ពិភពលោក​អង្គរ ដែល​មាន​ភាព​ធំធេង និង​ត្រូវការ​ធនធាន​ច្រើន​ដើម្បី​អនុវត្ត​កាតព្វកិច្ច​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​មន្ត្រី​អាជ្ញាធរ​អប្សរា​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អន្តរជាតិ ដើម្បី​ថែរក្សា និង​គាំពារ​ប្រាសាទ​អង្គរ និង បាន​ឧទ្ទិស​សមិទ្ធផល​ពី​ការថែរក្សា និង​គាំពារ​ប្រាសាទ​នេះ ទៅ​ដល់​សម្តេច​វិបុល​បញ្ញា សុខ អាន និង​ស្ថាបត្យករ​ល្បាញ​ល្បី​របស់​កម្ពុជា លោក វណ្ណ មូលី​វណ្ណ និង​បាន​ស្នើ​អ្នកចូលរួម​ទាំងអស់​ក្រោកឈរ​ស្មឹង​ស្មាធិ៍​គោរព​ដល់​វិញ្ញាណ​ដល់​ឥស្សរជន​ទាំងពីរ​។​

​សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​បារាំង និង​ជប៉ុន ដែល​បាន​ពង្រីក​វិសាលភាព ICC-Angkor ទៅកាន់​ប្រាសាទសំបូរព្រៃគុក​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប ICC-Angkor នា​ពេល​ថា​នេះ គឺ​កំពុង​ឈានទៅរក​ខួប​៤០​ឆ្នាំ នៃ​ការ​រំដោះប្រទេស និង​ខួប ២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​ទាំងស្រុង​។ ការអភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ ប្រសិនបើ​កម្ពុជា​មិន​អាច​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​នាំមក​នូវ​សុខ​សន្តិភាព​ទេនោះ​។​

​សម្តេច​តេជោ បាន​ថ្លែងថា មិនមែន​ជា​ការងាយស្រួល​នោះ​ឡើយ​ក្នុង​ការថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​។ តំបន់​សៀមរាប​អង្គរ បាន​ប្រឹង ប្រែង​ពី​ស្ថានភាព​ដ៏​លំបាក​ដោយ​ផ្តើម​ចេញពី​សណ្ឋាគារ​តែ​២​ប៉ុណ្ណោះ រហូតដល់​មាន​សណ្ឋាគារ​ជាង ១០០​នាពេល​បច្ចុប្បន្ន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រាសាទអង្គរវត្ត និង​ប្រាង្គ​ប្រាសាទ​ទាំងអស់​របស់​កម្ពុជា ត្រូវ​បាន​ជាប់​ទណ្ឌកម្ម និង​ការហ៊ុម ព័ទ្ធ​សេដ្ឋកិច្ច​ពី​អន្តរជាតិ ដោយសារ​តែ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០​នោះ អង្គការសហប្រជាជាតិ​បាន​ទទួលស្គាល់​របប ប៉ុល ពត ហើយ​គ្មាន​ប្រទេស​ណា​គាំទ្រ​រដ្ឋាភិបាល​សម័យ​នោះឡើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា បញ្ហា​នេះ អាច​ជា​បទពិសោធន៍​មួយ​ដល់​អន្តរជាតិ ឲ្យមាន​ការពិចារណា​មុននឹង​សម្រេចចិត្ត​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ណាមួយ​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ កុំ​យក​តំបន់​ប្រាសាទ​ទៅ​ជា​ចំណាប់ខ្មាំង​កេងចំណេញ​នយោបាយ​របស់ខ្លួន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ពេលខ្លះ​សម្តេច​ត្រូវ​រង​ការចោទប្រកាន់​ថា រំលោភ​សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ នៅពេល​ហាមឃាត់​ពួកគេ មិន​ឲ្យ​តាំង​ទីលំនៅ​នៅ​តំបន់​សម្បត្តិ​បេតិកភណ្ឌ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ប្រសិនបើ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ​ន​លើដី​បរិវេន​សម្បត្តិ​បេតិកភណ្ឌ គឺ​ខុស​នឹង​ច្បាប់​របស់​យូណេស្កូ ដែល​អាច​នាំឲ្យ​គេ​ដកចេញ ពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ តែ​ហាមឃាត់​ប្រជាពលរដ្ឋ​គេ​ថា​រំលោភ​សិទ្ធិ​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​។​

សម្តេច​តេជោ បាន​រំពឹង​ថា ប្រជា​ពលរដ្ឋ​នឹង​យល់​លើ​បញ្ហា​នេះ ដោយ​មិន​ទៅ​ទន្ទ្រាន​ចាប់យក​ដី​នៅ​តំបន់​ប្រាសាទ​នោះទេ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា កម្ពុជា​នៅតែ​ប្តូរផ្តាច់​ធ្វើការ​ជាមួយ​អន្តរជាតិ ក្នុង​ការថែរក្សា​ប្រាង្គ​ប្រាសាទ​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ

      

spot_img
×