Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខា ប្រកាស​ជំហរ​គាំទ្រ​សេចក្តីថ្លែងការណ៍ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឯ​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​របស់​លោក កឹម សុខា បាន​ផ្ញើ​សារ​ដ៏​មាន​ទម្ងន់​ទៅកាន់​ទណ្ឌិត សម រង្ស៊ី​

spot_img

​ភ្នំពេញ ​៖ លោក​មេធាវី ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ជូន​លោក កឹម សុខា បាន​ប្រកាស​ជំហរ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់ទុកថា ជាការ​បន្ធូរ​ស្ថានភាព និង​ធ្វើ​ឡើង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ចំណែកឯ​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​របស់​លោក កឹម សុខា បាន​ផ្ញើ​សារ​ដ៏​មាន​ទម្ងន់​ទៅកាន់​ទណ្ឌិត សម រង្ស៊ី​ថា​គឺជា​មនុស្ស​ភូតកុហក និង​ដើរ​លាប​ពណ៌​គេ​។​

​លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ជូន​លោក កឹម សុខា បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ឱ្យដឹងថា លោក កឹម សុខា បាន​ស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល ហើយ​អះអាងថា ឱ្យ​តែ​អ្វីៗ​ធ្វើឡើង​ដើម្បី​ប្រជាធិបតេយ្យ​លោក​នឹង​គាំទ្រ​ទាំងអស់​។​

​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​៖ “​ឯកឧត្តម កឹម សុខា កូនក្តី​របស់​ខ្ញុំ​គាត់​បាន​សម្តែង​ការស្វាគមន៍​។ ជាង​នេះ​ទៅ​ទៀត​លោក​ថា អ្វី​ក៏ដោយ​ឱ្យតែ​មាន​ដំណោះស្រាយ ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​(​ទី​១), ទី​២ ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ទី​៣ ដើម្បី​សិទ្ធិមនុស្ស គឺ​កូនក្តី​របស់​ខ្ញុំបាទ​គាត់​គាំទ្រ​”​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី និង​ក្រុមគាំទ្រ ដែល​បាន​ប្រកាសថា រាល់​ការបញ្ចេញ​ទស្សនៈ ឬ​ការលើកឡើង​របស់​លោក កឹម សុខា មិន​ឆ្លុះបញ្ចាំង​ពី ភាពត្រឹមត្រូវ​នោះ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ កញ្ញា កឹម មនោ​វិទ្យា កូនស្រី​របស់​លោក កឹម សុខា បាន​ផ្ញើ​សារ​ទៅ​កាន់​ទណ្ឌិត សម រង្ស៊ី ថា​គឺជា​មនុស្ស​ភូតកុហក និង​ដើរ​លាប​ពណ៌​គេ​។​

​សារ​របស់​កញ្ញា កឹម មនោ​វិទ្យា បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា “​លោក សម រង្ស៊ី បាន​និយាយ​កុហក​ជា​សាធារណ​ម្តងទៀត​ហើយ​ថា សារ​របស់​លោក កឹម សុខា គឺ​ក្លែងក្លាយ និង​មិន​ត្រឹមត្រូវ បើទោះបីជា​មាន​ការបញ្ជាក់​ពី​មេធាវី និង​គ្រួសារ​របស់​លោក កឹម សុខា អំពី​ភាពត្រឹមត្រូវ និង​ពិតប្រាកដ​នៃ​សារ​ទាំងនោះ​ក៏ដោយ​។ ចាប់តាំងពី​លោក កឹម សុខា ជាប់ពន្ធនាគារ លោក សម រង្ស៊ី បាន​ដឹកនាំ​យុទ្ធនាការ​លាប​ពណ៌ ដើម្បី​ធ្វើឲ្យ​គេ​មើលឃើញ​ថា ក្រុម CNRP ដែល​នៅ​ខាង​លោក កឹម សុខា គឺ​សុទ្ធតែ​ជា​គិញ​”​។​

​សូម​ជំរាប​ថា តាមរយៈ​សន្និសីទ​នៅ​ទីក្រុង​អា​តា​ឡង់​តា រដ្ឋ​ច​ចា សហរដ្ឋអាមេរិក អតីត​ថ្នាក់ដឹកនាំ និង​សមាជិក អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គាំទ្រ​លោក សម រង្ស៊ី បាន​សម្រេច​ឱ្យ​លោក សម រង្ស៊ី ក្លាយជា​ប្រធាន​ស្តីទី ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ តាម​វិធី​ខុស​លក្ខន្តិកៈ​បក្ស​។​

​លោក គង់ គាំ អតីប្រធាន​គណបក្ស​សម រង្ស៊ី (​គណបក្ស​ភ្លើងទៀន​) និង​ជា​ដៃគូ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី រយៈពេល​ជាង​ម្ភៃ​ឆ្នាំ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ដោយ​បាន​រិះគន់​លោក សម រង្ស៊ី ថា ៖ “​គិត​មិនត្រូវ យល់​មិន​ច្បាស់ និង​ធ្វើ​អ្វី​មិន​កើត គឺជា​ទ្រព្យ​ជាប់​ខ្លួន​របស់​លោក សម រង្ស៊ី និង​គូរ​កន​។ ប្រធាន​ចលនា ឬ​ប្រធាន​ស្តីទី CNRP វា​ដូច​តែ​គ្នា​ទេ​។ តែ​ផ្ទៃក្នុង​CNRP មិន​ទទួលស្គាល់​ផង ឲ្យ​អន្តរជាតិ​ណា​គេ​ទទួល​ស្គាល់​ទៅ​កើត​។​”

​លោក​ម៊ុ​ត ចន្ថា នាយខុទ្ទកាល័យ​របស់​លោក​កឹម សុខា បានបញ្ជាក់​ថា ការសម្រេច​របស់​អ្វី​ដែល​ហៅ​ថា​សន្និសីទ​ពិភព នៅ​ថ្ងៃ​ទី​២ ធ្នូ នៅ​អត្លង់​តា សហរដ្ឋអាមេរិក ដែល​អញ្ជើញ​លោក សម រង្ស៉ី មក​ដឹកនាំ​ជា​ប្រធាន​ស្តីទី ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​គណបក្ស និង​មិន​អាច​យក​ការ​បាន​ជាដាច់ខាត​!​។ ដោយហេតុ​ថា ៖ ទី​១. អ្នកចូលរួម​ធ្វើ​សេចក្តីសម្រេច ក្នុង​សន្និសីទ​នោះ មិន​មាន​នីតិសម្បទា ដែល​មាន​សិទ្ធិ​ស្នើ ឬ ជ្រើសតាំង​ប្រធានស្តីទី​គណបក្ស ស្រប​តាម​លក្ខន្តិកៈ​គណ​បក្ស​នោះទេ​។ ទី​២. យោង​តាម​លក្ខន្តិកៈ អាច​ធ្វើជា​ប្រធានស្តីទី​ណ​បក្ស​បាន លុះត្រាតែ​អវត្តមាន​ប្រធាន ដែល​ត្រូវ​ផ្ទេរសិទ្ធិ​ឲ្យទៅ​អនុប្រធាន​មួយរូប​ដែល​មាន​អាយុ​ច្រើនជាងគេ (​ប្រការ ៤៥​ថ្មី នៃ​លក្ខន្តិកៈ​)​។ មិន​អាច​យក​អ្នក​ដទៃ​ណា​ដែល​សមាជ​គណបក្ស​មិន​បាន​ជ្រើសតាំង​ជា​អនុប្រធាន​ហើយ​នោះ មក​ធ្វើជា​ប្រធាន​ស្តីទី​បាន​ឡើយ​។​ ​ទី​៣. ចំពោះ​សេចក្តីសម្រេច ឬ​សំណើ​ណាមួយ​របស់​សន្និសីទ​នេះ គឺ​គ្រាន់តែ​ជា​មតិ​របស់​មនុស្ស​មួយក្រុម​តែប៉ុណ្ណោះ ដែល​មិន​អាច​ចាប់បង្ខំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ យក​មក​ពិនិត្យ និង​ឆ្លើយតប​ឡើយ​៕ ​ដោយ​ ៖​ រចនា​

spot_img
×