Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​៥-៦ ខែ​ធ្នូ​

spot_img

​ភ្នំពេញ​ ៖ តប​តាម​ការអញ្ជើញ​របស់​លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទស​ឡាវ រយៈពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី​៥-៦ ខែ​ធ្នូ ឆ្នាំ​២០១៨​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្ដិកា​រ អន្តរជាតិ​។​

​បើ​តាមផេក​ហ្វេស​ប៊ុក សម្តេច​តេជោ បាន​ថ្លែងថា “​នៅ​ថ្ងៃ​៥​ធ្នូ នេះ ខ្ញុំ​ទៅ​បំពេញ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​ប្រទេស​ឡាវ តាម​ការអញ្ជើញ​របស់ ឯ​ឧ ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ខ្ញុំ​មាន​គម្រោង​នឹង​ជួប​ជាមួយ ឯ​ឧ ប៊ុន​ញ៉ាំង វរ​ជី​ត ប្រធាន​រដ្ឋ​ឡាវ​, លោកស្រី ប៉ានី យ៉ាថ​ទូ ប្រធានរដ្ឋសភា​ជាតិ​ឡាវ និង​នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ​។ ទន្ទឹមនឹងនោះ ក៏​នឹង​មាន​ការពិភាក្សា​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​មួយចំនួន​ដែល​ជា​កង្វល់​រួម​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​”​។​

​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្ដិកា​រ បានបញ្ជាក់​ថា ក្នុងនោះ មាន​ការអញ្ជើញ​អមដំណើរ សម្តេច​តេជោ ហ៊ុន សែន រួមមាន​៖
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក អង្គ វង្ស​វឌ្ឍនា រដ្ឋមន្ត្រី​ក្រសួង​យុត្ថិធម៌ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឥស្សរៈជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​បន្ថែមថា ក្នុងអំឡុងពេល​ទស្សន​កិច្ច សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ចូល​ជួប​សម្តែង​ការគួរសម ដាច់ដោយឡែក​ពីគ្នា ជាមួយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត (Bounnhang Vorachith) ប្រធាន​រដ្ឋ​ឡាវ និង​លោកស្រី ប៉ានី យ៉ាថ​ទូ (Pany Yathotou) ប្រធានរដ្ឋសភា​ជាតិ​ឡាវ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ លោក ថង​លូន ស៊ី​សូលី​ត ដើម្បី​ពិភាក្សា​រិះរក​លទ្ធភាព​ក្នុង​ការពង្រឹង និង​ពង្រីក​បន្ថែម​ទៀត នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែល​មាន​ស្រាប់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍ ពិតប្រាកដ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​កង្វល់​រួម និង​ផលប្រយោជន៍​ទៅវិញទៅមក​ផងដែរ​។​

​ក្រសួងការបរទេស បាន​បន្ដទៀតថា ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​វៀង​ច័ន្ទ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា នៅ​ស្តូប​អនុស្សាវរីយ៍​វីរៈ​យុទ្ធជន​ពលី​៕​ ​ដោយ ​៖ ​កូឡាប​

    

spot_img
×