Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុម័ត​ប្រគល់​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) ឲ្យ​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​សិក្សា ដើម្បី​បើកផ្លូវ​ឲ្យ​គណបក្សប្រឆាំង មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​

spot_img

​ភ្នំពេញ ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី លទ្ធផល​នៃ​កិច្ចប្រជុំ ថ្ងៃ​ពុធ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ដោយ​បាន​សម្រេច​បញ្ជូន​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ ក្នុងការ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ ឱ្យ​ទៅ​គណៈកម្មការ​ទី​៦ នៃ​រដ្ឋសភា​សិក្សា​ឱ្យបាន​ច្បាស់លាស់ មុន​នឹង​ដាក់​បញ្ចូល​ទៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​អនុម័ត​។​

​សេចក្តីស្នើច្បាប់​នេះ​ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដោយ​ធ្វើ​វិសោធនកម្ម ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូចតទៅ​ ៖

បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណ បក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។

បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​បរ​ធន​បាល​កិច្ច ដែល​រាជរដ្ឋាភិបាល​ស្នើ​សុំ​រដ្ឋសភា​អនុម័ត ជូន​ដល់​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មា ធិការ​អចិន្ត្រៃយ៍ រដ្ឋសភា​វិញ​។ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏បាន​អនុម័ត​ប្រគល់​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​តំណាង​ក្រុម តំណាងរាស្ត្រ​ហត្ថលេខី ស្នើ​សុំ​រដ្ឋសភា​អនុម័ត​ដល់​គណៈកម្មកា​រ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​

​សូមបញ្ជាក់​ថា ការរៀបចំ​សេចក្តីស្នើច្បាប់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ សម្រួល​ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលា ការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហ ជីព​ជាដើម​។ រាជរដ្ឋាភិបាល​បាន​អំពាវនាវ ដល់​តុលាការ​ឱ្យ​ពន្លឿ​ននីតិវិធី​ចំពោះ​បុគ្គល​ដែលជាប់​ពាក្យបណ្តឹង​នៅ​តុលាការ ឬ​ត្រូវ​បាន​គេ​ចោទប្រកាន់​ស្រប​តាម​នីតិវិធី​ថែមទៀត ដើម្បី​ការពារ​សិទ្ធិ​ពួកគេ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏​បាន​បើកឱកាស​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​សម្រាប់​កាសែត Cambodia Daily រាជរដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ឆន្ទៈ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ បើសិនជា​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​៕ ​ដោយ ​៖​ កូឡាប​

  

spot_img
×