Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាល​ខេត្ត​​ស្វាយ​រៀង​៖​ ទោះ​បី​ប្រឹង​ប្រែង​ពង្រឹង​​ការ​អនុ​វត្ត​​ច្បាប់​​ចរា​ចរណ៍ ប៉ុន្តែ​​គ្រោះ​ថ្នាក់​​ចរាចរ​​​នៅ​​តែ​​​កើត​មាន បណ្ដាល​​ឲ្យ​ពល​រដ្ឋ​​ទទួល​​រង​គ្រោះ

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣​រោច ខែ​ក​ត្ដិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក៏បាន​លើកឡើង​ថា បើ​ទោះបីជា​យើង​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​សស្រាក់សស្រាំ​ដូច​ភ្លៀងរលឹម​យ៉ាងណាក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​នៅតែ​បន្ត​កើតមាន បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​រងគ្រោះ ឬ​ឈានដល់​ការបាត់បង់​ជីវិត ។ ដូច្នេះ ទើប​នៅ​ថ្ងៃនេះ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត រៀបចំ​កិច្ចប្រជុំ​ដោយ​មាន​ការចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិនិត្យ ពិភាក្សា ស្វែងរក​មូលហេតុ និង​កំណត់​នូវ​វិធានការ​ដោះស្រាយ​ឈាន​ទៅ​កាត់បន្ថយ និង​ទប់ស្កាត់​កុំឲ្យ​កើតមាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ ។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែ​វិច្ឆិកា និង​ទិសដៅ​អនុវត្ត​បន្ត​ខែ​ធ្នូ ឆ្នាំ​២០១៨ របស់​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​ន​ន្ទី អគារ ខ សាលាខេត្ត​ស្វាយរៀង ។

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន លោកស្រីី​អភិបាលរងខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាលក្រុង ស្រុក និង​លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​ដែល​ជា​សមាជិក សមាជិកា អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត សរុប ៣៤​រូប ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍ កងកម្លាំង​ពាក់ព័ន្ធ មន្ទីរ​-​អង្គភាព ទាំងអស់​ដែល​ជា​សមាជិក​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​អាជ្ញាធរ​ក្រុង​ស្រុក ដែល​បាន​សហការ​ខិតខំ​ប្រឹង​ប្រែង​បំពេញ​តួនាទី ភារកិច្ច​ដឹកនាំ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​នៅ​ក្នុង​ខែ​វិច្ឆិកា ក៏ដូចជា​ឆ្នាំ​២០១៨​នេះ ។

បន្ទាប់ពី​មាន​ការចូលរួម​មតិយោបល់​ពី​សមាជិក សមាជិកា នៃ​កិច្ចប្រជុំ លោក ម៉ែន វិបុល ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម ៖

​ទី​១-​ត្រូវ​បន្ត​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ លើកកម្ពស់​ការយល់ដឹង​អំពី​ខ្លឹមសារ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គោលការណ៍​សីលធម៌ ១០​ចំណុច ឲ្យបាន​ទូលំទូលាយ​ថែមទៀត តាមរយៈ​ការ​សង្ខេប​ខ្លឹមសារ​ខ្លីៗ ងាយ​យល់ ដោយ​ធ្វើ​ការបែងចែក​ជា​ក្រុម​តូចៗ ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ តាម​សហគមន៍​នៅ​មូលដ្ឋាន។

​ទី​២-​ត្រូវ​បន្ថែម​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​។

​ទី​៣-​ត្រូវ​បន្ត​រឹង​បន្តឹង​ការអនុវត្ត​ច្បាប់ ដោយ​ផ្ដោតជាសំខាន់​លើ​ការបើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង បើកបរ​មិន​គោរព​សិទ្ធ​អាទិភាព មិន​ប្រកាន់​ស្ដាំ និង​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ជា​ពិសេស​ធ្វើ​យ៉ាងណាឲ្យ​អ្នកបើកបរ​ទោចក្រយាន​យន្ត​បំពាក់​កញ្ចក់​មើល​ក្រោយ និង​ពាក់​មួកសុវត្ថិភាព​ឲ្យបាន​ច្រើន​ជា​អតិបរមា។

​ទី​៤-​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​ធ្វើ​ការសិក្សា ពិនិត្យ​លទ្ធភាព រៀបចំ​ស្លាក​សញ្ញា​ចរាចរណ៍​ឲ្យបាន​គ្រប់​ទីតាំង​សំខាន់ៗ​នៅលើ​ដងផ្លូវ និង​គំនូស​រលាក់​(Rumble strips) នៅមុខ​ស្លាក​សញ្ញា​បន្ថយល្បឿន និង​ជិត​ផ្លូវបំបែក​ជា​បួន។

​ទី​៥-​ត្រូវ​បន្ត​ធ្វើ​ការណែនាំ អប់រំ ព្រមទាំង​អនុវត្ត​វិធានការ​ច្បាប់ និង​ធ្វើ​ការផាកពិន័យ​ឲ្យបាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​បំផុត ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ។ ត្រង់​ចំណុច​នេះ លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ត្រូវ​រៀបចំ​សេចក្ដីជូនដំណឹង ស្ដី​ពី​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ផ្សព្វផ្សាយ ដោយ​ត្រូវ​ដាក់ឲ្យ​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៩ ខាងមុខ ៕ ដោយ ៖ វ៉ៃ​គោ​

spot_img
×