Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍​បេតិកភណ្ឌ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ជាការ​ងារ​គ្មាន​ទីបញ្ចប់​

spot_img

​សៀមរាប​ ៖ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​ថា កិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍​បេតិកភណ្ឌ ជាពិសេស​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ជាការ​ងារ​គ្មាន​ទីបញ្ចប់ និង​ទាមទារ ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ជាតិ និង​អន្តរជាតិ គឺ​ស្រទាប់​យុវជន ជា​អ្នក​បន្តវេណ ដើម្បី​ប្រែក្លាយ​តំបន់​រមណីយដ្ឋាន​អង្គរ ជាទី​តាំង​បុរាណវិទ្យា ដ៏​ធំជាងគេ របស់​អង្គការ​យូណេស្កូ សម្រាប់​កិច្ចការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។​

​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ស្តេចយាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​ពិធី​បិទ​ជា​ផ្លូវការ នៃ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ ការបង្កើត​គណៈកម្មាធិកា​រ អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នា​លាន​ព្រះ​ជល់​ដំរី ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​បណ្តា​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល បណ្តា​ថ្នាក់ដឹកនាំ​នៃ អាយ​ស៊ី ស៊ី អង្គរ ព្រមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ ជាច្រើន​ផងដែរ ។​

​ព្រះរាជ​សុន្ទរកថា​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា រមណីយដ្ឋាន​អង្គរ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​១៩៩២ ក្រោម​ព្រះរាជតម្រិះ​ដ៏​ថ្លៃថ្លា និង​ឈ្លា​វ​វៃ​របស់​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​អំពាវនាវ​ទៅ​អង្គការ​យូណេស្កូ សូម​ឲ្យ​ជួយ​ស្រោចស្រង​អង្គរ ។ ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ សន្និសីទ​អន្តរជាតិ​មួយ​បាន បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃទី​១២ ១៣ ខែតុលា ឆ្នាំ​១៩៩៣ ក្រោម​ការផ្តួចផ្តើម គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយមាន​ការគាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូណេស្កូ ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍ ដល់​កិច្ចការ​អភិរក្ស​និង អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​។ ដើម្បី​សម្រេច​គោលដៅ​នេះ គណៈកម្មាធិការ អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបាន​បង្កើតឡើង​នា​ខែធ្នូ ឆ្នាំ​១៩៩៣​។ ការ​ប្រារព្ធ​ខួប​នៃ​២៥​ឆ្នាំ ICC-Angkor នៃចំ​កណ្តាល​បេះដូង នៃ​ក្រុង​អង្គរធំ ដែលជា​ស្នា​ព្រះហស្ត និង​ជា​និមិត្តរូប​ដ៏​ខ្ពង់ខ្ពស់ នៃ​មហាវីរក្សត្រ​សម័យអង្គ​រ ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ មានតម្លៃ​ជាស​កល​ពិតប្រាកដ​ណាស់ សម្រាប់​យើងទាំងអស់គ្នា ដោយបាន​បង្ហាញ យ៉ាងច្បាស់​អំពី​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ​នៃ​យុ​ត្តិ​ការ​អន្តរជាតិ​មួយ ក្នុង​កិច្ច​ដំណើរ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ប្រកបដោយ​ចីរភាព​នាពេល​កន្លងមក ដែល​ផ្តើមចេញពី​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នានា ទាំង​ជាតិ​និង​អន្តរជាតិ ។ ពិធី​នេះ​ក៏បាន​រំលឹក​ដល់​យើងទាំងអស់គ្នា អំពី​កាតព្វកិច្ច​មួយ​ដែល​បាន​ចងភ្ជាប់​យើងទាំងអស់គ្នា ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​១៩៩១​មក ជា​ពេលវេលា​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ នៃ​កិច្ច​ចាប់ផ្តើម​កិច្ចពិភាក្សា​ស្វែងរក ដំណោះស្រាយ​សុខសន្តិភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែល​ក្រោយមក កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការបញ្ចប់ ជម្លោះផ្ទៃក្នុង​របស់​កម្ពុ​ជា ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ។

​ព្រះករុណា បាន​មាន​ព្រះរាជបន្ទូល​ថា “​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត​របស់​សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជាពិសេស​ថ្នាក់ដឹកនាំ​ដែល​យើង​មិនអាច​បំភ្លេចបាន ហើយ​ដែល​បាន​លះបង់​ពេលវេលា​ប្រាជ្ញា​ស្មារតី បំពេញភារកិច្ច​ដឹកនាំ​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ធ្វើ​ឲ្យ​រមណីយដ្ឋាន​អង្គរ កាន់តែ​ល្បីល្បាញ​លើ​ពិភពលោក​។ ជោគជ័យ​នាពេល​កន្លងមកនេះ ក៏បាន​បង្ហាញ​ពី​ការអនុវត្ត គោលនយោបាយ​វប្បធម៌​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ និង​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល តែង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​ការពារ អភិរក្ស​និង​អភិវឌ្ឍន៍ មរតក​វប្បធម៌​ជាតិ​”​។

​ព្រះករុណា ក៏បាន​ថ្លែងអំណរគុណ​ដល់ ICC-Angkor ដែល​ផ្តល់​អនុសាសន៍​ដ៏​មាន​សារសំខាន់ ក្នុងការ​ជំរុញ​កិច្ចការ​អភិរក្ស ស្រាវជ្រាវ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ប្រកបដោយ​ចីរភាព​។ តាមរយៈ​យុ​ត្តិ​ការដែល​ក្លាយជា​គំរូ​អន្តរជាតិ របស់​អង្គការ​យូណេស្កូ​នេះ ICC-Angkor បាន​កៀរគរ​ការចូល​រួមកា​ន់​តែ​ច្រើនឡើងៗ ពី​ក្រុម​អ្នកជំនាញការ​អន្តរជាតិ ជាច្រើន​មកពី​ជុំវិញ​ពិភពលោក ដែល​បច្ចុប្បន្ន​បាននិងកំពុង ធ្វើ​កិច្ចសហប្រតិបត្តិការ និង​ស្នើសុំ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ជា​បន្តបន្ទាប់ ក្នុងការ​អភិរក្ស​ស្រាវជ្រាវ បណ្តុះបណ្តាល​និង​អភិវឌ្ឍន៍ ។ ជាការ​ពិតណាស់ សមិទ្ធផល​ដែល​សម្រេចបាន​ក្រោយ​យុ​ត្តិ​ការ​ICC-Angkor​មាន​ច្រើន​ទម្រង់​និង​គ្រប់​វិស័យ ប៉ុន្តែ​ទន្ទឹមនឹងនេះ ការងារ​ដែល​ត្រូវ​បន្តធ្វើ​ពាក់ព័ន្ធ​នឹង​កិច្ច​អភិរក្ស​និង​អភិវឌ្ឍ​ក៏​កាន់តែ​កើតឡើង​កាន់តែច្រើន​ផងដែរ ។ ក្នុងន័យនេះ កិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍​បេតិកភណ្ឌ ជាការ​ងារ​គ្មាន​ទីបញ្ចប់ និង​ទាមទារ ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ជាតិ និង​អន្តរជាតិ ជាពិសេស​គឺ​ស្រទាប់​យុវជន ជា​អ្នក​បន្តវេណ ជាក់ស្តែង បច្ចុប្បន្ន​ធនធានមនុស្ស​ក្នុង​វិស័យ​អភិរក្ស និង​ស្រាវជ្រាវ​របស់​កម្ពុជា កំពុង​ឈានមុខ​គេ ក្នុងចំណោម​បណ្តា​ប្រទេស អាស៊ីអាគ្នេយ៍ ហើយ​រមណីយដ្ឋាន​អង្គរ​បានក្លាយ​ជាទី​តាំង​បុរាណវិទ្យា ដ៏​ធំជាងគេ របស់​អង្គការ​យូណេស្កូ សម្រាប់​កិច្ចការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស លើ​វិស័យនេះ​។

​សូមបញ្ជាក់ថា ឆ្លៀត​ក្នុងឱកាស​អញ្ជើញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​៤-៥ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ខួប​លើក​ទី ២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ និង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ កិច្ចប្រជុំពេញអង្គ​លើក​ទី​២៥ នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ លោកស្រី Audrey AZOULAY អគ្គនាយិកា​យូណេស្កូ បានធ្វើ​ទស្សនកិច្ច​តាម​ការដ្ឋាន​ជួសជុល តាម​ប្រាសាទ​មួយចំនួន ក្នុង​រមណីយដ្ឋាន​អង្គរ ដោយមាន​ការ​អមដំណើរ​ដោយ​លោក ហង់ ពៅ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​មួយចំនួន​នៃ​អង្គការ​យូណេស្កូ​។​

លោកស្រី​អគ្គនាយិកា​យូណេស្កូ បាន​អញ្ជើញ​ស្វែងយល់​ពី​ការជួសជុល​នៅ​ការដ្ឋាន​មួយចំនួន ក្នុង​ប្រាសាទអង្គរវត្ត​ដូចជា ការដ្ឋាន​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា របស់​ប្រទេស​ជប៉ុន និង​ការដ្ឋាន​គម្រោង​អ​ភ​រិ​ក្ស​អាល្លឺម៉ង់​-​អប្សរា (GACP) ប្រទេស​អា​ល្លី​ម៉​ង់ ពិសេស​គម្រោង​អភិរក្ស ជួសជុល​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​នៅ​អង្គរវត្ត​។ លោកស្រី បាន​អ​ញ្ចើ​ញ​ពិនិត្យ​ការដ្ឋាន​ជប៉ុន​-​អប្សរា (JASA) នៅ​ប្រាសាទ​បា​យ័ន្ត ការដ្ឋាន​របស់​ប្រទេស​ឥណ្ឌា (ASI) នៅ​ប្រាសាទតាព្រហ្ម និង​ចុះ​ពិនិត្យ​ការងារ​គ្រប់គ្រង​ទឹក របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ប្រាសាទនាគព័ន្ធ​។​

​ក្រៅពី​ការ​ទស្សនា​នៅតាម​ប្រាង្គ​ប្រាសាទ​ហើយ​នោះ លោកស្រី​អគ្គនាយិកា និង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ពិភាក្សា ពន្យល់ ទៅលើ​ការងារ​គ្រប់គ្រង ការអភិរក្ស​ទូទៅ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។​

​លើសពីនោះ​ទៀត លោកស្រី​ក៏មាន​ចំណាប់អារម្មណ៍ ចំពោះ​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​តំបន់​អង្គរ ពិសេស​គឺ​មរតក​វប្បធម៌​អរូបី ដោយបាន​ស្វែងយល់​ពី​ប្រពៃណី ទំនៀមទម្លាប់ ប្រាសាទ​ការធ្វើ​បុណ្យ ការគោរព​បូជា​ព្រះ ការ​ដោះ​ស្បែក​ជើងពេល​ដើរ លើ​ប្រាសាទ ដោយ​សង្កត់ធ្ងន់ថា ចំពោះ​ភ្ញៀវទេសចរ​ខ្មែរ មិនមែន​មក​ទស្សនា​តែ​ប្រាសាទ​ទេ គឺ​មក​ដើម្បី​បាន​គោរពបូជា​ព្រះ​។ ដូច្នេះ​អង្គរ​មិន​ស្លាប់​ទេ គឺ​នៅតែមាន​ការគោរព​បូជា យ៉ាង​ខ្ជាប់ខ្ជួន​ពី​ប្រជាជន​ខ្មែរ​៕​ ដោយ ​៖ ​កូ​ឡាប​

spot_img
×