Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ហិង្សា​ដោយ​ចេតនា​ចាក់​ជនរងគ្រោះ បណ្តាលឲ្យ​ស្លាប់ ក្នុង​ទំនាស់​ផឹកស៊ី​នៅ​ក្លឹប​កម្សាន្ត​ហ្គោល​ថោ​ន​

spot_img

​បន្ទាយមានជ័យ ​៖ តុលាការ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​ដីកា​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស (​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​) ដោយ​ក្រុម​ជនសង្ស័យ​បាន​នាំគ្នា​ទៅ​ផឹកស៊ី​នៅ​ក្លឹប​កម្សាន្ត​ហ្គោល​ថោ​ន ស្រវឹង​ជោក ហើយ​មាន​រឿង​វាយតប់​គ្នា​ជាមួយ​ក្រុម​ផ្សេង​ទៀត ដោយ​យក​វត្ថុ​ចុង​ស្រួច ចាក់​ទៅលើ​ជនរងគ្រោះ បណ្តាលឱ្យ​ជនរងគ្រោះ​ដួល និង​ហូរ​ឈាម​យ៉ាង​ខ្លាំង​ស្លាប់​នៅ​កន្លែង​។​

​មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលា​ម៉ោង ១២ និង ៤៥​នាទី ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​) ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ នៅ​ចំណុច​ក្លិប​កម្សាន្ត​ហ្គោល​ថោ​ន ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​ក្រុង​សិរីសោភ័ណ ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងថា ៖ យោង​ពាក្យបណ្តឹង​របស់​ឈ្មោះ អ៊ុក ដា​រ៉ា ភេទ ប្រុស អាយុ ៤០​ឆ្នាំ ត្រូវ​ជា​បង​ជីដូន​របស់​ជនរងគ្រោះ បច្ចុប្បន្ន​រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ និង​ដោយ​ទទួលបាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស បាន​ចំនួន ១​នាក់ ឈ្មោះ ស៊ុយ ឧត្តម ភេទ ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។​

​តាម​ការបំភ្លឺ​របស់​សាក្សី​ថា ៖ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ជនរងគ្រោះ និង​បក្ខពួក ចំនួន ២​នាក់ បាន​ចូល​ទៅ​លេង​កម្សាន្ត​ក្នុង​ក្លឹប​កម្សាន្ត​ហ្គោល​ថោ​ន ហើយក៏​មាន​រឿង​ជាមួយ​ក្រុម​ផឹកស៊ី​ក្នុង​ក្លឹប​មាន​គ្នា​ប្រមាណ ១០​នាក់ បណ្តាលឱ្យ​ជនរងគ្រោះ​ឈ្មោះ លាង ឡេង ភេទ ប្រុស អាយុ ២២​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​នាក់ យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។ បន្ទាប់​ពី​កម្លាំង​ជំនាញ​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​សារភាពថា ៖ នៅ​យប់​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨ ខ្លួន និង​បក្ខពួក បាននាំគ្នា​ទៅ​ផឹកស៊ី​នៅ​ក្លឹប​កម្សាន្ត​ហ្គោល​ថោ​ន លុះដល់​ម៉ោង​ប្រហែល ១៤ ឈានចូល​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រុម​ខ្លួន​ក៏​ផឹក​ស្រវឹង​ជោក ហើយ​មាន​រឿង​វាយតប់​គ្នា​ជាមួយ​ក្រុម​ផ្សេង​ទៀត មាន​គ្នា​ប្រហែល ៣​នាក់ ពេលនោះ​ខ្លួន​បាន​ឃើញ​ឈ្មោះ ហេង រតនា ឈរ​ពីក្រោយ​ជនរងគ្រោះ ហើយ​មាន​កាន់​វត្ថុ​ចុង​ស្រួច ចាក់​ទៅលើ​ជនរងគ្រោះ បណ្តាលឱ្យ​ជនរងគ្រោះ​ដួល និង​ហូរ​ឈាម​យ៉ាង​ខ្លាំង​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច បក្ខពួក​របស់​ខ្លួន​បាន​រត់គេចខ្លួន​អស់ នៅសល់​តែ​ខ្លួន​ម្នាក់ឯង​(​ជនសង្ស័យ​) ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តែម្តង ។ ចំណែក​ជនសង្ស័យ​ផ្សេងទៀត កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ ។ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោង​តាម​ការបំភ្លឺ​សាក្សី និង​បង​ជីដូន​មួយ​របស់​ជ​ន​រងគ្រោះ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​) បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×