Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​ខេត្ត​ព្រះសីហនុ អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៩

spot_img

​តំណាង​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​មូលដ្ឋាន​នេះ​ចំនួន ១៧​សហគមន៍ បាន​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ខួប​លើក​ទី​៦៩ ដោយ​មាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ព្រះសីហនុ​។​

​ទិវា​សិទ្ធិមនុស្ស​ឆ្នាំ​នេះ​ក្រោម​ប្រធានបទ​៖ « យើងទាំងអស់គ្នា​ត្រូវការ យុត្តិធ៌ម សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង កិច្ច​គាំពារ​សង្គម​សម្រាប់​កសិករ​នៅ​កម្ពុជា »​។​

​តំណាង​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ី​.​ស៊ី​.​អែ​ហ្វ​.​ស៊ី​. (CCFC) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក យូ វាសនា មានប្រសាសន៍ថា សមាគម​នេះ បាន​កំណត់​យក​រសៀល​ថ្ងៃ​សុក្រ ទី​៨ ខែ​ធ្នូ សម្រាប់​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៧​នេះ​។ ទិវា​នេះ រៀបចំ​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ ហើយ​លោក យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ និ​លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រី​សង្គម​ស៊ីវិល ព្រមទាំង​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី ១៧​សហគមន៍ ចំនួន​ជិត ៥​រយ​នាក់​ចូលរួម​។​

​នា​ឱកាស​នោះ​ដែរ តំណាង​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​លើកយក​សំណូមពរ​មួយ​ចំនួន​ដាក់​ជូន​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ឲ្យជួយ​ដោះស្រាយ​រួមមាន​៖ ស្នើឲ្យ​អាជ្ញាធរ​ចាប់ពី​ថ្នាក់​មូលដ្ឋាន រហូតដល់​ថ្នាក់​ជាតិ ឲ្យ​បង្កើត​កិច្ចសហការ​ជាមួយ​សង្គម​ស៊ីវិល និង​ពលរដ្ឋ ដើម្បី​រួមចំណែក​ក្នុង​ការងារ​អភិវឌ្ឍ​សង្គម ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​ស្តីពី​សិទ្ធិ​មនុស្ស​អន្តរជាតិ​។ ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ជាតិ ឲ្យជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ ដោយ​ឈរ​លើ​គោល​ការ​ច្បាប់ ឲ្យមាន​ភាពយុត្តិធ៌ម សមធ៌ម សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ឲ្យ​រីកចំរើន និង​មាន​ប្រសិទ្ធភាព​។ ស្នើ​ឲ្យ​រដ្ឋាភិបាល ដាក់បញ្ចូល​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជា​ពិសេស​កសិករ ឲ្យទទួល​បាន កិច្ច​គាំពារ​សង្គម​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ និង​គោល​យោ​បាយ ដែល​រដ្ឋាភិបាល​បាន​ដាក់ឲ្យ​ប្រើប្រាស់​ថ្មីៗ​នេះ​។ ស្នើ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ​ច្បាស់លាស់ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម របស់​កសិករ​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​រួមមាន​៖ អ​សុវត្ថិភាព​ស្បៀង បញ្ហា​ចំណាកស្រុក បញ្ហា​ទីផ្សារ​កសិករ និង​ប្រព័ន្ធ​ធារាសាស្ត្រ ដោយ​បង្កើន​ថវិការ​ជាតិ​លើ​វិស័យ​កសិកម្ម​សម្រាប់​គាំទ្រ​ដល់​កសិករ​ក្នុងប្រទេស​កម្ពុជា​។​

​តំណាង ស៊ី​.​ស៊ី​.​អែ​ហ្វ​.​ស៊ី ខេត្ត​ព្រះសីហនុ លោក យូ វាសនា ឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ សមាគម​នេះ ត្រៀម​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ នៅ​ទីកន្លែង​ចំនួន ៥​ផ្សេងគ្នា ក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្ត​ព្រះសីហនុ ស្វាយរៀង និង​ខេត្ត​ព្រៃវែង ដោយ​មាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ចាប់​ថ្នាក់មូលដ្ឋាន ដល់​ថ្នាក់​ខេត្ត និង​មាន​ប្រជាកសិករ​ចូលរួម​រាប់ពាន់នាក់​។​
​លោក​ថា ទិវា​ឆ្នាំនេះ ក្រោម​ប្រធានបទ ៖ « យើងទាំងអស់គ្នា​ត្រូវការ យុត្តិធ៌ម សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​កិច្ច​គាំពារ​សង្គម​សម្រាប់​កសិករ​នៅ​កម្ពុជា​»​។​

​ការអបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ខួប​លើក​ទី​៦៩ ឆ្នាំនេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ចូលរួម​ជា​អធិបតី និង​បាន​ទទួលយក​សំណូមពរ របស់​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី ដើម្បី​ឈាន​ទៅ​ជួយ​រក​ដំណោះស្រាយ​ទៅ​តាម​ដំណាក់កាល និង​ឲ្យស្រប​តាម​នីតិវិធី​ច្បាប់​។​

​លោក យន្ត មីន ក៏​បាន​យក​ទិវា​នេះ ស្នើ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ដើម្បី​ថែរក្សា​សុខ​សន្តិ​សភាព​ជាមួយ​រាជរដ្ឋាភិបាល ឈាន​ទៅ​រួមគ្នា​អភិវឌ្ឍ​មូលដ្ឋាន​នេះ​ឲ្យ​រីកចំរើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។ លោក​ថា រាល់​សំណូមពរ របស់​សហគមន៍​ពល​រដ្ឋ គឺ​ស្ថិត​ក្នុង​ការងារ​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​រួចហើយៗ ស្នើឲ្យ​ប្រជាពលរដ្ឋ​មានចិត្ត​ត្រជាក់ និង​ត្រូវ​ទុក​ពេលវេលា ជូន​មន្ត្រី​ជំនាញ ចុះ​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​៕ ដោយ​៖ ដែន សីមា​

 

spot_img
×