Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​យក​រដ្ឋមន្ត្រី​កម្ពុជា នៅតែ​បន្ត​អំពាវនាវ ដល់​អ្នកវិនិយោគ​វៀតណាម មក​សិក្សា​ស្វែងយល់ ពី​សក្ដានុពល វិនិយោគ​នៅ​កម្ពុជា​

spot_img

​វៀតណាម ​៖ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា នៅតែ​បន្ត​អំពាវនាវ ដល់​អ្នកវិនិយោគ​វៀតណាម ដែល​មិនទាន់​បាន​មក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់ ពី​សក្ដានុពល និង​កាលានុវត្តភាព វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា​។ សម្តេច​ក៏​សូម​ធានា ជូន​អ្នកវិនិយោគ​គ្រប់រូប នូវ​បរិស្ថាន​ប្រកប​ដោយ​ភាព​អំណោយផល ជាពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន។​

​នៅ​ល្ងាច​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា ដែល​ធ្វើ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វុក និង​ពាណិជ្ជករ អ្នក​ធុរកិច្ច​វៀតណាម​ជាច្រើន រួមជាមួយ​នឹង​សភាពាណិជ្ជកម្ម​កម្ពុជា និង​វៀតណាម​ជាច្រើន​រូប​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សុន្ទរ​ថា​គន្លឹះ​អំពី​ការរីកចម្រើន​របស់​កម្ពុជា​នា​ពេលបច្ចុប្បន្ន ព្រមទាំង​កាលានុវត្តភាព និង​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា វៀតណាម​និង​កម្ពុជា​បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរលង់​ណាស់​មកហើយ ដែល​ឆ្នាំ ២០១៨ នេះ​ជា​ខួប​លើក​ទី ៥១ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំង​ពីរ​ផងដែរ​។ ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​សរុបរ​វា​ង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​២០១៧ សម្រេចបាន​ចំនួន​ប្រមាណ ២,១៣ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦ ។ ការនាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀត នៅ​មាន​ទំហំ​តូច​នៅឡើយ​។ ជាក់ស្តែង ការនាំចេញ​របស់​កម្ពុ​ជា ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៣៤២ លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ការនាំ​ចូល​របស់​កម្ពុជា​ពី​វៀតណាម ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន​ប្រមាណ ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។ ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​វៀតណាម រហូតដល់​ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន ៧៥ គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៤ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​ហេ​ដ្ឋា​-​រចនាសម្ព័ន្ធ​។​

​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨ ត្រូវបាន​ប៉ាន់ស្មាន​ថា នឹង​មាន​កំណើន​ក្នុង​អត្រា ៧,៣​ភាគរយ ហើយ​សម្រាប់​រយៈ ពេល​មធ្យម​ខាងមុខ កម្ពុជា​អាច​រក្សាបាន​អត្រាកំណើន​ប្រមាណ ៧​ភាគរយ ក្នុង​មួយ​ឆ្នាំ​។ កំណើន​សេដ្ឋកិច្ច​ខ្ពស់​នេះ​បាន​ធ្វើឱ្យ​កម្ពុជា សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ ២០១៥ និង​ស្ថិតនៅ​លើ​គន្លង​នៃ​ការឈាន​ទៅ សម្រេចបាន​នូវ​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ខាង លើ និង​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤, រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ និង​កំពុង​អនុវត្ត “​គោល នយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥” សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្ម ផ្អែកលើ​ជំនាញ​នៅ​រង្វង់​ឆ្នាំ​២០២៥​។ គោលនយោបាយ​នេះ​ជា “​យុទ្ធសាស្ត្រ​កំណើន​ថ្មី​” និង​បានកំណត់​ឧស្សាហកម្ម​ចំនួន ៥ ជា​អាទិភាព រួមមាន​៖

(១) ឧស្សាហកម្ម ឬ​កម្មន្តសាល​ថ្មីៗ​ដែល​មាន​ចរិត​ជា​ការបើក​ច្រកចូល​ទីផ្សារ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់ មាន​ភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។

(២) សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​គ្រប់​វិស័យ​។

(៣) ផលិត​កម្មក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើឱ្យ​ការនាំចេញ និង​ទីផ្សារ​ក្នុងស្រុក​។

(៤) ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង​កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ ដែល​ជា​ឧស្សាហកម្ម​ត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែចង្វាក់​តម្លៃ​សកល​។

(៥) ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នាពេល​អនាគត​។​

​បន្ថែម​ពីលើ​វិធានការ​មុត​ស្រួច និង​ជាក់ស្តែង ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ សម្តេច​ក៏​បាន​​ជម្រាប​ជូន​ធុរជន និង​អ្នកវិនិ យោគ​ទាំងអស់​អំពី​សក្ដានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា ដូចតទៅ ​៖

​ទី​១៖ ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។​

​ទី​២៖​កម្ពុជា​ស្ថិត​នៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា “​រោងចក្រ​នៃ​អាស៊ី​” ហើយ​ម្យ៉ាង​ទៀត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ ដែល​ជា​តំបន់​មាន​កំណើន​សេដ្ឋកិច្ច និង​ការតភ្ជាប់​ខ្ពស់​ជាងគេ​។​

​ទី​៣៖​កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរបែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែល​មាន​អាយុ​ត្រឹម ៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន ដែល​មាន​ចំណូល​មធ្យម និង​ជា​វណ្ណៈ​កណ្តាល នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​កម្ពុជា ។​

ទី​៤៖​កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរ​ទេ​​ស​នោះ​ទេ​។​

​ទី​៥៖​ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្គត់ផ្គង់​សម្រាប់​តែ​ទីផ្សារ​នៅ​កម្ពុជា​ដែល​មាន​ប្រជាជន​ប្រមាណ​តែ​ជាង ១៥​លាន​នាក់​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅ​ក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ​ដែលមាន​អតិថិជន​ប្រមាណ ២៥០​លាន​នាក់​, ទីផ្សារ​អាស៊ាន​ដែល​មាន​អតិថិជន​ប្រមាណ ៦៣០​លាន​នាក់​, និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ដែល​មាន​អតិថិជន​ប្រមាណ ៣​ប៊ី​លាន​នាក់ ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃ​ទៀត​ក្នុង​ពិភពលោក​។​

​ទី ៦៖ កម្ពុជា និង​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជៀង​វាស​ការយកពន្ធ​ត្រួត​គ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ៕ ដោយ ​៖ ​កូឡាប​

spot_img
×