Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​ជ្រើសតាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»

spot_img

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជ្រើសតាំង សម្តេច​ជា​«​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ដែល​ផ្តល់​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​។ ពិធី​នេះ​គឺ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ​បណ្ឌិត អាន​តុ​ន កា​រ៉ា​ហ្គា (Anton Caragea) ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ជាច្រើនរូប​ទៀត​ផង​ដែរ​។ ជាមួយ​នោះ​ដែរ ក៏​មាន​ការផ្តល់​ជ័យលាភី​ជូន​រាជធានី​ភ្នំពេញ​ជា «​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក​» «World Capital of Culture and Tourism» ពី​សំណាក់​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជក្ម​អឺរ៉ុប​។

​លោក​សាស្ត្រាចារ្យ​បណ្ឌិត អាន​តុ​ន កា​រ៉ា​ហ្គា (Anton Caragea) បាន​លើកឡើង​ថា សម្តេច​តេជោ ហ៊ុន សែន គឺជា​វីរបុរស​ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ពី​ចំណុច​សូន្យ ពី​ប្រទេស​ដែល​គ្មាន​ទេសចរ​អោយក្លាយ​មក​ជា​ប្រទេស​ដែល​មាន​ទេសចរ​ជាង​៥​លាន​នាក់​ក្នុង​១​ឆ្នាំ​។ កាលពី​ឆ្នាំ ១៩៧៩ ផលិតផល​ក្នុងស្រុក​មាន​ត្រឹមតែ​ជាង​ពីរ​ពាន់​លាន​ដុល្លារ ហើយ​បាន​កើន​ជា​បន្ត​រហូត​ដល់ ៥៤​ពាន់​លាន​ដុល្លារ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ចំពោះ​ការវិនិយោគ​បរទេស​វិញ​គឺ​បាន​កើន​ពី​សូន្យ​រហូតដល់​១,៧​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ​។ ដោយ​មាន​គំរូ​ដ៏​ល្អឥតខ្ចោះ​ក្នុង​ការដឹកនាំ​នេះហើយ​ទើប សម្តេច​តេជោ ត្រូវបាន​ជ្រើសតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ទេសចរណ៍​អន្តរជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នាពេល​អនាគត​។​

​ចំណែក​លោក​បណ្ឌិត Mircea Constantinescu ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប បាន​មានប្រសាសន៍ថា ការចុះបញ្ជី​រាជធានី​ភ្នំពេញ ជា​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក យើង​បាន​យកចេញ​ពី​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន និង​សមិទ្ធផល​មិន​គួរ​ឲ្យ​ជឿនៃ​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ ក្នុង​កម្ម​វិធី​ការពារ​វប្បធម៌ និង​បេតិកភណ្ឌ ការធានា​ការអភិរក្ស អភិវឌ្ឍន៍ និង​ការលើកកម្ពស់​សាសនា ប្រពៃណី និង​ទំនៀមទម្លាប់​ផ្សេងៗ​ទៀត​។ រាជធានី​ភ្នំពេញ កំពុង​បង្ហាញ​នូវ​កិត្តិ​ស័ព្ទ និង​លក្ខណៈពិសេស​របស់​ខ្លួន​តាមរយៈ ទេសភាព​នៃ​វប្បធម៌ ប្រកប​ដោយ​ភាព​ចម្រុះ​គ្នា ដែល​មាន​លាយឡំ​ដោយ​ធនធានធម្មជាតិ និង​វប្បធម៌​។ រាជធានី​ភ្នំពេញ គឺជា​តំបន់​ដ៏​វិសេសវិសាល​មួយ ដែល​រួម​បញ្ចូល​នូវ​បរិបទ​ធម្មជាតិ ដែល​ជា​ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំងបី គឺ​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ដែល​ជា​ទន្លេ​តែមួយគត់​លើ​ពិភពលោក ដែល​ហូរ​ឡើង​ទៅលើ (​ហូរ​បញ្ច្រាស​)​រយៈពេល​៦​ខែ​ក្នុង​មួយឆ្នាំ​។ ទេសភាព​ធម្មជាតិ​ដ៏​ល្អឥតខ្ចោះ​នេះ​បាន​ក្លាយទៅជា​ទីកន្លែង​វប្បធម៌​ដ៏​មាន​ភាព​សម្បូរ​បែប​មួយ​ដែល​រួម​បញ្ចូល​ទាំង​សាសនា​និង​កេរ្តិ៍ដំណែល​បេតិកភណ្ឌ​ជាតិ​ដូចជា វត្ត​ឧណ្ណាលោម ដែល​មាន​ទី​សក្ការៈបូជា សម្រាប់​ឧទ្ទិស​បូជា​ដល់​ព្រះពុទ្ធសាសនា ហើយ​ចាត់ទុកថា ជាទី​អាសនៈ​នៃ​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​បាន​ប្រារព្ធ​ពិធី​បុណ្យ​ជា​រៀងរាល់ឆ្នាំ​ក្រៅពីនោះ រាជធានី​ភ្នំពេញ​ក៏​មាន​កន្លែង​គោរព​សាសនា​ផ្សេងៗ​ជាច្រើន​ទៀត​ផង​ដែរ​។​

​ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន សប្បាយ​រីករាយ​យ៉ាងខ្លាំង​ដែល​ត្រូវបាន​ជ្រើសតាំង​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក​សម្រាប់​វិស័យ​ទេសចរណ៍​និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ហើយ​សម្តេច​តេជោ​ក៏សូម​ថ្លែងអំណគុណ​ចំពោះ​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប​ដែល​បាន​ជឿជាក់​មកលើ​ប្រទេស​កម្ពុជា​ជាមួយគ្នា​នេះ​សម្តេច​ក៏​បាន​អរគុណ​ផង​ដែរ​ចំពោះ​ការផ្តល់​ជ័យលាភី​រាជធានី​ភ្នំពេញ​ជា «​រាជធានី​នៃ​វប្បធម៌ និង​ទេសចរណ៍​ពិភពលោក​» «World Capital of Culture and Tourism» ។​

​សម្តេច​តេជោ​ហ៊ុន​សែន​បាន​វាយ​តំលៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹក​ប្រែង​រស់​ក្រសួង​ទេសចរណ៍​។ សម្តេច​តេជោ បាន​ដាក់​ចេញ​គន្លឹះ​សំខាន់ៗ​ចំនួន ៣ ក្នុង​ការអភិវឌ្ឍ​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍​៖

​ទី​១)​សុខ​សន្តិភាព​គឺជា​កត្តា​សំខាន់​ធ្វើអោយ​ប្រទេស​ជាតិ​ឈាន​ការរីកចម្រើន​បើ​ប្រទេស​មាន​សង្គ្រាម​មិន​មាន​ការអភិវឌ្ឍ​និង​រីកចម្រើន​ដែរ​។​កន្លងមក​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម​កាប់សំលាប់​ជិវិត​មនុស្ស​អស់​ជាច្រើន ដូច​ច្នេះ កម្ពុជា​ត្រូវតែ​ការពារ និង​រក្សា​សន្តិភាព​អោយបាន​។​

​ទី​២)​បន្ត​រួម​គ្នា​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ការជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ដូច​ច្នេះ​ត្រូវ​អោយមាន​ការចូលរួម​គ្រប់​ភាគី​ទាំងអស់ សូមអោយ​ក្រសួង​ទេសចរណ៍ រៀបចំ​វេទិកា​ថ្នាក់ជាតិ អន្តរជាតិ ដើម្បី​អោយ​វិស័យ​នេះ​កាន់តែ​មាន​សក្តានុពល​ថែម​ទៀត​។​

​ទី​៣) យើង​បន្ត​ធានា​អោយបាន​ជា​ផល​វិជ្ជមាន​រវាង​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ដូចជា សហគម​ទេសចរណ៍ បណ្តាញ​ផ្សព្វផ្សាយ ដើម្បី​ជំរុញ​វិស័យ​នេះ​អោយ​កាន់តែ​ទូលំទូលាយ​។​

​តាមរយៈ​ជ័យលាភី​នេះ​រិត​តែ​ធ្វើ​អោយ​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​មាន​ភាពល្បីល្បាញ និង​បន្ត​ជំរុញ​អោយ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​នាពេលខាងមុខ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា ជ័យលាភី និង​តួនាទី​នេះ​មិនមែន​សម្រាប់​តែ សម្តេច​តេជោ តែ​ម្នា​
​ក់​ប៉ុណ្ណោះទេ គឺ​សម្តេច​សូម​ចែករំលែក​នូវ​ជ័យលាភី និង​តួនាទី​នេះ​ទៅ​ជនរួមជាតិ​ទាំងអស់ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ឋ​ទាំំង​អស់ ដែល​បាន​ចូល​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ទាំងអស់​គ្នា​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ទទួល​នូវ​មេដាយ​សរសើរ​ជា «​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ពិភពលោក សម្រាប់​វិស័យ​ទេសចរណ៍ និង​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព «Global Ambassador for Tourism and Sustainable Development Goals» ដែល​ផ្តល់​ដោយ​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×