Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​ពិភាក្សា​សួរដេញដោល​អំពី​បញ្ហា វិបត្តិ​ដីធ្លី​យ៉ាង​រាំ​រ៉ៃ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ជា​ប្រធាន​ប្ដូរ​វេន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​ពិភាក្សា​សួរដេញដោល​ពិភាក្សា​អំពី​បញ្ហា វិបត្តិ​ដីធ្លី​យ៉ាង​រាំ​រ៉ៃ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើន​ករណី​ដែល​សុទ្ធសឹងតែ​មានទំនាស់​ជាមួយ​ឧកញ៉ា​គ្រាក់ៗ​នៅ​ស្រុក​ខ្មែរ ហើយ​ករណី​ដែល​បានលើកឡើង ត្រូវបាន លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់​ចម្លើយ​ឯកភាព សន្យា និង​ពិចារណា ថា​នឹង​ដោះស្រាយ ហើយក៏​មាន​ករណី​មួយចំនួន​ក៏​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ពុំបាន​ផ្ដល់​ចម្លើយ​ភ្លាមៗ​។

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់ William Guangzhou កាលពី​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨ បានសរសេរថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នេះ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ដែល​ដឹកនាំ​អង្គប្រជុំ​ដោយ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ជា​ប្រធាន​ប្ដូរ​វេន ជាមួយ​ប្រតិភូ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ដឹកនាំ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បី​ដេញដោល​ពិភាក្សា​អំពី​បញ្ហា វិបត្តិ​ដីធ្លី​យ៉ាង​រាំ​រ៉ៃ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​បញ្ជាក់ថា “​ក្នុង​កិច្ចប្រជុំ​នេះ ខ្ញុំបាទ​ជា​ប្រធាន​ប្ដូរ​វេន នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​ពាំនាំ​ប្រធានបទ​ធំៗ​ចំនួន​៧ ករណី​យកទៅ​ពិភាក្សា​ដេញដោល និង​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖

១. ខ្ញុំ​បានដាក់​សំណើ​ឲ្យ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ទទួលស្គាល់​ចំពោះ​ជន​ណា​លួច​ដី​រដ្ឋ ជាក់ស្ដែង​បញ្ហា​លោក លោក ស៊ីវ គង់​ទ្រី​វ លី យ៉ុង​ផាត់ និង​លោក​យន្ត មីន ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ​នៅ​ភូមិ ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ ​។ បញ្ហា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ឯកភាព និង​សន្យាថា និង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ ឧកញ៉ា លី យ៉ុង ផាត់​ឡើយ ដោយ​លោក​លើកឡើងថា នេះ​ជា​អំពើ​ខុសច្បាប់។

២. ខ្ញុំ​បានទាមទារ​ឲ្យ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី មាន​វិធានការ​ដាក់ទោស​ចំពោះ លោកស្រី ជី​ង សុភាព ដែល​បាន​ចាក់ដី​លុប​ចូល​សមុទ្រ នៅ​ព្រែកត្រែង។ ​បញ្ហា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពុំទាន់​បានផ្ដល់​ចម្លើយ​ទេ ដោយ​លោក​រង់ចាំ​អោយ​ភាគី​ជី​ង សុភាព កាយ​ដី​ដែល​សេសសល់​ចេញ​ឲ្យ​អស់​សិន​។

៣. ខ្ញុំ​បានស្នើ​សូម ឲ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ពិនិត្យ​ចំពោះ​ករណី លោក យន្ត មីន ចេញ​លិខិត​អោយ​មន្ទីរ​រៀបចំ​ដែនដី​ទាមទារ​ប្រាក់​៤​ដុល្លារ លើដី​មួយ​មែត្រ​ការ៉េ ក្នុង​ការចេញ​ប្លង់​កម្មសិទ្ធិ​នៅ​តំបន់​ដី នៅ​ភូមិ​១ សង្កាត់​​លេខ​៣ ក្រុងព្រះសីហនុ។ ​បញ្ហា​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ថា ក្រសួង​ពុំមាន​គោលការណ៍​ឲ្យ​យកប្រាក់​បែបនេះ​ទេ។

៤. ខ្ញុំ​បានស្នើ​សូម ឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ព​ន្លឿ​ន​នីតិវិធី​ដោះស្រាយ​បញ្ហា ដែល​ឧកញ៉ា ង៉ោ​ស្រ៊ុន រំលោភ​ផ្លូវ​៣​ខ្សែ​ប៉ះពាល់​ពលរដ្ឋ និង​រំលោភ​ដី​ពលរដ្ឋ នៅ​ឃុំ ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ ។ ​បញ្ហា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នឹង​ពិនិត្យមើល​ហើយ​ធានា ដោះស្រាយ​ឲ្យ​បាន​ជោគជ័យ​។

៥ ខ្ញុំ​បានស្នើ​សូម ឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ព​ន្លឿ​ន​នីតិវិធី ដោះស្រាយ វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​និង​ទាហាន នៅ​តំបន់​ត្រាំ​នាគ ខេត្តសៀមរាប ដែល​ទាហាន​រំលោភ​យក​ដី​ពលរដ្ឋ​យ៉ាង​រាំ​រ៉ៃ។ ​បញ្ហា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង​ពិនិត្យមើល​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​។

៦ ខ្ញុំ​បានស្នើ​សូម ឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បង្កើត​យន្តការ​សិក្សា​ផលប៉ះពាល់​ចរាចរណ៍ មុន​ផ្ដល់​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​សំណង់​អគារ​នានា។ ​បញ្ហា​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្ដេជ្ញា និង​ឯកភាព​ទាំងស្រុង។

៧ ខ្ញុំ​បានស្នើ​សូម ឲ្យ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពិនិត្យ​ចំពោះ​ករណី រដ្ឋលេខាធិកា កើត សារ៉េត រំលោភ​លើដី យោធិន​ពិការ នៅ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។ ​បញ្ហា​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ពុំបាន​ផ្ដល់​ចម្លើយ​ភ្លាមៗ​​ទេ ដោយសារ​ដល់​ម៉ោង​បញ្ចប់​។

គូសបញ្ជាក់ថា នៅមាន​បញ្ហា​សេសសល់​ទៀត ដែល​មិនទាន់បាន​លើក​ដេញដោល ដោយសារ​កិច្ចប្រជុំ ត្រូវបាន​បញ្ចប់ តែ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក និង​បន្ត​ជំរុញ​នីតិវិធី តាម​លិខិត​រដ្ឋបាល ដើម្បី​ជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បន្ថែមទៀត ដើម្បី​ធានា​ឲ្យ​បាន​ក្នុង​បេសកកម្ម​បម្រើ ការពារ ប្រយោជន៍​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ “៕ ​ដោយ​៖​រចនា​

spot_img
×