Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​បាត់​សិលាចារឹក​ចំនួន​១​ផ្ទាំង នៅ​វត្ត​គី​រី​ស្តេច​គង់ អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​សុំ​គោលការណ៍​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​

spot_img

​ភ្នំពេញ ​៖ នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​៨​ខែ​ធ្នូ​នេះ បាន​របាយការណ៍ នៃ​ការចុះ​យក​សិលាចារឹក​ចំនួន​១​ផ្ទាំង​នៅ វត្ត​គី​រី​ស្តេច​គង់ ភូមិ​ត្រពាំង​ខ្ទុំ ឃុំ​ស្វាយ​ច​ចិប ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​មក​ថែរក្សា​ទុក​ក្នុង​សារ​ម​នី្ទ​រ​ជាតិ​ភ្នំពេញ​។​

​របាយការណ៍​ដដែល​បង្ហាញថា ដោយ​មិន​ទទួលបាន​កិច្ច​សហការ​ពី​ព្រះចៅអធិការ គណៈកម្មការ​អាចារ្យវត្ត ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គី​រី​ស្តេច​គង់​ឡើយ ហេតុដូច្នេះ​ហើយ​ក្រុម​សមត្ថកិច្ច​ចម្រុះ​យើង​ក៏​បាន​សម្រេច​បញ្ឈប់ ហើយ បាន​និង​កំពុង​មាន​ចំណាត់ការ​យ៉ាង​សកម្ម ជាមួយ​សមាសភាព​ក្នុង​គណៈកម្មាធិការ​ចម្រុះ ដើម្បី​សុំ​គោលការណ៍​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​។​

​របាយការណ៍​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ព្រឹក​ថ្ងៃ​ទី ០៧ ធ្នូ ២០១៨ វេលា​ម៉ោង ៩និង០០​នាទី លោក​ឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​សហការី បាន​ចូលរួម​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ដឹកនាំ​ដោយ​លោក ហម គឹម​សុន អគ្គនាយករង​បេតិកភណ្ឌ និង​លោក ហេង កំសាន្ត ប្រធាន​នាយកដ្ឋាន​បុរាណ​វត្ថុ ព្រមទាំង​មាន​ការចូលរួម​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្ត​កំពង់ស្ពឺ មន្ទីរ​ធម្មការ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ដល់​ទីតាំង​វត្ត​គី​រី​ស្តេច​គង់ ភូមិ​ត្រពាំង​ខ្ទុំ ឃុំ​ស្វាយ​ច​ចិប ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ អនុវត្ត​តាម​សំណើ​លេខ ៧០៥ ស​.​ណ ចុះ​ថ្ងៃ​ទី ០៣ ធ្នូ ២០១៨ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​ចូលរួម​យក​សិលាចារឹក​ចំនួន​០១​ផ្ទាំង មក​ថែរក្សា​ទុក​ក្នុង​សារ​ម​នី្ទ​រ​ជាតិ​ភ្នំពេញ​។ ខណៈ​ពេល​ចុះ​អនុវត្ត​ការងារ សមត្ថកិច្ច​ចម្រុះ​យើង​មិន​បាន​ឃើញ​សិលាចារឹក​នៅ​ទីតាំង​នោះ​ទេ ហើយ​មិន​ទទួលបាន​កិច្ច​សហការ​ពី​ព្រះចៅអធិការ គណៈកម្មការ​អាចារ្យវត្ត ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គី​រី​ស្តេច​គង់​ឡើយ ហេតុដូច្នេះ​ហើយ​ក្រុម​សមត្ថកិច្ច​ចម្រុះ​យើង​ក៏​បាន​សម្រេច​បញ្ឈប់​នូវ​ការអនុវត្ត​តាម​គោលការណ៍​ខាងលើ នៅវេលា​ម៉ោង ១០និង៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល​។ ជុំវិញ​បញ្ហា​នេះ លោក​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ បាន​និង​កំពុង​មាន​ចំណាត់ការ​យ៉ាង​សកម្ម ជាមួយ​សមាសភាព​ក្នុង​គណកម្មាធិការ​ចម្រុះ ដើម្បី​សុំ​គោលការណ៍​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​”​។​

​លោក ហម គឹម​សុន អគ្គនាយករង​បេតិកភណ្ឌ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា សិលាចារឹក​មួយ​ផ្ទាំង ដែល​រក​ឃើញ​ក្នុង​វត្ត​គិរី​ស្តេច​គង់ ដោយ​ចារឹក​អក្ស​មួយ​ឃ្លា​ថា “​សុវណ្ណ​ភូមិ​” ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដ៏​មាន​តម្លៃ សម្រាប់​ការស្រាវ​ជ្រាវ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ជាតិ​ទាំងមូល បាន​បាត់​ដោយ​មិន​ដឹង​មូលហេតុ​។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រុមការងារ បាន​ចុះ​មក​ដកហូត យក​ផ្ទាំងសិលា​ដ៏​កម្រ​នេះ ប៉ុន្តែ​ព្រះចៅអធិការ​វត្ត​គិរី​ស្តេច​គង់ បាន​កែន​បងប្អូន​ប្រជាពលរដ្ឋ មក​រារាំង​មិន​ឲ្យ​ក្រុមការងារ នាំយក​វត្ថុ​មាន​តម្លៃ​នេះ ទៅ​រក្សាទុក​ក្នុង​សារមន្ទីរ​ជាតិ​បានឡើយ តែ​នៅ​ថ្ងៃទី​៧​ធ្នូ​នេះ កម្លាំង​ចម្រុះ​បាន​ឆែកឆេរ​រក​វត្ថុ មាន​តម្លៃ​របស់​ជាតិ​ខ្មែរ​នេះ មិនឃើញ ដោយ​ត្រូវ​ព្រះចៅអធិការ​រំដោះ​ចេញ ពី​កន្លែង​រក្សាទុក​ទៅ​បាត់ ហើយ​ព្រះចៅអធិការ​អង្គ​នោះ បាន​រត់​គេច​ព្រះកាយ ដោយ​មិន​ព្រម​ប្រគល់​ផ្ទាំងសិលា​នោះ មក​សមត្ថកិច្ច​ដាច់ខាត​។​

​ជាមួយ​ហេតុការណ៍​នេះ លោកយាយ លោកតា ដែល​រស់នៅ​ក្បែរៗ​វត្ត បាន​មក​តវ៉ា​ជាមួយ​សមត្ថកិច្ច ហាក់បីដូចជា មាន​ការចាត់តាំង ច្បាស់លាស់ ពី​ព្រះចៅអធិការ​វត្ត ដោយ​បាន​ទូងស្គរ ប្រកូក​ប្រកាស​ដើម្បី​តវ៉ា មិន​ព្រម​ប្រគល់​វត្ថុ​មានតម្លៃ ដាក់​ក្នុង​សារមន្ទីរ​ជាតិ​។​

​លោក សរ សុ​ពុត្រា អភិបាលរង​ខេត្ត​កំពង់ស្ពឺ បាន​មាន​ពន្យល់​ដល់​ប្រជាពលរដ្ឋ ដែល​មក​តវ៉ា​នោះ​ថា សិលាចារឹក​ដ៏​មានតម្លៃ សម្រាប់​ជាតិ​មួយ​ផ្ទាំង​នេះ ចាំបាច់​ត្រូវ​ការថែរក្សា​ពី​មន្ត្រី​ជំនាញ​បេតិកភណ្ឌ និង​មាន​កន្លែង​ទុកដាក់​ថែទាំ​ត្រឹមត្រូវ ពី​សារមន្ទីរ​ជាតិ មិន​អាច​អាច​ធ្វេសប្រហែស​បាន​នោះ​។ លោក​ថា នេះ​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​កម្រ និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បានឡើយ​។​

​លោក​អភិបាលរង បាន​ថ្លែងថា “​បើ​ផ្ទាំងសិលា​ដ៏​មាន​តម្លៃ​នេះ ពិតជា​បាន​បាត់ អ្នក​ទទួលខុសត្រូវ​នឹង​ទទួលទោស តាម​ច្បាប់​កំណត់ ពីព្រោះ​វត្ថុ​ដ៏​មាន​សម្រាប់​មនុស្សជាតិ ត្រូវការ​ចាំបាច់​ថែរក្សា​កូន​ខ្មែរ ជំនាន់​ក្រោយ​បាន​ស្វែងយល់​” ។​

​ក្រុមការងារ ការពារ​បេតិកភណ្ឌ គឺ​ត្រូវតែ​យក​មក​ថែរក្សា និង​សិក្សា​ពី​សិលា​ចារ​រឹក​ដ៏​មាន​តម្លៃ​នេះ មក​តាំង​ក្នុង​សារមន្ទីរ​ជាតិ ឲ្យបាន​គង់វង្ស មិន​ប្រកាន់​ថា ជា​របស់​នរណា​ម្នា​ក់ឡើ​យ គឺ​ជា​សម្បត្តិ​វប្បធម៌​តែ​មួយ​របស់​ខ្មែរ តែ​ត្រូវ​បរាជ័យ​ជា​លើក​ទី​៣ ដោយ​ទង្វើ និង​ចេតនា​រំដោះ ពី​សំណាក់​ព្រះចៅអធិការ​វត្ត​នេះ ហើយ​ចុងក្រោយ​បាន​បាត់​ចេញ ពី​កន្លែង​ថែរក្សា​ទុក​ថែមទៀត​៕​ ដោយ​ ៖ ​កូឡាប​

    

spot_img
×