Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ឧត្តមសេនីយ៍ឯក ឯល វណ្ណ​ថន បញ្ជាក់ថា ករណី​នគរបាល​ខណ្ឌ​ដង្កោ បាញ់​កូន​របស់​គាត់ គឺ​ចង់​ស៊ីសាច់​ឆ្កែ ចោទ​ថា​ជា​ឆ្កែ​ឆ្កូត រួច​បាញ់​ឲ្យ​ងាប់​

spot_img

​ភ្នំពេញៈ លោក​ឧត្តមសេនីយ៍ឯក ឯល វណ្ណ​ថន ជា​ឪពុក​បង្កើត​របស់​លោក ឯល ស៊ឹម​សុភ័ក្ដ្រ ដែល​ត្រូវ​នគរបាល​ពាក់​ឯកសណ្ឋាន​និង​ស៊ីវិល បាន​ឲ្យ​របួសធ្ងន់ បាន​និយាយថា សំណុំរឿង​កូនប្រុស​លោក​នេះ លោក​បាន​ប្រគល់ជូន លោកនាយ​ឧត្តម សេនី​យ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេជោ ជា​អ្នកដោះស្រាយ ព្រោះ​ជនរងគ្រោះ គឺជា​មន្ត្រី​កង​អង្គរក្ស​សម្តេច ស្ថិត​ក្រោម​ការ  គ្រប់គ្រង​របស់ លោកនាយ​ឧត្តមសេនីយ៍ផ្ទា​ល់​។​

លោក​ឧត្តមសេនីយ៍ឯក ឯល វណ្ណ​ថន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ក្នុងនាម​ខ្ញុំ និង​ក្រុមគ្រួសារ នឹង​ធ្វើ​ពាក្យបណ្តឹង​ទៅ​តុលាការ ដើម្បី​រក​យុ​ត្តិ ក្នុងករណី​ឈ្មោះ មៀច សត្ថា និង​ឈ្មោះ​អ៊ឹម សា​រុំ ដែល​បាន​បង្ក​ឲ្យមាន​រឿង​នេះ​កើតឡើង បណ្តាល​ឲ្យ​កូន​របស់​ខ្ញុំ​រងរបួស​ជា​ទម្ងន់​។ សរុបសេចក្តី​មក​មានន័យថា ចង់ស៊ី​សាច់​ឆ្កែ ចោទ​ថា​ជា​ឆ្កែ​ឆ្កូត រួច​បាញ់​ឲ្យ​ងាប់​”​។​

​យោងតាម​ប្រភព​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ និង​សារព័ត៌មាន ក្នុងស្រុក​មួយ​ចំនួន បាន​អះអាង​ថា លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ដង្កោ និង​លោក ជឹម ស៊ីថា អធិការ​ខណ្ឌ កំពុង​ព្យាយាម​សម្របសម្រួល​បញ្ចប់រឿង ជាមួយ​ក្រុម​គ្រួសារ​របស់​យោធា​ឈ្មោះ ឯល ស៊ឹម​សុភ័​ក្រ ដែល​រងគ្រោះ​ដោយ​កូន​នគរបាល​ខណ្ឌ​ដង្កោ​បាញ់​ឲ្យ​រងរបួស និង​បង្កើត​រឿង​ថា តដៃ​សមត្ថកិច្ច​។ លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែមថា “​ក្រោយពី​មាន​រឿងហេតុ​កើតឡើង លោក​អភិបាលខណ្ឌ និង​លោក​អធិការ​ខណ្ឌ​ដង្កោ បាន​ចុះ​សួរសុខទុក្ខ​កូន​របស់​ខ្ញុំ​ដល់​មន្ទីរពេទ្យ និង​សម្តែង​ការសោកស្តាយ​ដោយ​មាន​ការភាន់ច្រឡំ​”​។

លោក​អនុសេនីយ៍ឯក ឯល ស៊ឹម​សុភ័​ក្រ ដែល​មន្ត្រី​យោធា​នៃ​អគ្គបញ្ជាការដ្ឋាន​កង​អង្គរក្ស​ផ្ទាល់​សម្តេច​តេជោ ត្រូវ​ក្រុម​នគរបាល​ខណ្ឌ​ដង្កោ ដេញ​បាញ់​ឲ្យ​រងរបួស និង​វាយ​ទាត់​ធាក់​បន្ថែម​រហូត​រងរ​បួស​ធ្ងន់ធ្ងរ អាច​ប្រឈម​ការពិការ​អស់​មួយ​ជីវិត​ដោយសារ​តែ​បែក​ឆ្អឹង ត្រគាក ព្រោះតែ​ក្រុម​នគរបាល​ខណ្ឌ​ដង្កោ ចោទថា ជា​មុខសញ្ញា​ចោរ និង​លក់​គ្រឿងញៀន ហ៊ាន​បាញ់​តដៃ​នគរបាល​។​

​កាលពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ឆ្នាំ​២០១៨ លោក​គឺ​ឧត្តមសេនីយ៍​ផ្កាយ​បី ឯល វណ្ណ​ថន មេបញ្ជាការ​កងអនុសេនាធំ​ការពារ​ផ្ទាល់​សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ បាន​ចេញ​លិខិត​រៀបរាប់​ពី​ដំណើរ​រឿង ដែល​បាន​កើត ឡើង​ទៅ​លើ​កូនប្រុស​របស់​ខ្លួន​។

​ពី​ដំបូង​ឡើយ​ពោល កាលពី​ថ្ងៃ​កើតហេតុ ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៣៖៣០​នាទី​រសៀល មាន​ការភ្ញាក់ផ្អើល នៃ​ការផ្ទុះ​អាវុធ​ដោយ​សេចក្ដីរាយការណ៍​ដំបូង គឺ​កើតឡើង​ដោយសារ កម្លាំង​សមត្ថកិច្ច​មួយ​ក្រុម បាន​តាម​មុខសញ្ញា​ចោរប្លន់​ឡាន និង​លក់​គ្រឿង ញៀន និង​អះអាង​ទៀតថា បាន​បាញ់​ទៅលើ​មុខសញ្ញា​នេះ ដោយ​សំអាង​ហេតុផល មក​ពី​មុខសញ្ញា​បាញ់​តដៃ​មក​លើ​សមត្ថកិច្ច​។​

​ប៉ុន្ដែ​ក្រោយ​ការស៊ើបអង្កេត និង​សួរនាំ​ស្រាវជ្រាវ​យ៉ាង​លម្អិត​ទៅ ការបាញ់ប្រហារ​របស់​សមត្ថកិច្ច​ខាងលើនេះ គឺជា​ការយល់ច្រឡំ​រហូត​ចុះ​ទៅ​សុំ​ទោស និង​សួរសុខទុក្ខ​ដោយ​សម្ដែង​ការសោកស្ដាយ ជាទី​បំផុត​ចំពោះ​ហេតុការណ៍​មួយ​នេះ កើត​ឡើង​ទៅលើ​ជនរងគ្រោះ​។​

​លោក​ឧត្តមសេនីយ៍​ផ្កាយ​៣ ឯល វណ្ណ​ថន បាន​រៀបរាប់​ពី​ដំណើរ​ដើមទង ដោយ​ផ្ដើម​ចេញ នៅ​មុនពេល​កើតហេតុ​នោះ កូនប្រុស​របស់​លោក ឯល ស៊ឹម​សុភ័ក្ដ្រ និង​មិត្តភ័ក្ររ​បស់​គេ​ពីរ​នាក់​ទៀត ទៅ​ហូប​បាយ​នៅ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​ដូង​ក្រអូប ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ហើយ​នៅក្នុង​ហាង​នោះ មាន​មន្ដ្រី​នគរបាល​ឈ្មោះ មៀច សន្ថា នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ (​ព្រះនាម​ទិវា​១១) និង​ឈ្មោះ អ៊ឹម សារ៉ុម ដែល​ជា​គូកន​របស់ខ្លួន​។

​ពេល​ផឹកស៊ី​នោះ​កូន​របស់​លោក និង​ខាង​ភាគី​នគរបាល​តែង​ចូល​បន្ទប់ទឹក​ជា​ញឹកញាប់ ហើយ​ស្រាប់តែ​ឃើញ​កូន​របស់​លោក​មាន​កាំភ្លើង ក៏​រាយការណ៍​ទៅ​អធិការរង​ខណ្ឌ​ដង្កោ ទទួលបន្ទុក​ព្រហ្មទណ្ឌ លោក ឈឹម ប៊ុន​រ័ត្ន ដោយ​ចោទប្រកាន់​ថា ជា​ចោរប្លន់ លក់​គ្រឿងញៀន និង​មុខសញ្ញា​ប្លន់​ឡាន​។​

​ក្រោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​បែបនេះ កូន​របស់​លោក និង​មិត្តភ័​ក្របាន​ចេញពី​ហាង​ឆ្ពោះទៅ​ផ្សារ​ឯករាជ្យ​បី កន្លែង​ប្រពន្ធ​លក់​ទូរស័ព្ទ ក៏​មាន​កម្លាំង​នគរបាល ស្លៀកពាក់​ទាំង​ឯកសណ្ឋាន និង​ស៊ីវិល ជិះ​ម៉ូតូ​តាម​ក្រោយ ហើយ​មាន​ក្រុម​មួយ​ទៀត​ពួនស្ទាក់ រហូត​បាញ់​ចំនួន​៤​គ្រាប់ បណ្ដាល​ឲ្យ​កូន​របស់​លោក​រងរបួស​ជា​ទម្ងន់​។​

​នៅក្នុង​លិខិត​បំភ្លឺ​នេះ ឧត្តមសេនីយ៍​ជាន់ខ្ពស់​ក្នុង​ជួរ​អង្គរក្ស​រូបនេះ ព្រមទាំង​ក្រុមគ្រួសារ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌ ទៅលើ​នគរបាល​ឈ្មោះ មៀច សន្ថា និង​អ៊ឹម សារ៉ុម ដែល​បង្ក​ឲ្យមាន​រឿង​នេះ​កើតឡើង​។​

​តាម​ប្រភព​គណនី​ហ្វេ​សប៊ុក ឈ្មោះ “​ខ្ញុំ​តស៊ូ គ្រប់បែបយ៉ាង ដើម្បី​អ្នក​” បាន​បង្ហោះ​សារ​ដូច្នេះ​ថា “​យក​អាយុជីវិត កិត្តិយស​របស់​គេ​មក​លេងសើច រួច​ហើយ​អាង​ធ្វើ​ទឹកមុខ ជា​តួ​កំសត់​មក​សុំ​ទោស​! នេះ​បាញ់​គេ​វៃ​គេ​នៅ​មាន​ជីវិត ចុះ​បើ​សិន​ជា​បាញ់​គេ​វៃ​គេ​ដល់​ថ្នាក់​បាត់បង់​ជីវិត តើ​យក​ជីវិត​ពី​ណា​មក​សង​គេ​លោក​អធិការ​? ឱ​ពុក​គេ​ផ្កាយ​បី ទៅដល់​កន្លែង​លោក​គោរព លោក​តែ​លោក​អង្គុយ​លើ​កៅអី កង​ទាក់​ខ្លា​ងួកក្បាល តែ​ដល់​ពេល​ដឹង​រឿង បាន​ស្ទុះ​មក​អង្គុយ​ក្បែរ​! ចុះ​ទំរាំ​ជនរងគ្រោះ​ខ្លះ​គ្មាន​ខ្សែ គ្មាន​ខ្នង មិនដឹង​លោក​ខាំ​ហែក​ចែក​គ្នា​ស៊ី មិន​អស់​ប៉ុន្មាន​អ្នក​ទេ​! បើ​អា​នាក់​កាសែត​ខ្លះ live គេ​សុទ្ធតែ​គេ​ជិះ​រត់​៧​ខណ្ឌ ប៉ូលិស​ធ្វើ​ស៊ី​យក​នាក់​ការ​សែត មក​លុប​សុទ្ធតែ​គ្នា​វា ងាប់​តែ​រាស្ត្រ​!” ។​

​ជនរងគ្រោះ ត្រូវ​វេជ្ជបណ្ឌិត រកឃើញថា បានរ​បួស​បែក​ឆ្អឹង​ផាល​ត្រកៀក​ខាងស្តាំ ដែល​ប្រឈម​ការពិការ​អស់​មួយ​ជីវិត ដោយសារ​ត្រូវ​នឹង​គ្រាប់​កាំ​ង​ភ្លើង​អាកា​៤៧ របស់​មន្ត្រីនគរបាល​ខណ្ឌដង្កោ ក្រោម​ការបញ្ជា​របស់​លោក​អធិការ ជឹម ស៊ីថា​។​

​សូម​ជម្រាប​ជូន​ថា ជនរងគ្រោះ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ បើក​ប្រតិបត្តិ​ការបាញ់ប្រហារ​ជា​ច្រើន​គ្រាប់ ប៉ុន្តែ​ត្រូវ​១​គ្រាប់ ត្រង់​ត្រកៀក និង​ធ្លាយ​ភ្លៅ​ខាងស្តាំ និង​ចាប់វាយ​បន្ថែម ឲ្យ​រងរបួស​ធ្ងន់ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ម្ដុំ​ផ្សារ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ លោក ឯល ស៊ឹម​សុភ័​ក្រ កំពុង​សម្រាក​ព្យាបាល​របួស​នៅក្នុង​មន្ទីរ​កាល់ម៉ែត ដែល​ជើង​ខាងស្តាំ​របស់​លោក មិន​អាច​កម្រើក​បានឡើយ ក្រោយ​ពី​ការវះកាត់​អប​ដែក​រួចមក​។​

​ចំពោះ​ករណី​បាញ់ប្រហារ​នេះ ក្រុម​សាច់ញាតិ​បាន​ចាត់ទុកថា ជា​ទង្វើ​អាក្រក់​បំផុត​របស់​នគ​របាល​ខណ្ឌដង្កោ ហើយ​ពួកគេ​ចាត់ទុក ថា ជា​សកម្មភាព​គាបស៊ី ដោយ​ចោទប្រកាន់​ជនរងគ្រោះ​ពី​បទល្មើស​ផ្សេងៗ តាមតែ​អំពើ​ចិត្ត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×