ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយជនរងគ្រោះបានឆក់ចរន្តអគ្គីសនី ពេលកំពុងច្រៀងខារ៉ាអូខេ ព្រោះផឹកស្រាស្រវឹងជោគជាំ។
សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ខាងលើនេះ កើតឡើង នៅភូមិថ្មី ឃុំ-ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីព្រលប់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨។
សមត្ថកិច្ចនគរបាលឲ្យដឹងថា បុរសជនរងគ្រោះ មានឈ្មោះស៊ុ សុភា អាយុ ៣៣ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ មុនពេលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ បុរសរូបនេះ មានអាការៈស្រវឹង ហើយពួកគេបានចាប់ផ្តើមច្រៀងខារ៉ាអូខេ តាមផ្ទះសប្បាយអឺងកងបានមួយសន្ទុះ ក៏ស្រាប់តែមានសេចក្តីរាយការ មកថា ជនរងគ្រោះ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់។ភ្លាមៗនោះ ក៏មានការអន្តរាគមពីក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋាន ដឹកបញ្ជូនទៅមណ្ឌលសុខភាព ប៉ុន្តែអកុសល ពេលមកដល់កន្លែងសង្គ្រោះក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ តាមផ្លូវមកហើយ ។
អាជ្ញាធរមូលដ្ឋានបានបន្ថែមថា តាមសាក្សី រាយការប្រាប់ថា ជនរងគ្រោះ មានអាការៈស្រវ៉ឹងតិចៗ ហើយចាប់ផ្តើម រៀបចំ ឩបករណ៍ច្រៀងខារាអូខេ តាមផ្ទះ ផ្តើមច្រៀងបានបន្តិច ស្រាប់តែជនរងគ្រោះមានអាការៈដាច់ផ្ងា ហើយមេក្រូហ្វូន របូតពីដៃមកទើលើទ្រូង អស់មួយសន្ទុះដោយនឹកស្មាន ថាជនរងគ្រោះដេក ក្រុមគ្រួសារមិនទាន់ចាប់អារម្មណ៍ភ្លាមៗដែរ ទំរាំដឹងថាជនរងគ្រោះ ត្រូវសន្លប់ដោយ ឆក់ចរន្តអគ្គីសនី ក៏វាហួសពេលហើយដែរ។
សាកសពត្រូវបានគ្រូពេទ្យរៀបចំដឹកតាមរថយន្តសង្គ្រោះយកទៅលំនៅដ្ឋាន វិញ ដើម្បី ប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីយ៍៕ ដោយ៖ ដែន សីមា