Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អត្ថបទ​ស្ដីពី​ការ​រឹតត្បិត​ទៅលើ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​នៅ​តែ​កើតមានឡើង​

spot_img

អង្គការ​លីកាដូ បាន​ផ្សាយ​ថា សាលា​រាជធានី​ភ្នំពេញ​បាន​ហាមឃាត់​ទៅលើ​ការហែក្បួន​នៃ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​នា​ព្រឹក​នេះ ប៉ុន្តែ​ការ​ប្រារព្ធ​ទិវា​នេះ​នៅតែ​អាច​ប្រព្រឹត្តទៅបាន ទោះបីជា​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន ត្រូវបាន​ដាក់ពង្រាយ​នៅ​ទីតាំង​ប្រារព្ធ​ទិវា (​ប្រហែល​៤​គីឡូម៉ែត្រ​ពី​កណ្ដាល​រាជធានី​ភ្នំពេញ​) ដែល​អាជ្ញាធរ​បាន​អនុញ្ញាត​។ កងកម្លាំងប្រដាប់អាវុធ​ដែល​មាន​ពាក់មួក​ការពារ​សុវត្ថិភាព​ទាំងនោះ​គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នកចូលរួម​ទៅទៀត ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​ព័ទ្ធជុំវិញ​ទីតាំង​ប្រារព្ធ​ទិវា​។​

​កម្មករ​រោងចក្រ​កាត់ដេរ កសិករ គ្រូបង្រៀន សហជីព តំណាង​សហគមន៍ និង​ក្រុម​យុវជន រាប់រយ​នាក់ បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ស្ថិត​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​សហជីព​និង​សមាគម​មួយ​ចំនួន​។ សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ប្រសិនបើ​អ្នក​រៀបចំ​កម្មវិធី​នៅ​តែ​ធ្វើ​ការហែក្បួន​ដែល​អាច “​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ” ទោះបីជា​ថ្ងៃទី​១០ ខែ​ធ្នូ​នេះ​ជា​ថ្ងៃ​ឈប់សម្រាក ដែល​មិនសូវមាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ក៏ដោយ​។​

​ទោះបីជា​មាន​ការប្រកាស​របស់​រាជរដ្ឋាភិបាល​នា​ពេល​ថ្មីៗ​នេះ​អំពី​ការឈប់​រឹតត្បិត​លើ​ក្រុម​សង្គម​ស៊ីវិល​ក្ដី ក៏​អាជ្ញាធរ​នៅតែ​ត្រូវបាន​ចោទប្រកាន់ថា នៅតែ​បន្ត​ការ​រឹតត្បិត​លើ​ចលនា​របស់​សហគមន៍​នៅ​ទូទាំង​ប្រទេស ដោយ​ហាមឃាត់​អ្នក​ទាំងនោះ​មិន​ឱ្យ​ជួបជុំគ្នា​ជា​សាធារណៈ និង​ទាមទារ​ឱ្យ​មាន​លិខិតអនុញ្ញាត ថែម​ទាំង​ចាត់ចែង​ទីតាំង​ជួបជុំ​គ្នា​របស់​អ្នក​ទាំងនោះ​ទៅ​វិញ​។​

​នៅ​ខេត្ត​រតនគិរី ក្រុម​យុវជន​និង​សហគមន៍ ត្រូវបាន​រាយការណ៍​ថា មានការ​ធ្វើទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​ពី​សំណាក់​ការិយាល័យ​សាលាខេត្ត រួមមាន ការទាមទារ​ឱ្យ​ធ្វើ​សំណើរ​ជា​លាយលក្ខណ៍អក្សរ​ក្នុង​ការរៀបចំ​ទិវា​នេះ និង​ព្រមាន​ចាប់​ខ្លួន​ប្រសិនបើ​អ្នក​ទាំងនោះ​ប្រារព្ធ​ទិវា​ដោយ​គ្មាន​លក្ខខណ្ឌ​ទាំង​នេះ​។​

​នៅ​ខេត្ត​បន្ទាយមានជ័យ​វិញ អាជ្ញាធរ​បាន​បញ្ឈប់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់ មក​ពី​សហគមន៍​ចំនួន​៦ ពី​ការជួបជុំ​គ្នា​នៅ​ក្រុង​សិរីសោភ័ណ​។ អ្នក​ទាំងនេះ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ភូមិ និង​ត្រូវបាន​បញ្ឈប់​នៅតាម​ផ្លូវ​ធ្វើ​ដំណើរ​។ អ្នក​ទាំងនោះ​ត្រូវបាន​ប្រាប់ថា ត្រូវ​មាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក និង​ខេត្ត ដើម្បី​អាច​ចូលរួម​ប្រារព្ធ​ទិវា​នេះ​បាន​។​

​សហគមន៍​នៅ​តំបន់​ដាច់ស្រយាល​ចំនួន​៥ នៅ​ខេត្ត​កោះកុង ត្រូវបាន​បង្ខំ​ឱ្យ​ផ្លាស់​ប្ដូរ​ទីតាំង​ប្រារព្ធ​ទិវា​ពី​កីឡដ្ឋាន​បាល់ទាត់​ខេត្ត មក​ធ្វើ​នៅ​ក្នុង​សាល​មហា​ស្រព​វិញ​។​

​ទោះបីជា​មាន​ការគំរាមកំហែង និង​រឹតត្បិត​ជាច្រើន​ក៏​ដោយ ក៏​សហគមន៍​នៅ​ទូទាំង​ប្រទេស​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធមនុស្ស​អន្តរជាតិ​តាមរយៈ ការសម្ដែង​រឿង​ខ្លីៗ ការប្រគុំ​តន្ត្រី ការពិភាក្សាគ្នា និង​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការរំលោភបំពាន​ដែល​កំពុង​កើតមានឡើង​។​

​ប្រជាពលរដ្ឋ​ជាង​៧០០០​នាក់ នៅ​រាជធានី​និង​ខេត្ត​ចំនួន​១៣ បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​មក​៕ ដោយ​៖​រចនា​

  

spot_img
×