Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប និង​ដៃគូ ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ​សេចក្តីប្រកាស​ជា​សកល ស្តីពី​សិទ្ធិ​មនុស្ស​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៨ លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី រួម​នឹង​អ្នកចូលរួម​ជាង ៣០០ នាក់ មកពី​រដ្ឋាភិបាល ទីភ្នាក់ងារ​សហប្រជាជាតិ បេសកកម្ម​ការទូត សង្គម​ស៊ីវិល និង​វិស័យ​ឯកជន និង​សិស្ស​និស្សិត បាន​អបអរសាទរ​ខួប​លើក​ទី ៧០ នៃ​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​។

ដើម្បី​អបអរ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ សកម្មភាព​ជាច្រើន ត្រូវបាន​ធ្វើឡើង​នៅ​ទូ​ទាំង​សកលលោក​។ ព្រឹត្តិការណ៍ ដែល​ប្រព្រឹត្ត​នៅ​វិទ្យាស្ថាន​​បច្ចេកវិទ្យា​កម្ពុជា នៅថ្ងៃនេះ និង​ព្រឹត្តិការណ៍​ដែល​ដឹកនាំ​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាតិ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ថ្ងៃ​ទី ៨ ខែ ធ្នូ ដោយ​មាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប គឺជា​សកម្មភាព​ពីរ ក្នុងចំណោម​សកម្មភាព​ជាច្រើន​ដែល​កំពុង​ធ្វើ​ឡើង​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ទិវា​ដ៏​មាន​សារសំខាន់​នេះ​។

​លោក George EDGAR ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​ថ្ងៃទី ១០ ធ្នូ ដែល​ជា​ទិវា​សិទ្ធិមនុស្ស ជានិច្ចកាល គឺជា​ទិវា​ដ៏​ពិសេស​សម្រាប់​សហភាព​អឺរ៉ុប​។ ថ្ងៃនេះ គឺជា​ទិវា​ដ៏​ពិសេស ព្រោះ​វា​គឺជា​ការ​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ការ​ប្រកាស​​ពី​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​”​។

លោក អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប មានប្រសាសន៍​បន្ថែម​ទៀត​ថា “​សេចក្តីប្រកាស​នេះ ដាក់ចេញ​នូវ​ចក្ខុវិស័យ​ពិភពលោក​មួយ ដែល​មនុស្ស​ទទួលបាន​សេរីភាព​ក្នុង​ការនិយាយស្តី និង​ប្រកាន់​ជំនឿ និង សេរីភាព​រួចផុត​ពី​ការភ័យខ្លាច និង​ការចង់បាន​។ ខ្ញុំ​ជឿថា នេះ​គឺជា​អ្វី​ដែល​យើងទាំងអស់គ្នា គួរ​ខិតខំ​ធ្វើ​ការងារ ដើម្បី​សម្រេច​ឱ្យបាន​។​”

​លោក George Edgar ឯកអគ្គរ​រដ្ឋទូត​សហភាព​អឺរ៉ុប បាន​ថ្លែងថា សូម​ស្វាគមន៍​មកកាន់​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​របស់​យើង​នៅថ្ងៃនេះ​។ ថ្ងៃទី​១០ ខែ ធ្នូ ដែល​ជា​ទិវា​សិទ្ធិមនុស្ស តែងតែ​ជា​ថ្ងៃ​ដ៏​ពិសេស សម្រាប់​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​ចាប់កំណើត​ចេញពី​ការ​ទទួលរង​ការ​សង្កត់សង្កិន និង​ការបំផ្លិចបំផ្លាញ ដែល​បាន​បង្ក​ឱ្យ​មាន​ការឈឺចាប់​យ៉ាង​ធំ​សម្បើម​នៅ​អឺរ៉ុប និង​នៅតាម​ប្រទេស​ជាច្រើន​ក្នុង​សកលលោក នៅ​ពាក់កណ្តាល​ទី​មួយ​នៃ​សតវត្សរ៍​ទី ២០ ជាមួយនឹង​ការ​តាំងចិត្ត​ថា សង្គ្រាម និង​ការ​ធ្វើទុក្ខ​បុកម្នេញ គួរតែ​លុបបំបាត់​ឱ្យអស់​ចេញពី​ទ្វីប​របស់​យើង​។ សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ម្នាក់ៗ គឺ​ជា​ស្នូល​នៃ​គម្រោង​របស់​អឺរ៉ុប​។

ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​វិសេសវិសាល​ដែល​យើង​ប្រារព្វ​ខួប​លើក​ទី ៧០ នៃ​ការប្រកាស​ដែល​ធ្វើឡើង​ដោយ​មហាសន្និបាត​សហប្រជាជាតិ ស្តី​ពី​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​។ ឯកសារ​នេះ កើតចេញ​ពី​ស្រមោល​អតីតកាល​នៃ​សង្គ្រាមលោកលើកទីពីរ ដែល​បង្កឡើង​ដោយ​របប​ហ្វា​ស៊ីស​និយ​ម ទាសភាព និង​ប្រល័យពូជសាសន៍​។ ឯកសារ​នេះ​ដាក់ចេញ​នូវ​ចក្ខុវិស័យ នោះ​គឺ “​ពិភពលោក​មួយ ដែល​មនុស្ស​ត្រូវ​ទទួល​បាន​សេរីភាព​នៃ​ការបញ្ចេញ​មតិ​យោបល់ ការ​មាន​ជំនឿ និង​សេរីភាព​រួចផុត​ពី​ការភ័យខ្លាច និង​ការ​ចង់​បាន​នានា​” ហើយ​ឯកសារ​នេះ រៀបរាប់​ពី​មាត្រា​ចំនួន ៣០ ស្តីពី​សិទ្ធិ​ជា​មូលដ្ឋាន ដែល​នៅតែ​បន្ត​មាន​សារៈសំខាន់ រហូតដល់​ពេល​បច្ចុប្បន្ន​នេះ ដូចគ្នា​នឹង​កាលពី ៧០ ឆ្នាំមុន​ផងដែរ នោះ​គឺ​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​មាន​សេរីភាព និង​សន្តិសុខ សិទ្ធិ​មាន​សមភាព​ចំពោះ​មុខ​ច្បាប់ សិទ្ធិ​មាន​សេរីភាព​ក្នុងការ​ដើរហើរ​, សិទ្ធិ​មាន​សេរីភាព​ក្នុង​ការ​មាន​មតិ​យោបល់ និង​បញ្ចេញមតិ​យោបល់ សិទ្ធិ​ធ្វើ​ការងារ សិទ្ធិ​ទទួលបាន​ជីវភាព​រស់នៅ​សមរម្យ និង​សិទ្ធិ​ទទួលបាន​សេវា​អប់រំ និង​សេវា​ថែទាំ​សុខភាព​។

សិទ្ធិ​ត្រូវ​អម​ជាមួយ​នឹង​កាតព្វកិច្ច​៖ មាត្រា ១ ចែងថា “​មនុស្ស​គ្រប់រូប … គួរ​ធ្វើ​ដាក់​គ្នា​ទៅវិញទៅមក ក្នុង​ស្មារតី​ជា​បងប្អូន​”​។ មាត្រា ២៩ ចែងថា “​មនុស្ស​គ្រប់រូប មាន​ភារកិច្ច​ចំពោះ​សហគមន៍ ដែល​តាមរយៈ​សហគម​ន៍​នេះ​តែប៉ុណ្ណោះ ដែល​ធ្វើឱ្យ​មនុស្ស​អាច​អភិវឌ្ឍ​បុគ្គលិកលក្ខណៈ​របស់ខ្លួន​ដោយ​សេរី និង​ពេញលេញ​”​។

ខ្ញុំ​សូម​ដកស្រង់​សម្តី​ចេញពី​សុន្ទរកថា ដែល​ថ្លែង​កាលពី​ពីរ​បី​ថ្ងៃ​មុន​នេះ ដោយ​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​គោលនយោបាយ​កិច្ចការបរទេស និង​សន្តិសុខ របស់​សហភាព​អឺរ៉ុប លោកស្រី Federica Mogherini​។ លោកស្រី​មាន​ប្រសាសន៍ថា​៖ “៧០ឆ្នាំ ក្រោយ​ពេល​ការដាក់ចេញ​នូវ​សេចក្តីប្រកាស​ជា​សកល យើង​មិន​អាច​មិន​យកចិត្តទុកដាក់​ចំពោះ​សិទ្ធិមនុស្ស​នោះឡើយ​។

យើង​នៅតែ​បន្ត​ធ្វើ​ការងារ​នៅក្នុង​ទ្វីប​របស់​យើង​៖ សង្គម​របស់​យើង​នៅទីនេះ ពោល​គឺ​នៅ​អឺរ៉ុប មិនទាន់​ជា​សង្គម​ដែល​ល្អឥតខ្ចោះ​នៅឡើយ​នោះទេ ហើយ​យើង​ទាំងអស់គ្នា មាន​ភារកិច្ច … បន្ត​ផ្តោត​ការយកចិត្តទុកដាក់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ទ្វីប​របស់​យើង​។ វា​ជា​រឿង​ដែល​អស្ចារ្យ ប្រសិនបើ​គេ​អាច​សម្រេចបាន​នូវ​សិទ្ធិ​មនុស្ស​តែ​ម្តង សម្រាប់​ទាំងអស់គ្នា – ប៉ុន្តែ​អ្វីៗ វា​មិន​ដូច្នោះ​ឡើយ សូម្បីតែ​នៅក្នុង​ជីវិត​។ ពុំមាន​អ្វី​ដែល​អាច​សម្រេច​បាន​តែ​ម្តង សម្រាប់​ទាំងអស់គ្នា​នោះឡើយ​។ ជានិច្ចកាល សិទ្ធិមនុស្ស គឺជា​ការងារ​ដែល​ត្រូវ​បន្ត​ធ្វើ​ជា​បន្តបន្ទាប់ ហើយ​គ្រប់​ជំនាន់​នីមួយៗ​ទាំងអស់ សុទ្ធតែ​មាន​ការទទួល​ខុស​ត្រូវ​ជាក់លាក់​រៀងៗ​ខ្លួន​។

​ក្នុង​ពេល​ដ៏​ពិបាក​ដូចជា​ពេល​របស់​យើង​នេះ ការទទួលខុសត្រូវរ​បស់​យើង គឺ​ត្រូវ​ចៀសវាង​នូវ​កំហុស​មួយ​៖ យើង​មិន​អាច​ចុះ​ញ៉ម​ចំពោះ​គំនិត​ដែលថា សេចក្តីប្រកាស​នេះ គឺជា​របស់​យុគសម័យ​ផ្សេងទៀត ឬ​ត្រឹមតែ​ជា​របស់​ប្រទេស​មួយចំនួន​តូច​នោះ​ឡើយ​។ សេចក្តីប្រកា​ស​នេះ គឺជា​អ្វី​ដេល​បង្កើតឡើងកាល​ពីអតី​ត​កាល​។ គេ​ហៅ​ឯកសារ​នេះ ថា​ជា​សេចក្តីប្រកាស​ជា​សកល ដោយសារ​មូលហេតុ​មួយ​៖ នោះ​គឺ​ព្រោះតែ​តំណាង​មក​ពី​គ្រប់ទិសទី ក្នុង ពិភពលោក​បាន​ចូលរួម​ជាមួយ​គ្នា និង​ឯកភាព​គ្នា លើ​គោលការណ៍ ដែល​មិនមែន​ត្រឹមតែ​ជា​របស់​វប្បធម៌​មួយ ឬ​អារ្យធម៌​នោះឡើយ​។

​ពិភពលោក​បាន​ឆ្លងកាត់​នូវ​គ្រោះ​មហន្តរាយ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស ដែល​ក្នុង​នាម​ជា​ជនជាតិ​អឺរ៉ុប យើង​មាន​ការទទួលខុសត្រូវ​ភាគច្រើន​។ ហើយ​ពិភពលោក​ទាំងមូល កាលពី​ពេល​នោះ បាន​រកឃើញ​នូវ​សេចក្តីក្លាហាន ដើម្បី​ពួត​កម្លាំង​គ្នា ស្វែងរក​ចំណុច​រួមគ្នា​មួយចំនួន បន្ទាប់​ពី​សោកនាដកម្ម ដែលនាំឱ្យ​មាន​ការបំផ្លិច​បំផ្លាញ​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ទុក​ដោយឡែក​នូវ​ភាព​ខុសប្លែក​គ្នា​ខាង​មនោគមន៍វិជ្ជា វប្បធម៌ និង​សាសនា ដើម្បី​បន្ត​ចូលរួម​ជា​ធ្លុង​មួយ​។

​ថ្ងៃនេះ ជាថ្មី​ម្តងទៀត យើង​ចាំបាច់​ត្រូវ​ស្វែងរក​ស្មារតី​ឯកភាព​គ្នា​ជា​សកល​បែបនេះ​។ យើង​ចាំបាច់​ត្រូវ​ចាំ​ថា មាន​អ្វី​មួយ ដែល​ចង​យើង​ទាំងអស់​គ្នា​ក្នុងនាម​ជា​មនុស្ស ដោយ​យើង​ត្រូវ​ទុក​មួយ​ឡែក​នូវ​ភាព​ខុសប្លែកគ្នា និង​ការ​មិន​យល់ស្រប​គ្នា​របស់​យើង​។

ខ្ញុំ​ជឿថា យើង​ត្រូវ​ចងចាំ​ថា សេចក្តីប្រកាស​ជា​សកល អង្គការសហប្រជាជាតិ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ និង​រាល់​វិធាន​ទាំងអស់​ដែល​យើង​បាន​ឯកភាពគ្នា​កន្លងមក ពុំមែន​ជា​មធ្យោបាយ​សម្រាប់​រាំងខ្ទប់ ពុំមែន​ជា​ឧបសគ្គ ដែល​រារាំង ដល់​ការសម្រេច​ផលប្រយោជន៍​ជាតិ​ណាមួយ​របស់​យើង​នោះឡើយ​។ នៅពេលដែល​យើង​រួមគ្នា វា​គឺជា​រឿង​ផ្ទុយទៅវិញ​ទេ​ដែល​កើតមានឡើង​។ គោលការណ៍​ទាំងនេះ ហេតុផល​រួមគ្នា​ទាំងនេះ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ សហត្ថិភាព និង​ជា​វិធី​តែ​មួយគត់​ដែល​យើង​មាន ដើម្បី​រក្សា លើកកម្ពស់​ផលប្រយោជន៍​ជាតិ និង​បញ្ចៀស ក៏​ដូចជា​ទប់ស្កាត់​មិនឱ្យ​មាន​មហន្តរាយ​មួយទៀត​កើតឡើង​សាជាថ្មី​។

៧០ ឆ្នាំក្រោយ យើង​ត្រូវ​ត្រឡប់​ទៅ​មើល​ស្មារតី​កាលពី​ឆ្នាំ ១៩៤៨​។ ហើយ​យើង​ត្រូវ​តម្កល់​សេចក្តីប្រកាស​ជា​សកល​ជា​ស្នូល​នៃ​ការងារ​ប្រចាំថ្ងៃ​របស់​យើង​។ សេចក្តីប្រកាស​ជា​សកល នៅតែមាន​សារៈសំខាន់​សម្រាប់​បច្ចុប្បន្ន​នេះ​។ សេចក្តីប្រកាស​ជា​សកល ត្រូវតែ​ជា​ភ្លើង​ប្រទីប​បំភ្លឺ​អនាគត​នៃ​សហភាព​អឺរ៉ុប​របស់​យើង ក៏ដូចជា​សម្រាប់​ពិភពលោក​ទាំងមូល​។​”

ប្រទេស​កម្ពុជា ក៏​ធ្លាប់​ឆ្លងកាត់​របប​សង្កត់​សង្កិត និង​ប្រល័យពូជសាសន៍​ក្នុង​ទសវត្សរ៍ ១៩៧០ ផងដែរ ហើយ​ដែល​យើងទាំងអស់គ្នា ត្រូវបាន​រំឭក​ឡើងវិញ កាលពី​ពីរ​បី​សប្តាហ៍​មុននេះ អំពី​របប​នេះ នៅពេល​ដែល​សភា​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចេញ​សាលក្រម​សម្រាប់​សំណុំរឿង ០០២/០២​។ ប្រទេស​កម្ពុជា ក៏​បាន​ឆ្លងកាត់​ជម្លោះ​ដែល​អូសបន្លាយ​ថែម​ម្ភៃ​ឆ្នាំ​ទៀត មុន​ពេល​ដែល​សន្តិភាព​បាន​ចាប់បដិសន្ធិ តាមរយៈ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ ក្រោម​ការដឹកនាំ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ខ្ញុំ​សូម​សម្តែង​នូវ​ការគោរព​ចំពោះ​បុគ្គល​គ្រប់​រូប ដែល​បាន​ធ្វើ​ការងារ​ក្នុង​ទសវត្សរ៍​កន្លង​ទៅនេះ ចាប់តាំងពី​ឆ្នាំ ១៩៧៩ ដើម្បី​ស្តារ​ឡើង​វិញ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្រោយ​សោកនាដកម្ម​ក្នុង​របប​ខ្មែរក្រហម​។ ហើយ​ខ្ញុំ​សូម​សម្តែង​នូវ​ការគោរព​ចំពោះ​បុរស និង​ស្ត្រី​គ្រប់​រូប ទាំង​ក្នុង​ជួរ​រដ្ឋាភិបាល ទាំង​ក្នុង​សង្គម​ស៊ីវិល ដែល​បាន​ខិតខំ ពុះពារ​កសាង​សង្គម​មួយ ផ្អែក​លើ​អ្វី​ដែល សេចក្តីប្រកាស​ជា​សកល​ពិពណ៌នា​ថា​ជា “​សេចក្តីថ្លៃថ្នូរ និង​តម្លៃ​របស់​មនុស្ស សិទ្ធិ​ស្មើភាព​គ្នា​របស់​បុរស និង​ស្ត្រី វឌ្ឍនភាព​ក្នុងសង្គម និង​ការលើកកម្ពស់​ជីវភាព​រស់នៅ ហើយ​ទន្ទឹម​គ្នា​ផ្តល់​សេរីភាព​កាន់តែ​ច្រើន​ជាង​មុន​”​។

​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ផង​ដែរ ចំពោះ​ក្រុម​សៀក​ហ្វា ដែល​នឹង​សម្តែង​ជូន​យើងទាំងអស់គ្នា​ទស្សនា ដើម្បី​ជា​ការ​ប្រារព្ធ​អបអរ​ខួប​ដ៏​សំខាន់​នៅ​ថ្ងៃនេះ​។ សម្រាប់​អ្នក​ទាំងអស់​គ្នា ដែល​ពុំ​ទាន់​ស្គាល់​ក្រុម​សៀក​ហ្វា សិល្បករ​ក្នុង​ក្រុម​សៀក​នេះ គឺ​ជា​សិស្ស និង​អ្នក​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ហ្វា​ពន្លឺ​សិល្បៈ​ក្នុង​ខេត្ត​បាត់ដំបង​។ ហ្វា​ពន្លឺ​សិល្បៈ​ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ ១៩៩៤ ដោយ​យុវជន​ចំនួន ៩ នាក់ ដែល​បាន​វិល​ត្រឡប់​មកពី​ជំរុំ​ជនភៀសខ្លួន ក្រោយ​របប​ខ្មែរក្រហម​បាន​ផុតរលត់​។ ចាប់​ផ្តើមដំបូង ក្នុងនាម​ជា​សាលា​សិល្បៈ សាលា​នេះ បាន​រីកចម្រើន​ក្លាយទៅជា​សាលា​ធា​រណៈ​មួយ ដែល​ផ្តោត​ការយកចិត្តទុកដាក់​លើ​សិល្បៈ​ទស្សនីយភាព ហើយ​ក្រុម​សៀក​នេះ កើត​ចេះ​ពី​សមិទ្ធផល​នេះ​។ អ្នក​សម្តែង​ប្រើប្រាស់​ការសម្តែង​បែប​ជា​រឿង តន្ត្រី ការ​រាំ និង​សិល្បៈ​សៀក​បែប​សហ​សម័យ ដើម្បី​និទាន​ប្រាប់​ពី​រឿងរ៉ាវ​ដែល​មាន​លក្ខណៈ​ពិសេស​នៅ​កម្ពុជា​។ ខ្ញុំ​ធ្លាប់​ទស្សនា​ការសម្តែង​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង ហើយ​ខ្ញុំ​មាន​មោទកភាព​ដោយ​សហភាព​អឺរ៉ុប គឺជា​ដៃគូ​មួយ​ក្នុង​ការអភិវឌ្ឍ​ក្រុម​នេះ ៕​ ​ដោយ​ ៖​ កូឡាប​

spot_img
×