Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាំមើល​មុខ​នរណា​ខ្លះ​ចូលធ្វើ​នយោបាយ​វិញ តែ​លោក សម រង្ស៊ី ព្រមាន​មន្ត្រី​របស់ខ្លួន​ថា បើ​អ្នកណា​ទទួលយក​ការដក​បំរាម​ធ្វើ​នយោបាយ​វិញ ពី​លោក ហ៊ុន សែន គឺ​ក្បត់បក្ស​

spot_img

​ភ្នំពេញ​ ៖ លោក សម រង្ស៊ី ដែល​ប្រកាស​ដោយ​ខ្លួនឯង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ទុកជាមុន​ថា លោក​មិន​ត្រូវការ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើកផ្លូវ​ឲ្យ​ពួកលោក ធ្វើ​នយោបាយ​ឡើងវិញ​នោះទេ បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ​រួច​នៅពេល​ខាងមុខនេះ​។​

ជាមួយគ្នា​នោះ លោក សម រង្ស៊ី បាន​ព្រមាន​ថា បើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ព្រម​ទទួលយក​ការដក​បំរាម​នេះ ពី​លោក ហ៊ុន សែន គឺជា​អ្នក​ក្បត់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Sam Rainsy’s កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨ បានសរសេរថា “​សារ​ជូនទៅ​លោក ហ៊ុន សែន​ ​ក្នុងនាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨ រូប ដែល​តុលាការ​កំពូល បាន​ដកហូត​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ តាំងពី​ថ្ងៃ ១៦ វិច្ឆិកា ២០១៧ មក ខ្ញុំ​សូម​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា​មិនចាំបាច់​គិតគូរ​ពី​ពួកយើង​ទេ ពីព្រោះ​ពួកយើង​មិនត្រូវ​ការ​ឲ្យ​គេ​ផ្តល់​សិទ្ធិ ធ្វើ​សកម្មភាព​នយោបាយ​ឲ្យ​ពួកយើង​វិញ​ទេ ដរាបណា​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​បានទទួល​សេរីភាព​ពេញលេញ​នៅឡើយ​ទេ ហើយ​ដរាបណា​អជ្ញាធរ ទីក្រុង​ភ្នំពេញ មិនទាន់បាន​ទម្លាក់ចោល នូវ​រាល់​ការចោទប្រកាន់ មកលើ​លោក​ប្រធាន កឹម សុខា​។ ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​ស្គាល់​ច្បាស់ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨ រូបនោះ ពីព្រោះ​អ្នក​ទាំងនោះ បានទទួល​តំណែង​របស់ខ្លួន នៅពេលដែល​ខ្ញុំ​កាន់តំណែង ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

​សម រង្ស៊ី​ ​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ​យើង​ចាំ​មើលថា ក្នុងចំណោម អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១១៨ រូបនោះ តើ​មាន​នរណា​ខ្លះ​ចង់​ទទួលបាន​សិទ្ធិ ធ្វើ​សកម្មភាព​នយោបាយ​វិញ តែ​សុខចិត្ត​ឲ្យ​លោក កឹម សុខា ត្រូវបាន​លោក ហ៊ុន សែន ចាប់​ទុក​ឃុំឃាំង​ដដែល ដោយសារតែ​ប្រធាន​របស់​យើង នៅតែ​ត្រូវបាន​លោក ហ៊ុន សែន ចោទប្រកាន់​ពីបទ​ក្បត់ជាតិ​ដដែល​។ អ្នក​ដែល​ចង់តែ​រួចខ្លួន ខ្លួនឯង​ប៉ុណ្ណោះ ដោយ​មិន​គិតគូរ​ពី​វាសនា​លោក​ប្រធាន កឹម សុខា និង​ពី​វាសនា​គណបក្ស​យើង អ្នកនោះ​ដើរ​តាមផ្លូវ​ដែល ហ៊ុន សែន កំណត់​ឲ្យ​ដើរ ហើយក៏​យល់ព្រម​លេងល្បែង​ដែល ហ៊ុន សែន កំណត់​ឲ្យ​លេង​។ អ្នកនោះ បើ​មិនមែនជា​មនុស្ស​ល្ងង់​ទេ គឺជា​មនុស្ស​ដែល​ចាប់ផ្តើម​ក្បត់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍ សម្រួល​ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម​។ តាម​សេចក្តីថ្លែងការណ៍​របស់ រាជរដ្ឋាភិបាល កម្ពុជា​នឹងសិក្សា​ដើម្បី​ដក​បម្រាម​ធ្វើ​នយោបាយ ពី​អ្នកនយោបាយ​ដែល​តុលាការ​កាត់ទោស ដែល​សម្តៅ​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​នយោបាយ​ឡើងវិញ​។​

​រដ្ឋសភា ក៏បាន​សម្រេច​បើក​កិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​បោះឆ្នោត​អនុម័ត​លើ សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ​។​

​ចំណែក​លោក​គង់ គាំ បាន​និយាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​១១​ធ្នូ​នេះ​ថា ច្រាស់ច្រាលៗ នៅ​ជិត​មាត់ជ្រោះ​។​

​ម្តង​ប្រធាន​ចលនា ម្តង​ប្រធានស្តីទី (​អតីត​…​សង្គ្រោះ​ជាតិ​)​។ ម្តង​ដោះលែង កឹម សុខា មុន ម្តង សម រង្ស៊ី កឹម សុខា ជា​មនុស្ស​តែមួយ ម្តង​មិនចាំបាច់​គិតពី​អ្នក ១១៨​ទេ​។​(​លទ្ធផល​) សម រង្ស៊ី កឹម សុខា មិនអាច​ស្ថិត​ជា​កញ្ចប់​។ កឹម សុខា មិនអាច​ដោះលែង​មុន​ខែមីនា ដោយសារ​ការ​ភ្នាល់ ដែល​សម រង្ស៊ី ទារ​ហ៊ុន សែន ចុះចេញ​។ កឹម សុខា គាំទ្រ – សម រង្ស៊ី មិន​គាំទ្រ ៖ អ្នកនយោបាយ​ទទួលបាន​ការលើក​បម្រាម មាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​)​។ ផ្លេកបន្ទោ​ខុសរដូវ មិនអាច​ចេញ​ព្យុះ ចេញ​ភ្លៀង​បានទេ​។​

​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ត្រូវបាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដោយ​ធ្វើ​វិសោធនកម្ម ទៅលើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បន្ថែម​នូវ​វា​ក្ស​ខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូចតទៅ​៖ “​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់ ដែល​កំណត់ដោយ សាលដីកា​របស់​តុលា ការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់ នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”៕​ ដោយ​ ៖ ​រចនា​

spot_img
×