Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងអស់ សូម​ចូលរួម​ទស្សនា ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​

spot_img

​កោះកុង ​៖ ជាមួយនឹង​ការរំពឹង​ទុក​ថា ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រហែល យ៉ាងតិច​៩​ម៉ឺន​នាក់​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន និង​លោកស្រី មិថុនា ភូថ​ង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងអស់ សូម​ចូលរួម​ទស្សនា​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​នេះ​ឱ្យបាន​ច្រើន​កុះករ​។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​លេង​បុណ្យ​សមុទ្រ​ក្នុង​រយៈពេល​៣​ថ្ងៃ ក៏​អាច​ឆ្លង​ទៅ​លេង​ដល់​ខេត្ត​ត្រាត​ប្រទេស​ថៃ​បានដែរ ដោយ​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ជាមួយ បើ​ចង់​បើករថយន្ត​ចូល​ខ្លួន​ឯង ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ ហើយ​បើ​មាន​ក្មេង​តូចៗ​ទៅ​ជាមួយ​ត្រូវ​យក​រូបថត​ទៅ​ផង ពោល​គឺ​មិន​ចាំបាច់​មាន​លិខិតឆ្លងដែន​ក៏​បាន (​តែបើ​មាន​លិខិតឆ្លងដែន Passport ក៏​គួរ​យក​តាម​ផង កាន់តែ​ងាយស្រួល​)​។​

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ (​ជុំ​ទី​២) នៅ​ខេត្ត​កោះកុង​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៤-១៥-១៦ ខែ​ធ្នូ​ខាងមុខ ក្រោម​ប្រធានបទ ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ គឺ​នៅសល់​តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​នេះ​នឹង​ឈាន​ចូល​មក​ដល់​ហើយ​។ ពិធី​បើក​ជា​ផ្លូវការ​នឹង​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃទី​១៥ ធ្នូ ២០១៨ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​ក្រោយ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ នៅ​សាលា​ខេត្តកោះកុង នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​អះអាង​ថា ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​សម្របសម្រួល​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទាំងសងខាង ក្នុងការ​ទៅ​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ត្រាត​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្រ​ខាងមុខ​។​

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ​ហើយ​មាន​បំណង​ចង់ទៅ​លេង​កម្សាន្ត​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ ត្រូវ​យក​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ ហើយ​ប្រសិនបើ​មាន​កូនចៅ​ក្មេងៗ​ទៅ​ជាមួយ ត្រូវដាក់​រូបថត​របស់​ពួកគេ​ទៅ​ជាមួយ​ផង ដើម្បី​បញ្ជាក់​ជូន​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រក​ព្រំដែន​ចាំ​យាម​។​

​លោកស្រី មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង បានបញ្ជាក់​ជាមួយគ្នា​នោះ​ដែរ​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ចង់​បើក​រថយន្ត​របស់​ខ្លួន​ទៅ​ផ្ទាល់​ទេ ក៏​អាច​ផ្ញើ​រថយន្ត​នៅ​វត្ត​ចាំ​យាម ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​បាន ហើយ​គេ​នឹង​មាន​រថយន្ត​ពី​ខាង​ថៃ​មក​ទទួល​ទៀត​ផង​។ ក្រៅពីនេះ បើ​បងប្អូន​ចង់​ទៅ​ស្នាក់​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នៅ​ខ្លងយ៉ៃ ឬ​ទី​រួម​ខេត្ត​ត្រាត​ក៏​បាន​ដែរ ដែល​មាន​តម្លៃ​សមរម្យ​។ ខេត្ត​បាន​រៀបចំ​បញ្ជរ​ពត៌មាន​នៅ​៣​ទីតាំង​គឺ​នៅ​៖

១.​រង្វង់​គល់​ស្ពាន​កោះកុង ២.​នៅ​វត្ត​ចាំ​យាម ៣.​នៅ​ច្រកទ្វា​អន្តរជាតិ​ចាំ​យាម ។ (​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​កក់​បន្ទប់ និង​ទំនាក់ទំនង​ព័ត៌មាន ផ្ទះសំណាក់ សណ្ឋាគារ និង​ទីតាំង​កម្សាន្ត​៖016-444-938/016-444-937) ​លោក​រដ្ឋមន្ត្រី និង​លោកស្រី​អភិបាលខេត្ត បាន​បន្តថា ចំពោះ​ផ្លូវជាតិ​លេខ​៤៨ ដែល​ចេញ​ពី​រង្វង់​មូល​ស្រែអំបិល​ឆ្ពោះទៅ​ខេត្ត​កោះកុង ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្រុមការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមការងារ​របស់​កង​វិស្វកម្ម បានសម្រេច​ការជួសជុល​រួចរាល់ ១០០​ភាគរយ ហើយ​។​

​ទន្ទឹមនឹងនោះ ក្រសួង​ទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​កោះកុង​ក៏​បាន​សហការ​គ្នា​រៀបចំ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​មួយចំនួនទៀត សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​ផងដែរ​ដូចជា រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ តំបន់​អេកូ​ទេសចរណ៍​ឆាយ​អា​រ៉ែ​ង តា​តៃ ព្រៃកោងកាង ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្លង រមណីយដ្ឋាន​ចេតិយ​ឃុន​ឆាង តំបន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ព្រម​ទាំង​កម្មវិធី​កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត​ផង​ដែរ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

    

spot_img
×