Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​បិទ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង ក្រសួង​អប់រំ បង្កើត​គណៈកម្មការ ដោះស្រាយ​

spot_img

​ភ្នំពេញ​៖ ករណី​បិទ​តារាង​បាល់ទាត់​នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​គណៈកម្មកា​រ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទីលាន នៃ​កីឡដ្ឋាន​បាល់ទាត់​ខេត្ត​កំពង់ឆ្នាំង​។​

​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​លិខិត​ឧទ្ទេស​នាម បាន​ចាត់តាំង​ថ្នាក់ដឹកនាំ និង​បុគ្គលិក​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបានចាត់តាំង​ជា​គណៈកម្មការ ដើម្បី​ចុះ​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​ទីលាន​កីឡាបាល់ទាត់ នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ដឹកនាំ​ដោយ​លោក​ស សុខា រដ្ឋលេខាធិការ ជា​ប្រធាន និង​មាន​អនុប្រធាន​២​រូប និង​សមាជិក​ចំនួន​៩​រូប​។​

​តាម​លោក អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងថា រដ្ឋបាលខេត្ត​ឯកភាព​ជា​គោលការណ៍ ប្រកាស​បញ្ឈប់ មិនឲ្យ​មាន​ការប្រកួ​តបាល់ទាត់ ឬ​ការហ្វឹកហាត់ ឬ​ការលេងកម្សាន្ដ ដើម្បី​សុខភាព​នៅ​ទីលាន​បាល់ទាត់​ខាង​មុខ​សាលាខេត្ត​។ លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ការបិទ​ទីលាន​បាល់ទាត់​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​នេះ ដើម្បី​បង្ការ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ និង​ចៀសវាង​ការរំខាន​ដល់​អង្គភាព​ក្នុង​ការបំពេញ​ភារកិច្ច ។ ទីលាន​នេះ​អាច​បន្ត​ការប្រកួត​កីឡា​ណា ដែល​មិន​ប៉ះពាល់​ដល់​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ និង​មិន​បង្ក ការរំខាន​ការបំពេញ​ភារកិច្ច​របស់​ស្ថាប័ន អង្គភាព​ដែល​មាន​ទីតាំង​នៅ​ជុំវិញ​។ សាលាខេត្ត​ចំណាយ​ថវិកា​ដើម្បី​ជួសជុល​កែលម្អ​ទីលាន​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​ខេត្ត (​វត្ត​ធម្មយុត្តិ​) សម្រាប់​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ឬ​ហ្វឹកហ្វាត់​កីឡាបាល់ទាត់ឬ​លេង​បាល់ទាត់​កម្សាន្ត ដើម្បី​សុខភាព​ជំនួស​វិញ​។

​រយៈពេល​ជាង ១​សប្ដាហ៍​មក​ហើយ​ដែល​រដ្ឋបាល​ខេត្ត ក្រោម​ការដឹកនាំ​របស់​លោក ឈូរ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រកាស​បិទ​កីឡដ្ឋាន​ខេត្ត មិនឲ្យ​មាន​សកម្មភាព​បាល់ទាត់​ផ្សេងៗ​ដោយ​សំអាង​លើ​ហេតុផល ២​យ៉ាង ទី​១-​ដើម្បី​បង្ការ និង​បញ្ចៀស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ និង​ទី​២-​ជៀសវាង​ការរំខាន​ដល់​អង្គភាព​នៅ​ជុំវិញ​កីឡដ្ឋាន ក្នុង​ការបំពេញ​ភារកិច្ច​ប្រចាំថ្ងៃ​។ ប៉ុន្ដែ​ការសម្រេច​នេះ មិន​ទទួលបាន​ការគាំទ្រ​ពី​មហាជន​នោះទេ​។​

​ផ្ទុយទៅវិញ​មហាជន​ភាគច្រើន បាន​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ ដោយសារ​កីឡដ្ឋាន​ខេត្ត គឺជា​កន្លែង​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ ធ្វើការ​ហាត់ប្រាណ និង​លេង​កីឡា ស្របតាម​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​លើកកម្ពស់​ប្រជាពលរដ្ឋ​ឲ្យចូល​រួម​លេង​កីឡា​។ មិនតែប៉ុណ្ណោះ សម្រេច​ក៏​បាន​អំពាវនាវ​អាជ្ញាធរ​គ្រប់​ខេត្ត ត្រូវ​រៀបចំ​កន្លែង​សាធារណៈ និង​ទីធ្លារ​សម្រាប់​លេង​កីឡា និង​ហាត់ប្រាណ​ដល់​ប្រជាពលរដ្ឋ​ទៀត​ផង​។​

​ប៉ុន្ដែ​យ៉ាងណា​ពេលនេះ ប្រជាពលរដ្ឋ កំពុង​ចាំ​អ៊ុត​ដំណោះស្រាយ​របស់​ក្រសួង​អប់រំ ដែល​ទើប​បង្កើត​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ ដែល​ដឹកនាំ​ដោយ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ប្រជាពលរដ្ឋ​ភាគច្រើន សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោយ​មាន​ការអន្ដរាគមន៍​ពី​ក្រសួង​អប់រំ កីឡដ្ឋាន​ខេត្ត​នេះ នឹង​ត្រឡប់​សភាព​ដើម​វិញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ហាត់ប្រាណ និង​ការលេង​កីឡា​របស់​យុវជន​។ មួយវិញទៀត បើ​រដ្ឋបាល​ខេត្ត​ខ្លះ​ប៉ះពាល់​ដូច្នោះ​មែន អាជ្ញាធរ​ខេត្ដ ក៏​អាច​ប្រើប្រាស់​របាំង​ការពារ​ក៏​បាន មិនមែន​ដំណោះស្រាយ ទាល់តែ​បិទ​កីឡដ្ឋាន​នោះទេ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×