Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ត្រៀមខ្លួន ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​អ្នកនយោបាយ​គ្រប់រូប ដែល​ហាមឃាត់​ធ្វើ​នយោបាយ​កន្លងមក ក្រោយ​ច្បាប់​ចូល​ជា​ធរមាន​

spot_img

​ភ្នំពេញ ​៖ សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាសថា សម្តេច​បាន​ត្រៀម​រួចរាល់​ហើយ ក្នុង​ការស្នើ​ថ្វាយ​ព្រះមហាក្សត្រ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ចំពោះ​អ្នក​នយោបាយ​គ្រប់រូប ដែល​តុលាការ​ហាមឃាត់ សិទ្ធិ​ធ្វើ​នយោបាយ​កន្លងមក នៅពេល​សេចក្តីស្នើច្បាប់​នេះ ចូល​ជា​ធរមាន​។

​ការប្រកាស និង​ព្រមាន​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ខណៈ​ដែល​ស​ម្តេច បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ចំនួន ១៧,៦២១​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៣ ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​ផ្ញើ​សារ​ជូន​ទៅ​ប្រជាពលរដ្ឋ និង​បណ្តា​បក្សនយោបាយ ហេតុអ្វី​បានជា​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយមិនមែន​សំដៅ​ទៅលើ​បក្ស​នយោបាយ​ណាមួយ​នោះទេ ឬ​ក្រុម​ណាមួយ​ទេ ក៏ប៉ុន្តែ​ធ្វើ​នេះ​គឺ​សំដៅលើ​គ្រប់​គណបក្ស​នយោបាយ ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជាព្រោះថា​នៅ​ក្នុង​ច្បាប់​ស្តីពី​ពន្ធនាគារ បាន​អនុញ្ញាត​​​ឲ្យ​នាយករដ្ឋមន្ត្រី សុំ​លើកលែង​ទោស​ឲ្យ​ទណ្ឌិត​នៅពេល​ណា​ក៏​បាន​។ នៅក្នុង​ច្បាប់​នេះ បានអនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ លើកលែង​ទោស​នៅពេលណា​ក៏​បាន​ដែរ​។ ប៉ុន្តែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​បក្ស​នយោបាយ​នោះ​ត្រូវ​រំលាយ ហើយ​មេដឹកនាំ​របស់​គេ ត្រូវ​បាន​ហាមឃាត់​ធ្វើ​នយោបាយ មិន​មាន​ច្រក​ណាមួយ​បើកផ្លូវ ឲ្យ​នាយក​រដ្ឋមន្ត្រី ធ្វើ​ការសុំ​លើកលែង​ទេ ហើយ​ផ្លូវច្បាប់ សាលក្រម​តុលាការ​កំពូល​បិទផ្លូវ​តវ៉ា ដូច្នេះ​បានន័យថា អត់​មាន​ច្រក​ចេញ​តែ​ម្តង ។ សម្តេច​បន្តថា នៅ​មាន​ជម្រើស​មួយទៀត ពាក់ព័ន្ធ​ជាមួយ​នឹង​បើក​ច្រក​ឲ្យ​នាយករដ្ឋមន្ត្រី ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​លើក​បម្រាប ហាមឃាត់​ការធ្វើ​នយោបាយឲ្យ​អ្នក​នយោបាយ​ឡើង​វិញ​។ នេះ​មិនមែន​សំដៅ​ទៅលើ​ក្រុម​ណាមួយ​នោះទេ គឺ​សំដៅ​រៀបចំ​ដំណើរ ជីវិត​នយោបាយ នៃ​បណ្តា​បក្សនយោបាយ តែ​ទៅ​អនាគត តែ​ក្នុងនោះ​វា​អាច​ដោយ​មនុស្ស​មួយចំនួន ដែល​ត្រូវបាន​តុលាការ​កាត់​រំលាយ ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ នៅពេល​នេះ​ដែរ ប្រសិនបើ គេ​មាន​ការស្នើសុំ​មក​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​បាន​ពិនិត្យឃើញ​ថា គេ​មិន​បាន​ប្រឆាំង​នឹង​សាលដីកា តុលាការ​កំពូល​នោះ​ទេ​។ ត្រូវ​ចាំ​ថា អ្នក​ដែល​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល មិនមែន​ត្រឹមតែ​អត់​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ គឺ​ត្រូវ​ជាប់គុក​ថែមទៀត​ផង ព្រោះ​កាលណា​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល​ដូចជា​ត្រូវ ជាប់គុក​រហូត​ទៅ​ដល់​២​ឆ្នាំ​កន្លះ ដូច្នេះ​នៅពេល​ច្បាប់​ចូលជា​ធរមាន ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​ត្រៀម​នឹង​ទទួលយក​នូវ​សំណើ​របស់​សាមីជន​ម្នាក់ៗ មិនមែន​តំណាងឱ្យ​បក្ស​នយោបាយ​ណាមួយ​មក​ស្នើ​ទេ បុគ្គល​ម្នាក់ៗ​ត្រូវ​ស្នើ​មក​នាយករដ្ឋមន្ត្រី ឬ​ស្នើ​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពីព្រោះ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី ស្នើ​ទៅ​ព្រះមហាក្សត្រ ។ មិនមែន​ចេញ​ច្បាប់​ហើយ អ្នក​ទាំងនោះ​រួច​អស់​នោះ​ទេ គឺ​ម្នាក់​ម្តងៗ ម្នាក់​មាន​ព្រះរាជក្រឹត្យ​មួយ ឬ​បួន​ប្រាំ​នាក់​មក​សុំ​ម្តង មាន​ព្រះរាជក្រឹត្យ​មួយ អីចឹង​គឺជា​ឆន្ទានុសិទ្ធិ​របស់​នាយក​រដ្ឋមន្ត្រី​នៅ​ត្រង់​កន្លែង​នេះ​។

ការបើក​ច្រក​នេះ​សម្រាប់​អនាគត​កម្ពុជា មិនមែន​សម្រាប់​មនុស្ស​ប៉ុន្មាន​នាក់​នេះ​ទេ ហើយ​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បម្រាម​របស់គេ​មាន​រហូតដល់​ឆ្នាំ​២០២២ ឬ​២០២៣ ទោះបីជា​មិន​បាន​លើកលែង ក៏​ត្រូវ​បាន​របូត​ដែរ ពីព្រោះ​គេ​ហាម​តែ​៥​ឆ្នាំ ប៉ុន្តែ​អ្នក​ដែល​ចង់បាន​រួច​មុន​៥​ឆ្នាំ ត្រូវ​ធ្វើ​សំណើ​មក​នាយក​រដ្ឋមន្ត្រី ឬ​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ។ រឿង​មាន​តែ​ប៉ុណ្ណឹង​។

​សេចក្តីស្នើច្បាប់​ស្តី​ពី​វិសោនកម្ម ច្បាប់​គណបក្សនយោបាយ ត្រូវបាន​រៀបចំ​ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដើម្បី​កែប្រែ​នូវ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយដោយ​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) ដូចតទៅ​៖ បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការសម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​

​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​រដ្ឋសភា​សម្រេច​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្អែក​នេះ ដែល​គេ​ជឿថា នឹង​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ដែល​គោរព​ត្រឹមត្រូវ​តាម​សាលដីកា​របស់​តុលាការ​កំពូល​នោះ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ពន្យល់​ផងដែរ​ថា សេចក្តីស្នើច្បាប់​នេះ ធ្វើ​ឡើង​មិន​តម្រូវ​ចំពោះតែ​គណបក្ស​ណាមួយ​នោះទេ ប៉ុន្តែ​ជា​ការ​សម្តៅ​អនុវត្ត​ចំពោះ​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា ដែល​អាច​នឹង​កើតឡើង​រឿង​នេះ​នៅ​ថ្ងៃ​ណា​មួយ​។​

លោក សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ កាល​ពី​ម្សិលមិញ បាន​ប្រឆាំង​ចំពោះ​ការរៀបចំ​ច្បាប់​នេះ​។ លោក​បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដោយ​ព្រមាន​ដល់​អតីត​ថ្នាក់​ដឹកនាំ​ទាំងអស់​ថា នរណា​ដែល​ទទួលយក​ការស្នើ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នា​ពេល​​ខាងមុខ​នេះ គឺជា​ជន​ក្បត់​នឹង​បក្ស​តែ​ម្តង​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×