Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ត្រស់ នាំ​គ្នា​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ភូមិ​ថ្មី

spot_img

​ខេត្ត​ស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​រស់នៅ​ក្នុង​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាននាំគ្នា​ទៅ​ចូលរួម​ធ្វើ​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខជន​ជា​អ្នកតំណាង​របស់​ខ្លួន​ធ្វើ​ជា​មេ​ភូមិ​របស់​ខ្លួន​សំ​ម្រាប់​បន្ត​ដឹកនាំ​ការងារ​នៅ​មូលដ្ឋាន ខណៈពេលដែល​លោក​មេភូមិ​ចាស់​មាន​ជម្ងឺ​លើស​សម្ពាធ​ឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន​ពុំ​អាច​បំពេញ​ការងារ​បាន ។

​ពិធី​បោះឆ្នោត​ដើម្បី​ធ្វើការ​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខជន​ជា​អ្នកតំណាង​របស់​ខ្លួន​ធ្វើ​ជា​មេភូមិ​ត្រស់​បាន​ប្រពឹត្ត​ទៅ​នា​បរិវេណ​វត្ត​ត្រស់​ស្ថិតក្នុង​ភូមិ​ត្រស់​ឃុំ​ត្រស់​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​ក្រោម​វត្តមាន​របស់ លោក ពៅ សា​វង់ មេឃុំ​ត្រស់ រួម​និង​អស់លោក លោកស្រី​ជា​ក្រុមប្រឹក្សាឃុំ .​មន្ត្រី​នានា​ដែល​មាន​ការពាក់ព័ន្ធ​រួម​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​។​

​លោក ពៅ សា​វង់ មេឃុំ​ត្រស់​បាន​មានប្រសាសន៍​ឱ្យដឹងថាៈ ដោយ​មាន​សំណូមពរ​ក៏ដូចជា​តាម​ការស្នើសុំ​ពី​សំណាក់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នករស់នៅ​ផ្ទាល់​ក្នុងភូមិ​ត្រស់ បាន​ស្នើសុំ​ធ្វើ​ការបោះឆ្នោត​ដើម្បី​ស្ទាបស្ទង់​រក​បេក្ខជន​ជា​អ្នកតំណាង​របស់​ខ្លួន​ធ្វើ​ជា​មេ​ភូមិ​របស់​ខ្លួន​សំរាប់​បន្ត​ដឹកនាំ​ការងារ​នៅ​មូលដ្ឋាន​ខណៈពេលដែល​លោក​មេភូមិ​ចាស់​មាន​ជម្ងឺ​លើស​សម្ពាធ​ឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន​ពុំ​អាច​បំពេញ​ការងារ​បាន ចាប់តាំងពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៨ រួច​មក​ទើប​ក្រុមប្រឹក្សា​ឃុំ​បាន​ធ្វើ​ការប្រជុំ​ដើម្បី​សម្រេច​ជ្រើស​រើស​​រក​បេក្ខជន​បាន​ចំនួន​៧​នាក់​ក្នុងនោះ​មាន​ស្ត្រី​១​នាក់​បាន​មក​ឈរឈ្មោះ​ឱ្យ​បងប្អូន​ប្រជា​ពល រដ្ឋ​ធ្វើ​ការបោះឆ្នោត​ដោយ​សេរី​តែម្តង​ទៅ​តាម​ការស្រលាញ់​ពេញចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​ការបង្ខិតបង្ខំ​រឺក៏​និន្នាការ​គណបក្ស​នយោបាយ​នោះ​ឡើយ​បើ​ពួកគាត់​ស្រលាញ់​ពេញចិត្ត​បេក្ខជន​ណា​នោះ​គឺ​ពួកគាត់​បោះឆ្នោត​ឱ្យ​តែ​ម្តង​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​មេឃុំ​ត្រស់​បាន​មានប្រសាសន៍​ឱ្យដឹង​ទៀត​ថាៈ​ពិត​មែន​ថា​ការជ្រើសរើ​សមេភូមិ​ពុំមាន​ច្បាប់​ឱ្យ​បោះឆ្នោត​ជ្រើសរើស​ជា​សកលក្តី​តែ​ដោយសារ​ការទទូច​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​ដូច្នេះ​ត្រូវតែ​ធ្វើ​ទៅ​តាម​ការ​ចង់បាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ពី​ព្រោះថា​ការជ្រើសរើស​មេភូមិ​នាពេល​កន្លងមក​គឺ​គេ​ធ្វើ​ការជ្រើសរើស​ជា​អសកល​ដោយ​ការ​រើស​យក​បេក្ខជន​អ្នក​នៅ​ក្នុង​ភូមិ​ដែល​គាត់​រស់នៅ​មក​ធ្វើការ​វាយ​តំលៃ​ត្រឹម​មេឃុំ​និង​ក្រុមប្រឹក្សា​ឃុំ​តែ​ប៉ុណ្ណោះ​មិន​មាន​ការចូលរួម​បោះឆ្នោត​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ភូមិ​នោះ​ទេ ហើយ​ចំពោះ​បេក្ខជន​ដែល​មាន​សម្លេង​គាំទ្រ​ច្រើន​ជាង​គេ​នៅ​ពេល​នេះ​គឺ​ត្រូវ​យក​ឈ្មោះ​ទៅ​ឆ្លង​ក្រុមប្រឹក្សា​ឃុំ​ជា​អ្នក​វាយ​តំលៃ​ដើម្បី​ធ្វើ​ការសម្រេច​ជ​បន្តទៀត​។​

​ពាក់ព័ន្ធ​ទៅ​និង​ការបោះឆ្នោត​ស្ទាបស្ទង់​ដើម្បី​រក​បេក្ខជន​ជា​អ្នកតំណាង​របស់​ខ្លួន​ធ្វើ​ជា​មេ​ភូមិ​របស់​ខ្លួន​សំរាប់​បន្ត​ដឹកនាំ​ការងារ​នៅ​មូលដ្ឋាន​នាពេលនេះ​លោក ព្រុំ សុន ដែល​បាន​ឡើង​ធ្វើ​ជា​មេភូមិ​ត្រស់​ជំនួស​លោក​មេភូមិ​ចាស់​មាន​ជម្ងឺ លើស​សម្ពាធ​ឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន​ពុំ​អាច​បំពេញ​ការងារ​បាន តាមរយៈ​ការសម្រេច​របស់​លោក​មេ​ឃុំ​ត្រស់​កាលពីដើមឆ្នាំ​២០១៨​នេះ​បាន​ឱ្យដឹង​ផង​ដែរ​ថា ៖ លោក​ក៏​មិនដឹងថា​តើ​មាន​មូលហេតុ​អ្វី​បានជា​មាន​ការស្នើសុំ​ធ្វើ​ការបោះឆ្នោត​រើស​មេភូមិ​នោះទេ ព្រោះ​នា​ពេលកន្លងមក​ខាង​ឃុំ​បានធ្វើការ​សម្រេច​ឱ្យ​រូប​លោក​ធ្វើ​ជា​មេភូមិ​រួច​ទៅ​ហើយ​។​

​ម្យ៉ាងទៀត​រូបលោក​ក៏​ជា​អនុប្រធាន​ភូមិ​នេះ​ស្រាប់​ផងដែរ តែ​ធ្វើ​ម៉េច​បើ​ប្រជាពលរដ្ឋ​គាត់​ចង់​បោះឆ្នោត​ដោយ​ផ្ទាល់​ជា​សកល​បើទោះបីជា​ពុំមាន​ច្បាប់​ពុំ​មាន​ចែង​ក៏ដោយ​ហើយ​លោក​ក៏​ពុំ​មាន​ការតវ៉ា​ប្រឆាំង​នោះ ខណៈ​សម្លេងគាំទ្រ​រូបគាត់​បាន​ចាញ់​សម្លេង​បេក្ខជន​ផ្សេង​ទៀត​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​នា​ពេល​នេះ​ហើយ​លោក​សង្ឃឹមថា​នៅ​ទូទាំង​ប្រទេស​ការជ្រើសរើស​មេភូមិ​គឺ​គេ​រើស​ដោយ​ការចូលរួម​បោះឆ្នោត​ជា​សកល​ពី​សំណាក់​ប្រជាពលរដ្ឋ​ដូច​អ្នក​នៅ​ឃុំ​ត្រស់​ស្រុក​រមាស​ហែក​ទៅ​ចុះ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​អស់​ចិត្ត ៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×