Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​ទទួលយក​អ្នកទោស​វៀតណាម ពី​ថៃ មក​ដាក់​គុក​នៅ​កម្ពុជា គឺ​ខុសច្បាប់​អន្តរជាតិ​

spot_img

​ភ្នំពេញ​ ៖ ករណី​មាន​ព័ត៌មាន​ថា​កម្ពុជា ទទួល​យក​អ្នកទោស​វៀតណាម ដែល​ផ្ទេរ​ពី​ប្រទេស​ថៃ មក​ដាក់​នៅក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​វិញ​នោះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង បាន​ច្រានចោល​ទាំងស្រុង ហើយ​បញ្ជាក់ថា អ្នកទោស​ខ្មែរ រក​តែ​កន្លែង​ដាក់​មិនបាន​ផង ម៉េច​ចង់យក​អ្នកទោស​គេ​មក​ដាក់ ដែល​ខុស​នឹង​ច្បាប់​អន្តរជាតិ​។​

​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ លើក​ទី​១២ នៅ​រសៀល ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងថា​៖ “​អត់​មាន​ទេ​ករណី​នេះ នរណា​គេ​និយាយ នរណា​ទៅ​ធ្វើកើត ឥឡូវ​អ្នកទោស​ខ្មែរ រក​ពន្ធនាគា​រដាក់​មិន​បាន​ផង ទៅយក​អ្នកទោស​បរទេស មក​ដាក់​នៅ​ស្រុក​ខ្មែរ​យ៉ាង​ម៉េច គឺ​រឿង​នេះ មិន​ត្រូវ​ច្បាប់​អន្តរជាតិ​”​។​

​អ្នកនាំពាក្យ​របស់​ក្រសួងមហាផ្ទៃ លោក​ខៀវ សុភ័គ បាន​ចេញ​មក​បញ្ជាក់ថា ករណី​ជនបរទេស ស្នើរ​សុំ​មក​ជាប់ទោស​នៅ​កម្ពុជា​មាន​ពិតមែន តែ​កម្ពុជា​មិន​មាន​សមត្ថកិច្ច​ទទួល​យក​ទេ កម្ពុជា​ទទួល​យក​តែ ជណជាតិខ្មែរ ដែល​ជាប់ទោស​នៅ​ប្រទេស​ផ្សេង ដែល​ចង់​ផ្ទេរ​មក​នៅ​កម្ពុជា​វិញ​ប៉ុណ្ណោះ​។​

​បើ​តាម​សេចក្តីរាយការណ៍ ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ មាន​អ្នកទោស​ជា​ជនជាតិ​វៀតណាម កំពុង​ជាប់ ពន្ធនាគារ​នៅ​ថៃ ប៉ុន្តែ​បែរជា​ស្នើសុំ​ផ្ទេរ មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ ខណៈ​បច្ចុប្បន្ន​អ្នកទោស​ជនជាតិខ្មែរ ចំនួន ២៩១០​នាក់ (​ស្ត្រី​ចំនួន ២៦៩​នាក់ បុរស​ចំនួន ២៦៤១​នាក់​) កំពុង​ជាប់​ពន្ធនាគារ​នៅ​ថៃ ។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ បានឲ្យដឹងថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ចុះ​សួរសុខទុក្ខ​ទណ្ឌិត តាម​មន្ទីរ​ឃុំឃាំង​ជា​រៀងរហូត​។ ចំពោះ​បញ្ហា​ផ្ទេរ​ទណ្ឌិត គឺ​ត្រូវ​អនុវត្ត​តាម​កិច្ចព្រមព្រៀង ស្តីពី ការផ្លាស់ប្តូរ​អ្នកទោស រវាង​កម្ពុជា និង​ថៃ ដែល​មាន​ដូចជា​៖ ទី​១-​បទល្មើស ដែល​អាច​ផ្ទេរ​អ្នកទោស បាន​លុះត្រា​បទល្មើស​នោះ ត្រូវ​ជាប់ពន្ធនាគារ​ចាប់​ពី​មួយ​ឆ្នាំ​ទ្បើង​ទៅ , ២- ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រា​ទណ្ឌិត​នោះ ត្រូវ​ជាប់ទោស​២/៣ នៃ​ទោស​រួម និង​ទី​៣-​ទណ្ឌិត​ដែល​អាច​ផ្ទេរ​បាន លុះត្រា​សា​ម៉ី​ខ្លួន​ស្នើ​សុំ​ជា​លាយ​លក្ខ​អក្សរ ។​

​សេចក្ដីជូនដំណឹង​បន្ថែមថា កន្លងមក​មាន​អ្នកទោស​ខ្លះ ជា​ជនជាតិ​វៀតណាម ហើយ​សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា ប៉ុន្តែ​ករណី​នេះ ស្ថានទូត​មិន​អាច​ដោះស្រាយ​បាន​ទេ ដូច្នេះ​ស្ថានទូត​ត្រូវ​ទៅ​មើល​អ្នកទោស​នោះ​ថា គាត់​សញ្ជាតិ​អ្វី​ពិតប្រាកដ ព្រោះ​ស្ថានទូត​អាច​ដោះស្រាយបាន​លុះត្រា តែ​អ្នកទោស​នោះ​ជា​ជនជាតិខ្មែរ​។ មាន​អ្នកទោស​ខ្លះ​សុំ​ផ្ទេរ មក​ជាប់​នៅ​ពន្ធនាគារ​កម្ពុជា ដោយ​ផ្ទាល់មាត់ លុះ​ដល់​ស្ថានទូត ឲ្យធ្វើ​ពាក្យស្នើសុំ​ផ្ទាល់ខ្លួន ដើម្បី​បញ្ជាក់​ថា ខ្លួន​ស្ម័គ្រចិត្ត​មក​បន្ត​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ បែរ​ជា​គាត់​មិន​ព្រម ធ្វើលិខិត​ស្នើសុំ​ទាល់តែសោះ​។ ស្ថានទូត​មិន​អាច​បង្ខិតបង្ខំ​ទណ្ឌិត ឲ្យ​ផ្ទេរ​មក​កម្ពុជា​បានទេ បើ​សា​ម៉ី​ខ្លួន​មិន​ស្ម័គ្រចិត្ត ផ្ទេរ​មក​កម្ពុជា​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×