Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​គ្លីនិក​ចល័ត ចំនួន​២០​គ្រឿង ត្រូវបាន​ប្រគល់ជូន​ក្រសួង​សុខាភិបាល ដោយ​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​ ៖ បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល គម្រោង​រថយន្ត​គ្លីនិក​ចល័ត​នេះ គឺជា​ជំនួយ​ឥត​សំណង របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល រថយន្ត​គ្លីនិក​ចល័ត ចំនួន​២០​គ្រឿង លើក​ទី​ពីរ ជាមួយ លោក ដេង បូ​ហ្គីង (Deng Boqing) អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ចិន​សម្រាប់​ការអភិវឌ្ឍន៍ (China International Development Cooperation Agency)​។​

​លោក រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ថ្លែង​ការ​អរគុណ ចំពោះ​មិត្ត​ចិន​ជា​ពិសេស ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ ជំរុញ​ឱ្យ​គម្រោង​នានា លេចចេញ​ជា​រូបរាង​យ៉ាង​ឆាប់រហ័ស ហើយ​នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត បន្ទាប់​ពី​គម្រោង​មួយចំនួន ដែល​បាននិងកំពុង​អនុវត្ត រួមមាន រថយន្ត​គិលានសង្គ្រោះ​ចំនួន​២០០​គ្រឿង ម៉ាស៊ីន​អេកូ​សាស្ត្រ​ចំនួន​២០០​គ្រឿង ការសាងសង់​អគារ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ និង​រថយន្ត​គ្លីនិក​ចល័ត ដែល​សរុប​ទាំង​ពីរ​លើក​ចំនួន​៤០​គ្រឿង​។ រថយន្ត​គ្លីនិក​ចល័ត​ទាំង​២០​គ្រឿង​លើក​ទី​ពីរ​នេះ នឹង​ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ធំ ខេត្ត​កំពត ខេត្ត​កោះកុង ខេត្ត​ក្រចេះ ខេត្ត​មណ្ឌល​គី​រី ខេត្ត​ព្រះវិហារ ខេត្ត​ព្រៃវែង ខេត្ត​ពោធិ៍សាត់ ខេត្ត​រតនគីរី ខេត្ត​ស្ទឹងត្រែង ខេត្ត​ឧត្តរមានជ័យ ខេត្ត​កែប ខេត្ត​ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ​។​

​លោក រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ថា សមិទ្ធផល​ទាំងអស់នេះ កើតមាន​ឡើង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា និង​ការគាំទ្រ​ពេញទំហឹង​របស់ លោក ស៊ី ជឹង​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ថែម​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ព្រះរាជា ណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គំនិត​ផ្តួចផ្តើម​ខ្សែ ក្រវ៉ាត់ និង​ផ្លូវ ប្រជាជន និង​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​ជំនួយ​ថ្មីៗ​បន្ថែមទៀត ជាពិសេស​គម្រោង​នានា​មួយចំនួន ដូចជា គម្រោង​ពង្រឹង​សមត្ថភាព​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គម្រោង​ពង្រីក​មន្ទីរពេទ្យ​ព្រះ​អង្គ​ឌួង ដែល​អាច​នឹង​ទទួលបាន​ការអនុម័ត នា​ពេល​ឆាប់ៗ​ខាងមុខ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×