Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​គង់ គាំ ៖ ដំណោះស្រាយ​នយោបាយ គឺ​លទ្ធផល នៃ​ការចរចា​ដោះស្រាយ​គ្នា​

spot_img

​ភ្នំពេញ ៖ លោក​គង់ គាំ​-Kong Korm អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី និង​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១២-​ធ្នូ​-២០១៨ តាមរ​យៈផេក​ហ្វេស​ប៊ុក បានសរសេរថា ដំណោះស្រាយ​នយោបាយ គឺ​លទ្ធផល​នៃ​ការចរចា​ដោះស្រាយ​គ្នា​។ វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ មាត្រា ៤៥​ថ្មី​(​ស្ទួន​) ជា​មាត្រា​៤៥(​ស្ទួន​មួយ​) គឺ​អ្នកនយោបាយ​ជាប់​បម្រាម​អាច​ទទួល​នីតិសម្បទា​ឡើងវិញ មុន​កាលកំណត់​របស់​តុលាការ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​លោក​គង់ គាំ បាន​បញ្ជាក់បន្ថែម​ថា សម រង្ស៊ី លាលែង​ពី​តំណែង​ប្រធាន CNRP ដោយ​អានុភាព​ច្បាប់​។ CNRP ឈប់​ប្រើ​រូប​សញ្ញា សម រង្ស៊ី​-​កឹម សុខា ឈរ​ចាប់ដៃគ្នា​ក៏​ដោយ​អានុភាព​ច្បាប់​។ បុគ្គល​សម រង្ស៊ី ធ្លាប់​ទទួល​ការលើកលែងទោស ពី​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី (​ដោយ​មិន​បាន​លក់ខ្លួន​) យ៉ាងណា​សូម​កុំ​បង្កាច់​បង្ខូច បំផ្លិចបំផ្លាញ​អ្នក​ដ៏​ទៃ​។ ជាតិ​ក្បត់​អ្នក ឬ​អ្នក​ក្បត់ជាតិ​។

យើង​គោរព​អ្នក​ដេកចាំ CNRP យើង​គោរព​អ្នក​បាន​ចូលរួម​ជាមួយ CPP និង​យើង​គោរព​អ្នកទទួល​ឱកាស​ថ្មី ជម្រើស​ថ្មី កសាង​ប៉ូល​ថ្មី​។​

​លោក គង់ គាំ បានប្រកាសថា លោក​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​ពី​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចូល​ជា​ធរមាន​។ លោក គង់ គាំ បានប្រកាស​បែបនេះ បន្ទាប់​ពី​រដ្ឋសភា បានអនុម័ត​ទាំងស្រុង លើ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ គណបក្សនយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​ឡើង​វិញ​។​

​លោក គង់ គាំ បានបញ្ជាក់​ប្រា​ថា​៖ ខ្ញុំ​បាន​ទន្ទឹង គឺ​តាំងពី​ចាប់ផ្តើម​មាន​វិសោធនកម្ម​មក ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​នឹង​ស្នើសុំ​ទៅ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើ​សេចក្តីស្នើ​ដើម្បីឱ្យ​ខ្ញុំ​មាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ​។​

​លោក​គង់ គាំ បាន​អះអាង​ថា តាំងពី​ចុង​ឆ្នាំ​២០១៧​មក លោក​បាន​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​សាលដីកា​របស់​តុលាការ​កំពូល ដោយ​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ និង​មិន​បាន​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ​ទេ ហើយក៏​មិន​បាន​ឈរ​ឈ្មោះ​អ្វី​ទាំងអស់ ដូច្នេះ​លោក​ជឿជាក់ថា លោក​នឹង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​ធ្វើ​ការស្នើសុំ​នេះ​៕ ​ដោយ ​៖​ រចនា​

spot_img
×