Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រៀបចំ​សួន​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ទេសចរ ដាំ​កូន​ឈើ​កោង​កាង ដើម្បី​ទាក់ទាញ​ឱ្យ​ពួកគេ មក​ទស្សនា​សហគមន៍​

spot_img

​កោះកុង ៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើកទឹកចិត្ត​ឱ្យ​សហគមន៍​ព្រៃកោងកាង​ទាំងអស់ នៅ​ខេត្ត​កោះកុង រៀបចំ​ជា​សួន​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ទេសចរ​ដាំ​កូន​ឈើ​ឱ្យបាន​ល្អ ដើម្បី​ទាក់ទាញ​ឱ្យ​ពួកគេ​មក​ទស្សនា​សហគមន៍​ទាំងនោះ​ម្ដងទៀត ឬ​ច្រើន​ដង​ទៀត នៅពេល​កូនឈើ​ទាំងនោះ​លូតលាស់​ធំ​។​

​ពិធី​ដាំ​ដើមឈើ​អនុស្សាវរីយ៍​នៅ​សួន​ទេសចរណ៍​បឹង​កា​យ៉ាក់ ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោកស្រី មិថុនា ភូថ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង និង​លោក Bruno Bodard អគ្គនាយក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សកលលោក ព្រមទាំង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ប្រតិបត្តិ​ករ​ទេសចរណ៍ សិស្សានុសិស្ស និង​ភ្ញៀវទេសចរ​។​

​ការរៀបចំ​ពិធី​ដាំ​ដើមឈើ​នេះ​គឺ​ដើម្បី​អបអរសាទរ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ (​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៤-១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្ត​កោះកុង​) និង​ដើម្បី​ចូលរួម​លើកកម្ពស់​ការយល់ដឹង និង​ការថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ពិសេស​ព្រៃកោងកាង អោយ​ស្ថិតនៅ​គង់វង្ស សំដៅ​ផ្តល់​ផលប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍ បរិស្ថាន និង​សេដ្ឋកិច្ច​នៅ​តំបន់ឆ្នេរ ខេត្ត​កោះកុង​។​

​ពិធី​ដាំ​កូនឈើ​អនុស្សាវរីយ៍​នេះ ធ្វើឡើង​នៅ​សួន​ទេសចរណ៍​បឹង​កា​យ៉ាក់ មាន​ទីតាំង​ស្ថិតក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ពាម​ក្រសោប ស្ថិតក្នុង​ឃុំ​ពាម​ក្រ​សោម ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ណែនាំ និង​លើកទឹកចិត្ត​ដល់​សហគមន៍​ទេសចរណ៍​ទាំងអស់ ត្រូវ​ជំរុញ​ចលនា ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម ពិសេស​គឺ​ការជំរុញ​ឱ្យ​ភ្ញៀវទេសចរ​ចូលរួម​ដាំ​ដើម​កោង​កាង ទោះ​នៅ​ទី​ណាក៏ដោយ​។​

​លោក​បាន​បន្តថា នៅពេល​ទេសចរ​ដាំ​ហើយ សហគមន៍​ត្រូវ​មាន​ការចុះ​ឈ្មោះ​ជូន​ទេសចរ​ដែល​ជា​អ្នក​ដាំ​នោះ​។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ទាក់ទាញ​ឱ្យ​ទេសចរ មក​ទស្សនា​ទីកន្លែង​ទាំងនោះ​ម្ដងទៀត ឬ​ច្រើន​ដង​ទៀត នៅពេលដែល​ពួកគេ​មក​មើល​ដើមឈើ​ដែល​ពួកគេ​បាន​ដាំ​កាលពីមុន​។ ចលនា​ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម មិន​ត្រឹមតែ​ផ្នែក​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​ទេ តែ​ចលនា​នេះ​ក៏​ជា​យន្តការ ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ទស្សនា​ប្រទេស​កម្ពុជា កាន់តែ​ច្រើន​ផង​ដែរ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន ណែនាំ​ឱ្យ​សហគមន៍​ព្រៃកោងកាង នៅ​ខេត្ត​កោះកុង ខិតខំ​ថែទាំ​សួន​ទេសចរណ៍ ឱ្យ​ល្អ​ទុក​សម្រាប់​ភ្ញៀវ​ទេសចរ​ដាំ​ដើមឈើ​អាច​មក​រាល់ថ្ងៃ ហើយ​ត្រូវបាន​យន្តការ​ក្នុង​ការគ្រប់គ្រង ហើយ​យូរៗ​ទៅ សហគមន៍​ក៏​អាច​តម្រូវឱ្យ​ទេសចរ​បង់ប្រាក់ សម្រាប់​អ្នកថែរក្សា​ដើមឈើ​របស់​គាត់​បាន​ថែមទៀត​ផង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×