Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីពេលនេះ​តទៅ​ប្រជាពលរដ្ឋ​អាច​រាយការណ៍​ដោយផ្ទាល់ ពី​ផ្លូវ​ជង្ហុក​សំបុកមាន់ ទៅកាន់​អាជ្ញាធរ​ដើម្បី​ជួសជុល​បាន​ទាន់ពេលវេលា​

spot_img

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE mobile app) ដោយមាន​ការចូលរួម​ពី​ក្រសួង​សា្ថ​ប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ថ្លែង​ទៅកាន់​អង្គពិធី​ទាំងមូល លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្មវិធី​ថែទាំ​ផ្លូវ​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង រវាង​អ្នកប្រើប្រាស់​ផ្លូវថ្នល់ និង​ក្រុមការងារ​ជួសជុល​ថែទាំ​ផ្លូវ បង្កើន​ទំនួល​ខុសត្រូវ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច លើកកម្ពស់​គុណភាព​ផ្លូវ ពង្រីក​ការចូលរួម​ពី​សាធារណជន បណ្ដុះ​ស្មារតី​ស្រឡាញ់​ថែរក្សា​សម្បត្តិ​ជាតិ និង​ធ្វើជា​ម្ចាស់ការ​លើ​ទ្រព្យសម្បត្តិ​ទាំងនោះ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ​នេះ ប្រជាពលរដ្ឋ​អាច​រាយការណ៍ ពី​ស្ថានភាព​ផ្លូវ​ជង្ហុក​សំបុកមាន់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយ​គ្រាន់តែ​ប្រើ​កម្មវិធី​នោះ ថត បន្ទាប់មក​បញ្ជូន​រូប​ភាព ឬ​វីដេអូ​ឃ្លី​ប ទៅកាន់​ក្រុមការងារ​ទទួលបន្ទុក​ជាការ​ស្រេច ដើម្បី​មាន​វិធានការ ជួសជុល​បាន​ទាន់ពេលវេលា​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កម្មវិធី​ថែទាំ​ផ្លូវ​នេះ នឹង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​ផ្លូវ​ជង្ហុក​សំបុកមាន់ ព្រមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​ប្រកបដោយ​សុវត្ថិភាព ជាពិសេស​ជាងនេះទៅទៀត វា​បង្ហាញ​ពី​ការរីកចម្រើន​នៃ​អរិយធម៌​ខ្មែរ​នាបច្ចុប្បន្ន តាម​ការរីកចម្រើន​វិស័យ​ព័ត៌មានវិទ្យា​នេះ​។​

​សូមបញ្ជាក់ថា​៖ កម្មវិធី​ថែទាំ​ផ្លូវ ត្រូវបាន​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​យើង​ផ្ទាល់ ដែលជា​មន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ហើយ​កម្មវិធី​នេះ​ត្រូវបាន​ដាក់បញ្ចូល​ទៅកាន់ Play Store និង App Store ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​ទាញយក​កម្មវិធី មកប្រើប្រាស់​នៅលើ​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​បាន ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួង​ដែល​បាន​ប្រើប្រាស់​អស់ពី​កម្លាំងកាយ និង​ចិត្ត ព្រមទាំង​ពេលវេលា ផ្ដួចផ្ដើម​ឱ្យមាន​កម្មវិធី​នេះ​ឡើង និង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ទាញយក​កម្មវិធី​នេះ​មក​ប្រើ​នៅលើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​របស់​ខ្លូន ចូលរួម​យ៉ាងសកម្ម​ក្នុងការ​រាយការណ៍​អំពី​ផ្លូវ​ជង្ហុក​សំបុកមាន់ និង​តាមដាន​ការវិវឌ្ឍ​នៃ​របាយការណ៍​របស់ខ្លួន ថា​តើ​ផ្លូវ​ជង្ហុក​សំបុកមាន់​នោះបាន​ជួសជុល​រួចហើយ​ឬ​នៅ​។​

​ជាងនេះទៅទៀត លោក​ទេសរដ្ឋមន្ត្រី បាន​ផ្ដាំ​ផ្ញើឱ្យ​មន្ត្រី​ទទួលបន្ទុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទាំងអស់​រក្សា​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត​ជាមួយ​ប្រជាពលរដ្ឋ និង​រាយការណ៍​ត្រឡប់​ទៅវិញ​ភ្លាមៗ​ក្រោយពី​បាន​ជួសជុល​រួច​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×