Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​សាកសួរ​ប្រធាន​សហជីព​ម្នាក់ ករណី​ផលិត​ខ្សែ​វីដេអូ​រឿង “​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​” ជាការ​ប្រឌិត​ឡើង ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កិត្តិយស​កម្ពុជា

spot_img

​ភ្នំពេញ​ ៖ នគរបាល​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១៣ ខែធ្នូ នេះ បញ្ជូន​ប្រធាន​សហជីព កម្មករ សំណង់​ម្នាក់​ដែលមាន​មូលដ្ឋាន​នៅ ប្រទេស​ថៃ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ផលិត​ខ្សែ​វីដេអូ​រឿង “​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ​” ។​

​លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់ថា​៖ រហូតមកដល់​ព្រលប់​ថ្ងៃ​ដដែល​នេះ ជនសង្ស័យ​ក្នុង​រឿងក្ដី​នេះ​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី កំពុង​ត្រូវបាន​លោក​ខៀវ ផល្លា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ ។​

​កាលពី​សប្ដាហ៍​មុន អ្នកស្រី ឡុង គីម​ហ៊ាង​ត្រូវជា​ភរិយា​លោក រ៉ាត់ រដ្ឋ​មុនី បាន​ឲ្យ​ដឹងថា​៖ ស្វាមី​របស់​អ្នកស្រី​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី ជា​ភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​ធូ​ដេ RT ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ហើយ​បញ្ជូនមក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​វិញ​តាម​ការស្នើសុំ ។​

​អ្នកស្រី ឡុង គឹម​ហ៊ាង អះអាងថា ៖ ការចាប់ខ្លួន​ស្វាមី​ពាក់ព័ន្ធ​ការផលិត​វីដេអូ​ឯកសារ​មួយ​មាន​ចំណងជើង​ថា “​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​” របស់​សារព័ត៌មាន​រុស្ស៊ី​ធូ​ដេ (RT)​។​

​សូមបញ្ជាក់ថា “​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​” និយាយ​ពី​ស្ត្រី​ខ្មែរ​លក់​កូនស្រី​ខ្លួនឯង ដោយសារតែ​ជីវភាព​ខ្វះខាត និង រៀបរាប់​​ពី​​ស្ថានភាព នៃ​ការប្រកប​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ខឹងសម្បារ​ព្រោះថា ជាការ​មួលបង្កាច់​កិត្យានុភាព កិ​តិ្ត​យស និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ ។ សមត្ថកិច្ច​កម្ពុជា​បាន​បកស្រាយ​ថា វី​ឌី​អូ​នោះ​គឺជា​ការ​ប្រឌិត​ឡើង ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កម្ពុជា ។​

​គួររំលឹកថា ខ្សែ​វីដេអូ​ឯកសារ​មិន​ពិត​រឿង “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” រៀបចំ​ដោយ​ឈ្មោះ រ៉ាត់ រ័ត្ន មុនី និង​បាន​បង្ហោះ​តាម​ប្រព័ន្ធ​យូ​ធូប​និង​បណ្តាញ​សង្គម​ផ្សេងៗ បានធ្វើអោយ​សាធារណជន មានការ​យល់ច្រឡំ​អំពី​រឿងហេតុ ដែល​មិនមាន​ការកើតឡើង​សោះ​នោះទេ​។ ខ្សែភាពយន្ត​ឯកសារ​ដែលមាន​រយៈពេល​២៧​នាទី ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ Russia Today និង​បាន​សង្ខេប​មក​នៅត្រឹម​ប្រមាណ​ជាង​២​នាទី បាន​ផ្តោត លើ​តួអង្គ​ស្ត្រី​៣​នាក់ ដែល​រួមមាន​ម្តាយ​និង​កូនស្រី​ឈ្មោះ​កែវ ម៉ាឡៃ និង​ឈ្មោះ ឃៀង ស្រី​ម៉ិច និង​ស្ត្រី​ម្នាក់ទៀត ឈ្មោះ អ៊ុន ស្រី​ពេជ្រ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍​ក្នុង​សន្និសីទកាសែត ថ្ងៃទី​១២​ធ្នូ​ឆ្នាំ​២០១៨ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់ថា ក្រោយ​ការស្រាវជ្រាវ​របស់​សម​ត្ថ​កិច្ច ក្រុម​ជំនាញ គេ​បាន​សង្ស័យ​លើ​ការផលិត​ឯកសារ​មួយ​គ្មាន​ការពិត ដែល​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង ដល់​កិត្តិយស​ប្រទេស​កម្ពុជា​និង​ស្ត្រី​ខ្មែរ​។ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងថា​ខ្សែ​វីដេអូ​នោះ គឺ​បាន​បន្ទាបបន្ថោក​ដល់​ស្ត្រី​ជា​មាតា ដែល​បាន​លក់​ព្រហ្មចារី​យ៍​កូនស្រី​របស់ខ្លួន​។​

​ក្រោយ​ការស៊ើបអង្កេត​និង​មានការ​បំភ្លឺ​ពី​ស្ត្រី​២​នាក់ គឺ​ម្តាយ​និង​កូនស្រី ឈ្មោះ​កែវ ម៉ាឡៃ និង​ឈ្មោះ ឃៀង ស្រី​ម៉ិច ការពិត​បាន​បង្ហាញថា ពួកគេ​បានទទួល​លុយ​ចំនួន ២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការនិយាយ​កុហក​ក្នុង​ភាពយន្ត​ឯកសារ​នេះ​។ កញ្ញា ឃៀង ស្រី​ម៉ិច ក្រោយមក​ក៏បាន​បង្ហោះ​វីដេអូ​បកស្រាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា សកម្ម ភាព​របស់​នាង​ក្នុង​ភាពយន្ត​ឯកសារ​នោះ គ្រាន់តែ​ជាការ​សម្តែង មិនមែនជា​ការពិត​ឡើយ ហើយ​ពាក្យសម្តី​ដែល​នាង​និង​ម្តាយ​នាង​និយាយ​ទាំង​ប៉ុន្មាន សុទ្ធតែ​ទន្ទេញ​តាម​អត្ថបទ​រៀបចំ​ដោយ​ឈ្មោះ រ៉ាត់ រ័ត្ន​មុនី តែប៉ុណ្ណោះ ។ យោងតាម​ស្ត្រី​ជា​ម្តាយ​និង​កូន បាន​ប្រាប់​សមត្ថកិច្ច​ថា ឈ្មោះ រ៉ាត់ រ័ត្ន​មុនី បាន​ប្រាប់​ពួកគេ​ទាំង​២​ថា ការថត​នោះ គឺ​ក្នុង​រឿង “​ប្រទេស​ខ្មែរ ក្រោយ​របប​ប៉ុលពត​” ។ ក្នុងការ​ល្បួង​អោយ​ពួកគេ​ថត​រឿង​នោះ​ទៀត ក៏មាន​ជនបរទេស​៤​រូប ដែល​បាន​ជួយ​ថត​និង​រៀបចំ​ឈុត​ឆាក​អោយ​ទាំងអស់ ។ ម្តាយ​និង​កូនស្រី​ឈ្មោះ កែវ ម៉ាឡៃ និង​ឈ្មោះ ឃៀង ស្រី​ម៉ិច បាន​ស្នើអោយ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​អោយ​ពួកគេ​ដើម្បី​ភាព​ស្អាតស្អំ​។​

​សេចក្តីរាយការណ៍​បាន​បង្ហាញថា ខ្សែភាពយន្ត​ដែល​កុហកថា​រឿង «​ប្រទេស​ខ្មែរ ក្រោយ​របប​ប៉ុលពត​»​នោះ បាន​កែ​ចំណងជើង​ក្លាយជា​រឿង “​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​” ដែល​បង្កអោយមាន​ការ​យល់ច្រឡំ​ពី​សាធារណជន​។ ឈ្មោះ រ៉ាត់ រ័ត្ន​មុនី និង​ភរិយា ឈ្មោះ​ឡុង គឹម​ហ៊ាង ក្នុងពេលដែល​ខ្សែភាពយន្ត​ឯកសារ​មិន​ពិត​នេះ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម និង​ធ្វើអោយ​មានការ​ផ្អើល​ពី​សាធារណជន​នោះ ពួកគេ​ក៏បាន​ភៀសខ្លួន​ចេញទៅ​ប្រទេស​ថៃ ដើម្បី​ធ្វើ​ការរក​គេចខ្លួន​ចេញទៅ​រក​ប្រទេស​ទី​៣​។ អាជ្ញាធរ​កម្ពុជា បាន​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ពី​អាជ្ញាធរ​ថៃ ដើម្បី​ស្នើ​សុំឱ្យ​ភាគី​ថៃ​បញ្ជូន​លោក រ៉ាត់ រ័ត្ន​មុនី ដើម្បី​ធ្វើការ​សាកសួរ​អំពី​ការពិត​ក្នុង​ការផលិត​វីដេអូ​រឿង “​ម្តា​​យ​ខ្ញុំ លក់​ខ្ញុំ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងថា យោងតាម​ការស្រាវជ្រាវ​និង​សាក្សី​បាន​រកឃើញថា គឺ​មានតែ​ឈ្មោះ រ៉ាត់ រ័ត្ន​មុនី តែ​ម្នាក់​នោះទេ ដែល​អាច​បំភ្លឺ​ក្នុង​រឿងនេះ​បាន ទើប​អាជ្ញាធរ​កម្ពុជា​បានស្នើ​រក​ការ​កិច្ចសហប្រតិបត្តិការ​ពី​អាជ្ញាធរ​ថៃ​នោះ​។​

​សមត្ថកិច្ច​នគរបាល​កម្ពុជា​បាន​រំពឹងថា ថៃ​ដែល​តែងមាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយនឹង​កម្ពុជា នឹង​ប្រគល់​ជនសង្ស័យ រ៉ាត់ រ័ត្ន​មុនី នេះ អោយ​សមត្ថកិច្ច​កម្ពុជា​នាពេល​ខាងមុខនេះ​ដើម្បី​ស្វែងរក​យុត្តិធម៌​ដល់​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី​ទាំង​២​នាក់​នេះ​។​

​ភាព​ស្វះ​ស្វែងរក​យុត្តិធម៌​របស់​សមត្ថកិច្ច​ចំពោះ​ស្រី្ត​រងគ្រោះ​ទាំង​២ ត្រូវបាន​ស្ត្រី​ជា​ភរិយា ជនសង្ស័យ​ឈ្មោះ ឡុង គឹម​ហ៊ាង បាន​ចោទថា គឺជា​អំពើ​អយុត្តិធម៌​ចំពោះ​ប្តី​របស់គាត់​។ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មានប្រសាសន៍​បដិសេធ​។ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងថា ផ្ទុយទៅវិញ នោះ​គឺជា​ការរក​យុត្តិធម៌ អោយ​ប្តី​របស់គាត់​នោះ​ទៅវិញ​ទេ​។ ប្តី​គាត់​បានគេច​ខ្លួន​មិន​ព្រម​ចូលមក​បំភ្លឺ​សមត្ថកិច្ច​។ យើង​ត្រូវ​តាមរក​ប្តី​របស់គាត់​ដើម្បី​ចូលមក​បំភ្លឺ​ក្នុង​រឿងនេះ​។ យើង​មិនមែន​យកប្តី​របស់គាត់​មក​ធ្វើ​ទារុណកម្ម​នោះឡើយ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ថ្លែងថា ក្នុងនាម​ជា​សមត្ថកិច្ច គឺ​យើង​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់​។ វិធានការណ៍​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ប្រឆាំង​ការជួញដូរ​មនុស្ស គឺ​បាននិងកំពុង​តែ​អនុវត្ត​យ៉ាងសកម្ម​។ រាជរដ្ឋាភិបាល​ថែមទាំង​បាន​បង្កើត​ដល់​គណៈកម្មកា​រ​ជាតិ​ប្រឆាំង​ការជួញដូរ​មនុស្ស​នេះ​ទៀតផង ដែលជា​យន្តការ​ថ្នាក់ជាតិ​មួយ​ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ជម្រុញ​អោយកម្លាំង​អនុវត្ត​ច្បាប់​។​

​នៅ​ជាមួយគ្នានេះ​ផងដែរ វិទ្យុ​ខ្មែរ​មួយ​នៅក្រៅ​ស្រុក​មួយ បាន​សម្ភាសន៍​ជាមួយនឹង​តួអង្គ​ស្រី​ម្នាក់ទៀត ឈ្មោះ អ៊ុន ស្រី​ពេជ្រ ដែល​អះអាង​វីដេអូ​ដែល​ផលិត​នោះ គឺជា​សាច់រឿង​ពិត​របស់​នាង​។ តាមរយៈ​នោះ​ទៀត ឈ្មោះ​អ៊ុន ស្រី​ពេជ្រ បាន​ទ​ទួ​ច​សុំអោយ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​ការចោទប្រកាន់​បញ្ឈប់​ការចង់​ចាប់ខ្លួន​ជនសង្ស័យ រ៉ាត់ រ័ត្ន​មុនី​។ មន្ត្រី​សមត្ថកិច្ច​នគរបាល​បាន​ថ្លែងថា ក្នុង​រឿង​ទាក់ទង​នឹង​ឈ្មោះ អ៊ុន ស្រី​ពេជ្រ​នោះ នគរបាល​បាន​ព្យាយាម​ស្វែងរក​ការបំភ្លឺ​ផងដែរ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន​នោះឡើយ​។ សមត្ថកិច្ច​បាន​ថ្លែងថា គេ​កំពុងមាន​ការងឿងឆ្ងល់​ដែរ​ថា នារី​ឈ្មោះ អ៊ុន ស្រី​ពេជ្រ ដែល​អះអាងថា នាង​ត្រូវគេ​លក់ខ្លួន​នោះ ចុះ​ហេតុអ្វី​បានជា​ស្ត្រី​នោះ មិន​មកប្ដឹង​កម្លាំង​សមត្ថកិច្ច​ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​? និង​ហេតុអ្វី​បែរជា​ទៅជា​ការពារ​ឈ្មោះ រ៉ាត់ រ័ត្ន​មុនី ដែលជា​អ្នក​ពង្រីក​រឿងអាស្រូវរ​បស់​ខ្លួន​នាង​នោះ​ទៅវិញ​?៕​ ដោយ ​៖​ រចនា​

spot_img
×