Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមយុវជន​យល់ឃើញថា បច្ចុប្បន្ន​ការផ្សព្វផ្សាយ អូសទាញ​ឲ្យ​សេព​គ្រឿង​ស្រវឹង មាន​ភាព​ផុសផុល​យ៉ាងខ្លាំង​

spot_img

​ភ្នំពេញ ​៖ ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សុខភាព រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង ក្នុង​គោលបំណង​ចូលរួម​ផ្សព្វផ្សាយ​ផល​អវិជ្ជមាន​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ទទួលរង​ពី​គ្រឿង​ស្រវឹង​។ ក្រុមយុវជន​មើលឃើញថា នាពេល​បច្ចុប្បន្ន​ការផ្សព្វផ្សាយ​អូសទាញ​ឲ្យ​សេព​គ្រឿង​ស្រវឹង​មាន​ភាព​ផុស​ផុល​យ៉ាងខ្លាំង ក៏ប៉ុន្តែ​ការអប់រំ និង​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​នៅមាន​ភាពខ្វះខាត​។​

​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស​។​

​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង លោក ណា​ល់ វិឆៃ បាន​ថ្លែងថា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដែលមាន​លក្ខណៈ​អូសទាញ ពង្វក់ស្មារតី បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន​ដែលជា​សសរទ្រូង​ជាតិ ឈ្លក់​វង្វេង​នឹង​ការសេព​គ្រឿង​ស្រវឹង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​រប​ស់​ពួកគេ​។ គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់ ដល់​បុគ្គល​ដែល​សេព​ប៉ុណ្ណោះ​ទេ វា​ក៏បង្ក​ផលប៉ះពាល់​ដល់​ក្រុមគ្រួសារ និង​សង្គមជាតិ ដែល​ស្ដែងឡើង​តាមរយៈ​ភាពក្រីក្រ ជំងឺ​រ៉ាំរ៉ៃ អំពើរ​ហិង្សា និង​គ្រោះថ្នាក់​ចរាចរ​ជាដើម​។ កាលពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា បានធ្វើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការត្រួតពិនិត្យ​គ្រឿង​ស្រវឹង ក៏ប៉ុន្តែ​ការអនុម័ត​ច្បាប់​នេះ ត្រូវបាន​បន្លាយពេលរ​ហូត​មកដល់​ប​ច្ចុន្ន​។ សេចក្ដីព្រាងច្បាប់ ស្ដីពី​ការត្រួតពិនិត្យ​គ្រឿង​ស្រវឹង​នោះ គឺ​ផ្តោតទៅលើ​ការដំឡើង​ពន្ធ​គ្រឿង​ស្រវឹង ការផ្សាយពាណិជ្ជកម្ម ការ​កំហិត​កន្លែង​លក់ និង​អាយុ​អ្នក​សេព​គ្រឿង​ស្រវឹង​ជាដើម​។​
​លោក ណា​ល់ វិឆៃ បាន​បញ្ជាក់ថា ក្រុមហ៊ុនស្រា​បៀរ​មួយចំនួន បាន​ឧបត្ថម្ភ​ដល់​អ្នក​ប្រដាល់ អ្នក​ទាត់​បាល់ ជាដើម ក្នុង​បំណង​មិន​រកប្រាក់​ចំណេញ និង​ជួយ​សង្គម ហើយ​ពួកគេ​ធ្វើបែបនេះ​ដើម្បី​បង្ហាញថា​ក្រុមហ៊ុន​របស់គេ​បាន​ជួយ​ដល់​សង្គម ។ “​ខ្ញុំ​បាន​ជួយ​ដល់​សង្គម​ច្រើនណាស់ បើសិន​អ្នកឯង​បិទ​ក្រុមហ៊ុន​របស់ខ្ញុំ​ម៉េច​កើត គឺ​ធ្វើ​យ៉ាងម៉េច​កើត ព្រោះ​ខ្ញុំ​បាន​ជួយ​សង្គម​ច្រើនណាស់ ” យុវជន ណា​ល់ វិឆៃ បញ្ជាក់បន្ថែម​ដូច្នេះ​។

យុវជន ណា​ល់ វិឆៃ បាន​លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​គ្រឿង​ស្រវឹង បានចេញ​ជា​យូរហើយ ហើយ​ពួក​ខ្ញុំ​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ឆាប់​ចេញ​ច្បាប់​នេះ​ជា​ផ្លូវការ ហើយ​និង​ជំរុញ​ដល់​យុវជន​ទាំងអស់ ចូលរួម​ជួយ​ផ្សព្វផ្សាយ​និង​បំផុស ដើម្បី​ឲ្យ​បាន​ដំណឹង​នេះ ទៅដល់​ថ្នាក់ដឹកនាំ និង​អ្នកពាក់ព័ន្ធ​។ យុវជន​រូបនោះ បាន​យល់ឃើញថា គ្រឿង​ស្រវឹង​ពិតជា​បង្ក​ផលប៉ះពាល់​ដល់​អ្នក​ពិសា​យ៉ាងពិត​ប្រាកដ​មែន ប៉ុន្តែ​រឿង​ប្រាក់ចំណូល​ពី​គ្រឿង​ស្រវឹង បាន​ចូលទៅក្នុង​ប្រាក់ចំណូល​ជាតិ​ប៉ុន្មាន​នោះ គឺ​ខ្ញុំ​មិនដឹង​ទេ ហើយក៏​គ្មាន​ទិន្នន័យ​របស់​ស្រុក​យើង​បានបង្ហាញ​ជា​សាធារណៈ ឬក៏​លើ​វេ​ប​សាយ​របស់​ក្រុមហ៊ុនស្រា​បៀរ​ដែរ ប៉ុន្តែ​នៅ​ស្រុក​គេ​វិញ បើ​យើង​ចូល​មើល​ក្នុង​វេ​ប​សាយ​របស់​ជាតិ ឬ​ក្រុមហ៊ុនស្រា​បៀរ គេ​មាន​ដាក់​បង្ហាញ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​និង​ឃើញថា ប្រាក់ចំណូល​បាន​ចូលមក​ជាតិ ពី​ការយកពន្ធ​របស់​ក្រុមហ៊ុនស្រា​បៀរ​។​

“​ក្នុងនាម​ជា​យុវជន​ម្នាក់​ដែល​ធ្វើជា​គំរូ​គេ ខ្ញុំ​មិន​ពិសា​នូវ​គ្រឿង​ស្រវឹង​នៅពេល​ជួបជុំ​មិត្តភក្តិ ហើយ​ខ្ញុំ​នឹង​ផ្សព្វផ្សាយ​ទៅដល់​មិត្តភក្តិ ក្រុមគ្រួសារ ទៅតាម​អ្វីដែល​យើង​អាច​ធ្វើបាន ហើយ​តាម​ពួក​ខ្ញុំ​មាន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​នឹងធ្វើ​ការសរសេរ​នូវ​សារ​ជាច្រើន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង ជា​ផ្នែក​មួយ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​”​។​

​លោក សុ​ត ស ដែលជា​តំណាង​របស់​ក្រុមយុវជន បាន​លើកឡើងថា ក្នុងនាម​ជា​យុវជន យើង​មាន​ការមិន​ពេញចិត្ត ចំពោះ​ការបើក​លំហ​ទូលាយ​ហួសហេតុ ដល់​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង តាមរយៈ​គ្រប់​រូបភាព នៅក្នុង​ប្រទេស​កម្ពុជា ដូចជា ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ដោយ​ភ្ជាប់​ជាមួយ​នូវ​មោទនភាព​ជាតិ បេតិកភណ្ឌ​ជាតិ និង​ការផ្ដល់​រង្វាន់​លើកទឹកចិត្ត យ៉ាង​គគ្រឹកគគ្រេង​ផងដែរ​។​

​ចំណែក​កញ្ញា ហែម វិ​ជ្ជ​រ៉ា បាន​បញ្ជាក់ថា បាន​បន្ថែមថា តាមរយៈ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​នេះ យើងខ្ញុំ​ជា​ក្រុមយុវជន​ដែលមាន​ការព្រួយបារម្ភ ចំពោះ​ឥទ្ធិពល​អាក្រក់​នៃ​គ្រឿង​ស្រវឹង សូម​ប្រកាស​គាំទ្រ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុម័ត​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿង​ស្រវឹង និង​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។​

​លោក​បណ្ឌិត​ធន់ ណុ​ច សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស បាន​កត់សម្គាល់ថា ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​កាន់តែ​កើន​យ៉ាងគំហុក គ្រប់ទិសទី​ទូទាំងប្រទេស ហើយ​ស្ទើរតែ​គ្រប់​ទីកន្លែង ដែល​គេ​អា​ចរក​ទិញ​គ្រឿង​ស្រវឹង​បាន ហើយ​មិនមាន​កំណត់​អាយុ​អ្នកទិញ​នោះទេ​។ ទោះ​យ៉ាងនេះ​ក្តី ដើម្បី​ទប់ស្កាត់​ការប្រើ​ហិង្សា​ដែល​បង្ក​ពី​គ្រឿង​ស្រវឹង គឺ​គេ​ត្រូវតែ​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង ហើយ​ត្រូវ​បង្កើន​ការយល់ដឹង អប់រំ ផ្សព្វផ្សាយ ពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​។ លោក​បញ្ជាក់ថា មានការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង គាស់​មួយ​កំប៉ុង​ត្រូវ​មួយ​កំប៉ុង គាស់​ផា​ច់​ព្យាយាម​ម្តងទៀត ដែល​សុទ្ធសឹង​ជា​សារ​មួយ​របស់​ក្រុមហ៊ុនស្រា​បៀរ ដើម្បី​ជំរុញ​ទឹកចិត្ត​ដល់​អ្នក​ផឹក​។ លោក​ថា គាស់​ផា​ច់មក ឃើញ​អក្សរ​ដាក់ថា ផឹក​លើសពី​១០​ប៉ុង ថែម​គ្រលៀន​មួយ គាស់​កំប៉ុង​ភ្លាម ឃើញ​រង្វាន់​ដាក់ថា​ផឹក​លើសពី​កន្លះ​កេះ ថែម​ជូន​ថ្លើម​​មួយ​។ យុវជន​ទាំងអស់ មាន​ដែល​ឃើញបែបនេះ​ទេ ។ កម្មវិធី​នេះ បានផ្តល់​នូវ​សារ​មួយ​ដល់​យុវជន​ថា​គ្រឿង​ស្រវឹង​បានផ្តល់​ផលប៉ះពាល់​យ៉ាងច្រើន​មែនទែន ចំណែកឯ​អ្នកធំៗ អ្នកមានអំណាច មួយចំនួន ដែល​ផឹក​សុទ្ធតែ​ស្រា​ថ្លៃៗ ក៏មាន​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង និង​ដល់​អ្នកដទៃ ក្នុងពេលដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​។ នៅ​ស្រុក​ណា ក៏​គេ​ផឹកស្រា​ដែរ គឺ​ផឹក​ដូច​តែ​គ្នា​ទេ ប៉ុន្តែ​គេ​មានច្បាប់​របស់គេ​ល្អ និង​ស្មារតី​នៃ​ការយល់ឃើញ​របស់​ប្រជាពលរដ្ឋ និង​កោសិការ​សង្គម បាន​យល់ឃើញ​ពី​ការ​ផលប៉ះពាល់ ហើយ​រាល់​ពេលដែល​គេ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដើម្បី​ចូលរួម​ជួបជុំ​មិត្តភក្តិ​ស្វាគមន៍​ជាមួយ​មិត្តភក្តិ​ក្នុង​កម្រិត​មួយ​សប្បាយរីករាយ មិនមែន​ដើម្បី​ជួបជុំ​ផ្តួលរំលំ​មិត្តភក្តិ​ទេ​។ នៅ​ប្រទេស​យើង​ក៏មាន​ច្បាប់​ដែរ ដែល​នគរបាល​ចរាច​រណ៍ ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នក​ផឹកស្រា រហូតដល់​ជាតិ​អាកុល​លើស​កំណត់​។

​ចំណែក​មន្ត្រី​សង្គម​ស៊ីវិល ដែល​ប្រលូក​ក្នុង​កិច្ចការ​នេះ បញ្ជាក់ថា ការអំពាវនាវ និង​ការអប់រំ ផ្សព្វផ្សាយ គឺជា​រឿង​មួយ ប៉ុន្តែ​ដើម្បី​ឲ្យ​វិធានការណ៍​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​ត្រូវតែ​មានច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​។ ការបង្កើន​ពន្ធ​លើ​គ្រឿង​ស្រវឹង​ឲ្យ​កាន់តែច្រើន គឺអាច​កាត់បន្ថយ​ការប្រើប្រាស់​ខ្លះ​ដែរ​។ ក៏ប៉ុន្តែ គេ​មិន​ប្រាកដថា លុយ​ចំណូល​ពី​ពន្ធ​នោះ គឺអាច​ទូទាំង​នឹង​ការខាតបង់​ចំពោះ​ការ​ខូចសុខភាព​ប្រជាជន​បាន​នោះទេ​។ ដូច្នេះ​ត្រូវតែ​មានច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ឲ្យ​បាន​ត្រឹមត្រូវ​។​

សេព​គ្រឿង​ស្រវឹង​ហួសប្រមាណ​មិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន​នោះទេ ថែមទាំង​ផ្ដល់នូវ​គុណ​វិបត្ដិ​មួយចំនួន​ដល់​សុខភាព ប៉ះពាល់​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិ​ត្ដ ជាពិសេស​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ខួរក្បាល​បាត់បង់​ការចងចាំ វង្វេងវង្វាន់​អាចឈាន​ដល់​កើត​ជំងឺ​វិកលចរិត ។ លើសពីនេះ​ទៀត ការ​សេពសុរា​បង្កបញ្ហា​សព្វបែបយ៉ាង ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ បង្ក​ភាពចលាចល​ក្នុងស្រុក​-​ភូមិ​ជាដើម​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×