Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ថ្ងៃ​ដំបូង ជាមួយនឹង​ការរត់​ប្រណាំង​កម្សាន្ត​

spot_img

កោះកុង ​៖ បុណ្យ​សមុទ្រ ត្រូវ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៤-១៥-១៦ ខែធ្នូ ក្រោម​ប្រធានបទ ឆ្នេរ​ស្អាត ពលរដ្ឋ​រមណី ហើយក៏​មានការ​អញ្ជើញ ចូលរួម​បើក​ជា​ផ្លូវការ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​ក្នុង​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង កីឡាករ​ជា​យុវជន សិស្ស មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រួមទាំង​ប្រជាពលរដ្ឋ​ថៃ​ផង បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​កម្សាន្ត​៣​គីឡូ និង​៥​គីឡូ ដែលមាន​ទីតាំងនៅ​រង្វង់​មូល​ជាប់​ស្ពាន​ខេត្តកោះកុង​។ លទ្ធផល​នៃ​ការប្រកួត​នេះ​មាន​ដូចខាងក្រោម​៖ រត់ប្រណាំង​កម្សាន្ត​៣​គីឡូម៉ែត្រ​ ​ផ្នែក​បុរស ​៖ ឈ្មោះ សុខ សំណាង (​លេខ​១), ឈ្មោះ សុ​ប សា​រ៉ា​ប៊ុត​ន់ (​លេខ​២) និង​ឈ្មោះ សុវណ្ណ ចាន់​ជុំ​ភុ​ន (​លេខ​៣) ​ផ្នែក​នារី​៖ ឈ្មោះ ឆេង លី (​លេខ​១), ឈ្មោះ រឿន ធារ៉ា (​លេខ​២) និង​ឈ្មោះ ម៉ៃ ស្រីមុំ (​លេខ​៣)​។ រត់ប្រណាំង​កម្សាន្ត​៥​គីឡូម៉ែត្រ​ ​ផ្នែក​បុរស​៖ ឈ្មោះ កាង ធឿន (​លេខ​១), ឈ្មោះ ប៉ែន តាង (​លេខ​២) និង​ឈ្មោះ នាង ពេជ្រ​ពិសិដ្ឋ (​លេខ​៣) ​ផ្នែក​នារី​៖ ឈ្មោះ អ៊ួ​ន ច័ន្ទ​ភ​ត្ត្រា (​លេខ​១), ឈ្មោះ អ៊ុក ធា​រី (​លេខ​២) និង​ឈ្មោះ Kuso Sarika (​លេខ​៣) ។

​សូមបញ្ជាក់ថា ប្រភេទ​កីឡា​ដែលមាន​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​រួមមាន​៖ រត់ប្រណាំង​កម្សាន្ត ទ្រី​យ៉ា​ត្លុង ជិះ​កង់​កម្សាន្ត អុក​ច​ក្ត្រ​ង្គ ប្រដាល់​គុន​ខ្មែរ ជេ​ត​ស្គី ទូកក្តោង ថាសហោះ ម៉ូតូ​ធំ សី​ស្លាប និង​រាំ​អន្តរជាតិ​។​

​តាម​ការបញ្ជាក់​របស់​លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ប្រាប់​ឲ្យ​ដឹងថា មកដល់ពេលនេះ ផ្ទះសំណាក់ និង​សណ្ឋាគារ នៅក្នុង​ក្រុង​ខេមរភូមិន្ទ ត្រូវបាន​ភ្ញៀវទេសចរ​ជួល និង​កក់​ទុក​ជិត​ពេញ​អស់ហើយ មានតែ​នៅតាម​ជាយៗ​ក្រុង​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ភ្ញៀវទេសចរ​នៅមាន​ជម្រើស​ទៅ​ស្នាក់នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ​ក៏បាន​ដែរ​។ សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់ទៅ​ស្នាក់នៅ និង​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ ត្រូវ​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (Copy) មកជា​មួយ​ឱ្យបាន​ស្រេច​។ ខាង​ភាគី​ថៃ​បាន​ត្រៀម​បន្ទប់​ស្នាក់នៅ សម្រាប់​ភ្ញៀវទេសចរ ទៅ​ពី​កម្ពុជា​ដល់​ទៅ​ជាង​៦០០​បន្ទប់​ឯណោះ ប៉ុន្តែ​មកដល់ពេលនេះ ភ្ញៀវ​ទើបតែ​ជួល​អស់​ជាង ១០០​បន្ទប់ នៅឡើយ​ទេ ពោលគឺ​នៅ​ដល់​ទៅ​ជាង ៤០០​បន្ទប់​ទៀត​។ សម្រាប់​តម្លៃ​ស្នាក់នៅ​ខាង​ថៃ​វិញ គឺ​មិន​លើសពី​៣០​ដុល្លារ​ឡើយ​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទៅលេង​បុណ្យ​សមុទ្រ ក្នុង​រយៈពេល​៣​ថ្ងៃ ដែល​គ្មាន​លិខិតឆ្លងដែន ក៏​អាច​ឆ្លងទៅ​លេង​ដល់​ខេត្ត​ត្រាត ប្រទេស​ថៃ​បានដែរ ដោយ​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​ទៅជា​មួយ​។ បើ​ចង់​បើករថយន្ត​ចូល​ខ្លួនឯង ត្រូវមាន​ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ ហើយ​បើ​មាន​ក្មេង​តូចៗ ទៅជា​មួយ​ត្រូវយក​រូបថត​ទៅ​ផង គឺ​មិនចាំបាច់​មាន​លិខិតឆ្លងដែន​ក៏បាន​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​បញ្ជាក់ដែរថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ចង់​បើករថយន្ត​របស់ខ្លួន​ទៅ​ផ្ទាល់​ទេ ក៏​អាច​ផ្ញើ​រថយន្ត​នៅ​វត្ត​ចាំ​យាម ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​បាន ហើយ​គេ​នឹងមាន​រថយន្ត​ពី​ខាង​ថៃ​មក​ទទួល​ទៀតផង​។ ប្រសិនបើ​ប្រជាពលរដ្ឋ​ចង់ទៅ​ស្នាក់​ផ្ទះសំណាក់ សណ្ឋាគារ​នៅ​ខ្លងយ៉ៃ ឬ​ទី​រួម​ខេត្ត​ត្រាត​ក៏បាន​ដែរ​។​

​តាម​ការរំពឹងទុក ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​យ៉ាងតិច ៩​ម៉ឺន​នាក់​។ ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកោះកុង ក៏បាន​សហការគ្នា​រៀបចំ​តំបន់​រមណីយដ្ឋាន ទេសចរណ៍​មួយចំនួនទៀត សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ក្នុងឱកាស​បុណ្យ​សមុទ្រ​ផងដែរ ដូចជា រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ តំបន់​អេកូ​ទេសចរណ៍​ឆាយ​អា​រ៉ែ​ង តា​តៃ ព្រៃកោងកាង ឆ្នេរ​ខ្សាច់​ប៉ាក់​ខ្លង រមណីយដ្ឋាន ចេតិយ​ឃុន​ឆាង តំបន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ ព្រមទាំង​កម្មវិធី​កីឡា និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀតផង​ដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×