Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក​បង្កើត ចាប់រំលោភ​កូនស្រី រហូត​មាន​ផ្ទៃពោះ ទើប​បែក​ការណ៍​

spot_img

​ពោធិ៍សាត់ ៖ ឪពុក​បង្កើត ចាប់រំលោភ​កូន​ខ្លួន​ឯង​រហូត​មាន​ផ្ទៃពោះ នៅពេល​ម្តាយ​របស់​ក្មេងស្រី​មាន​មន្ទិលសង្ស័យ យក​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ទើប​ដឹងថា កូន​មាន​ផ្ទៃពោះ ក៏​មាន​ការភ្ញាក់ផ្អើល មក​ប្តឹង​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្តី កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨​។​

​ហេតុការណ៍​នេះ កើត​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៧​។​ ​ជនរងគ្រោះ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ដង្កោ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចំណែក​ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះ សាំង សារុន ប្រកប​មុខរបរ​ជាង​សំណង់​។​

​ក្មេង​ស្រី​រូប​នោះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា មុនពេល​កើតហេតុ រូបនាង​និង​ឪពុក បាន​ជិះ​ម៉ូតូ​ជាមួយគ្នា ប្រកប​មុខរបរ​ជាង​សំណង់​ជា​រៀងរាល់ថ្ងៃ​។ លុះ​ចប់​ពី​ម៉ោង​ការងារ ឪពុក​បង្កើត​បាន​ឲ្យ​នាង ឌុប​ត្រឡប់មកផ្ទះ​វិញ​។ នៅពេល​នាង​ឌុប​គាត់​ម្តងៗ មក​ដល់​កន្លែង​មាន​សភាព​ស្ងាត់ៗ រូប​គាត់​តែងតែ​យកដៃ មក​លូក​ឱប​ចង្កេះ​នាង ជា​រៀងរាល់ថ្ងៃ ដោយ​នាង​មិន​ចាំ​ថ្ងៃ​ខែ ចាប់​តាំង​ឆ្នាំ​២០១៧ ហើយ​គំរាម​នាង មិន​ឲ្យ​ប្រាប់​អ្នកណា​ទាំងអស់​។ ប្រសិន​បើ​រូប​នាង​ប្រាប់​ម្តាយ ជនសង្ស័យ​ជា​ឪពុក នឹង​វាយ​ទាំង​ម្តាយ​នឹង​កូន​។ ដោយសារ​ភាពភ័យខ្លាច នាង​ក៏​មិន​ហ៊ាន​និយាយ​ប្រាប់​ការពិត ដល់​ម្តាយ ឬ​អ្នក​ជិតខាង​នោះឡើយ​។​

​បើ​តាម​ការឲ្យដឹង​ឈ្មោះ ងួន សុភាព អាយុ​៤៥​ឆ្នាំ ត្រូវ​ម្តាយ​ជនរងគ្រោះ បាន​បំភ្លឺថា កន្លង​មក​រូបគាត់​បា​ន​សង្ស័យថា ប្តី​និង​កូនស្រី​របស់​គាត់ ឃើញ​មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​ខុស​ពី​ធម្មតា ហើយ​ជាពិសេស​ពួក​ប្រុសៗ និយាយ​លេង​ជាមួយ​កូនស្រី​របស់​គាត់​មិនបាន ម្យ៉ាងទៀត នៅពេល​បរិភោគ​អាហារ​ពេល​ល្ងាច​រួច ពួកគាត់​តែងតែ​ចូល​គេង​ក្នុង​មុង ជាមួយ​ប្តី​និង​កូន ប៉ុន្តែ​ប្តី​របស់​គាត់ តែងតែ​ដេញ​ខ្លួន​ឲ្យ​គាត់​ទៅ​គេង​គ្រែ​ផ្សេង​។ អ្នកស្រី ងួន សុភាព បាន​និយាយ​បន្តថា ចាប់តាំងពី​ពេលនោះ​មក គាត់​មាន​ការងឿងឆ្ងល់ ហើយ​សង្កេតឃើញ​កូនស្រី​របស់​គាត់ មាន​សភាព​ស្លេកស្លាំង ក៏​នាំ​កូនស្រី​ទៅពិនិត្យ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ ហើយ​គ្រូពេទ្យ បានបញ្ជាក់​ថា កូនស្រី​របស់​ខ្លួន​មាន​ផ្ទៃពោះ​ហើយ​។ ភ្លាមៗ​នោះ​អ្នកស្រី ងួន សុភាព ក៏​នាំ​កូន​មក​ដាក់​ពាក្យបណ្តឹង កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដើម្បី​ឲ្យ​សមត្ថកិច្ច​នគរ​បាល ជួយ​រក​យុត្តិធម៌ ឲ្យ​កូនស្រី​របស់​គាត់​។​

​លោកស្រី​ឧត្តមសេនីយ៍ត្រី ចាប យ៉​ម ស្នងការរង​ទទួលបន្ទុក​ផែនកា​រងារ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ក្រោយពី​សមត្ថកិច្ច បាន​ទទួល​ពាក្យបណ្តឹង របស់​ជនរងគ្រោះ និង​មាន​ការ​សម្របសម្រួល ពី​ព្រះ​អាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ សាំង សារុន មកកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​។​

​ជនសង្ស័យ សាំង សារុន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​កូនស្រី​ខ្លួនឯង បានសម្រេច​តាំងពី​ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ ១២​យប់ នៅ​ចំណុច​លើ​គ្រែ​ក្រោមផ្ទះ​របស់​ខ្លួន ស្ថិតក្នុង​ភូមិ​ថ្លុក​ដង្កោ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ រហូត​មាន​ផ្ទៃពោះ ដោយ​គំរាម​មិន​ឲ្យ​កូនស្រី និយាយ​រឿង​អាស្រូវ​នេះ ប្រាប់​ម្តាយ និង​អ្នកស្រុក​ឲ្យដឹង​នោះឡើយ​។ ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៤​ធ្នូ ដើម្បី​រក​យុត្តិធម៌ ជូន​ជនរងគ្រោះ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×