Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ នៅតាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​

spot_img

​កោះកុង​ ៖ ដោយ​មាន​ការគាំទ្រ​ពី​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​នៅលើ​ពិភពលោក​នោះ កម្ពុជា​គ្រោង​រៀបចំ​ឲ្យមាន​ការប្រណាំង​កង់កម្រិត​អន្តរជាតិ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​តំបន់ឆ្នេរ​។​

​គម្រោង​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​នេះ ត្រូវបាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ឯកឧត្តម ប្រ៊ូយណូ បូ​ដា​ដ (Bruno Bodard) អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅក្នុង​ខេត្ត​កោះកុង ទី​ដែល​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧​។​

​ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា ក្នុង​ជំនួប​នេះ​សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម​អគ្គនាយក បាន​ជជែក​គ្នា​ច្រើន​ទៅលើ​ការអភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរសមុទ្រ​របស់​កម្ពុជា​។ ជា​ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​ឆ្នេរដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​បន្ត​រក្សាបាន​នូវ​ភាពស្រស់ស្អាត​ជាមួយ​បរិស្ថាន​ល្អ​។​

​ក្នង​ជំនួប​នេះ ឯកឧត្តម ប្រ៊ូយណូ បូ​ដា​ដ ដែលជា​អ្នក​បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​កម្ពុជា​បាន​ដាក់​ឆ្នេរ​នៅក្នុង​ខេត្ត​កោះកុង ព្រះសីហនុ កំពត និង​កែប​ចូល​ទៅក្នុង​ក្លឹប​ឆ្នេរ​ស្អាត​បំផុត​នៅលើ​ពិភពលោក​នោះ បានបង្ហាញ​ការកោតសរសើរ និង​ស្ញប់ស្ញែង​ចំពោះ​ភាព​ស្រស់​ស្អាត​នៃ​ឆ្នេរសមុទ្រ​របស់​ខ្មែរ​។ ជាពិសេស​លោក​បាន​សរ​សើរ​ខេត្តកោះកុង ដែល​មាន​ទាំង​ទាក់​ថ្លា​ក់ ព្រកោងកាង និង​ឆ្នេរសមុទ្រ​ស្អាត ជា​ចំណុច​ទាក់ទាញ​ខ្លាំង​សម្រាប់​អ្នក​ទេសចរណ៍​។​

​ក្រៅ​ពី​ការពិភាក្សា​លើ​បញ្ហា​អ​ភ​រិក្ស និង​ការថែរក្សា​បរិស្ថាន​នៅ​តំបន់ឆ្នេរ​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន និង​លោក ប្រ៊ូយណូ បូ​ដា​ដ ក៏​បាន​ជជែក​លើ​គម្រោង​មួយចំនួន​ដើម្បី​ផ្សព្វផ្សាយ​តំបន់ឆ្នេរ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​ផងដែរ​។​

​បើ​តាម​ឯកឧត្តម ស្រ៊ី ថា​ម​រ៉ុង្គ គម្រោង​ដែល​សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម ប្រ៊ូយណូ បូ​ដា​ដ គ្រោង​បង្កើតឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​តំបន់ឆ្នេរ​របស់​កម្ពុជា​នោះ មាន​ដូចជា​ការបង្កើត​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាជីព​កម្រិត​អន្តរជាតិ និង​ការរៀបចំ​មហាសន្និបាត​របស់​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​ពិ​ភ​លោក​នៅក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​២០២២​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យមាន​ការ​រៀប​ចំ​មហាសន្និបាត​របស់​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅ​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍ «​តារា​សាគរ​» ដែល​ស្ថិត​នៅក្នុង​ស្រុក​បទុម​សាគរ ខេត្ត​កោះកុង​នេះ​តែម្តង​។ សម្តេច​តេជោ រំពឹងថា ការរៀបចំ​ព្រឹត្តិការណ៍​មហាសន្និបាត​នេះ នឹង​ធ្វើឲ្យ​មាន​ការទាក់ទាញ និង​ចាប់អារម្មណ៍​កាន់តែ​ខ្ពស់​ថែម​ទៀត​សម្រាប់​វិស័យ​ទេសចរណ៍​មក​កាន់​កម្ពុជា​។​

​សម្រាប់​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាជីព​កម្រិត​អន្តរជាតិ បើ​តាម​លោក ប្រ៊ូ​ណូ បូ​ដា​ដ គឺ​ចង់​ឲ្យ​ការជិះ​ប្រណាំង​ពី​តំបន់​អភិវឌ្ឍន៍ «​តារា​សាគរ​» ឆ្ពោះ​ទៅកាន់​ភ្នំ​បូក​គោក ហើយ​ជិះ​ចុះ​ពី​ភ្នំ​បូកគោ​ឆ្ពោះ​កាន់​ខេត្ត​កែប កំពត និង​ព្រះសីហនុ​។ ព្រឹត្តិការណ៍​នេះ នឹង​ប្រមូល​អ្នក​ជិះ​កង់​អាជីព​មកពី​បណ្តា​ប្រទេស​ក្នុង​តំបា​ន់អាស៊ី អាស៊ាន និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ឯកភាព​ទាំងស្រុង​ចំពោះ​គម្រោង​មួយ​នេះ ហើយ​សម្តេច​នាយករដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​លើ​ពិភពលោក ពិភាក្សា​ជាមួយ​ក្រសួង​ទេសចរណ៍ ដើម្បី​ជ្រើស​ពេលវេលា​ដ៏​សមរម្យ​ណាមួយ​ដូចជា​ពេល​ធ្វើ​បុណ្យ​សមុទ្រ ឬក៏​ជ្រើស រើស​នៅពេលណា​ដែល​មាន​ភ្ញៀវ​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​ច្រើន​។​

​តាមរយៈ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាជីព​អន្តរជាតិ​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រំពឹងថា នឹង​ជួយ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​តំបន់ឆ្នេរ​របស់​កម្ពុជា​កាន់តែខ្លាំង​បន្ថែម​ទៀត​ទៅ​កាន់​ពិភពលោក ហើយក៏​ជា​រួម​ចំណែក​ទាក់ទាញ​អ្នកទេសចរ​មក​កាន់​កម្ពុជា​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ក្នុង​ជំនួប​ជាមួយ​អគ្គនាយក​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​នៅលើ​ពិភពលោក​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ពី​ស្ថានភាព​ដ៏​លំបាក​នៅក្នុង​ខេត្តកោះកុង​ពី​អតីតកាល​ផងដែរ​។ ដូច​ជា​ការ​គ្មាន​ផ្លូវ​សម្រាប់​ធ្វើដំណើរ និង​ការប្រឈមមុខ​ដាក់​គ្នា​ជាមួយ​កងកម្លាំង​ខ្មែរក្រហម​ជា​ដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ប្រាប់​អគ្គនាយក​ក្លឹប​ថា បើ​គ្មាន​នយោបាយ​ឈ្នះ​ឈ្នះ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​កាលពី​២០​ឆ្នាំ​មុន​ទេ កោះកុង​មិន​អាច​មាន​ការអភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន​នោះឡើយ​។​

​នៅ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​២០ នៃ​ការបង្កើត​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​ពិភពលោក ហើយ​បាវចនា​របស់​ក្លឹប​នេះ​ក៏​មាន​ប្រើ​ពាក្យ «​ឈ្នះ​ឈ្នះ​» ដូច​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ក្នុង​ការបង្រួបបង្រួម​ជាតិ​ផងដែរ​។ ឯកឧត្តម ប្រ៊ូ​ណូ បូ​ដា​ដ បាន​សម្តែង​ការ​ស្ញប់ស្ញែង និង​វាយតម្លៃ​ខ្ពស់​បំផុត​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ​នូវ​នយោបាយ​បង្រួបបង្រួម​ជាតិ នាំមក​នូវ​សុខសន្តិភាព និង​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​ដូច​ពេលបច្ចុប្បន្ន​នេះ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×