Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ម្នាក់ ដែល​កាត់ត​និង​បង្ហោះ​ចែកចាយ​វីដេអូ ជនជាតិ​ចិន កាន់​កាំបិត​កាប់​គ្នា​ (វីដេអូ)

spot_img

​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់ ដែលជា​អ្នក​ផលិត​និង​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នូវ​វីដេអូ​កាត់ត​ជនជាតិ​ចិន​មួយក្រុម កាន់​កាំបិត​កាប់​គ្នា ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។ ជនសង្ស័យ​រូបនេះ កំពុង​ត្រូវបាន​សួរនាំ​នៅ​នាយកដ្ឋាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់ថា ករណី​បង្ហោះ​វីដេអូ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​បាន​កាត់ត​ជនជាតិ​ចិន​មួយក្រុម កាន់​កាំបិត​កាប់​គ្នា កាលពី​ពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ៊ុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​នេះ គឺជា​អ្នក​កាត់ត​វីដេអូ​នោះ ដោយ​ផ្ទាល់​ដៃ ហើយ​សមត្ថកិច្ច ក៏​បាន​ដកហូត​កុំ​ព្យូ​រទ័រ បាន​មួយ​ចំនួន​។ ករណី​បង្ហោះ​វីដេអូ បង្ក​អសន្តិសុខ​នេះ សមត្ថកិច្ច​ក៏​ធ្លាប់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ខេត្ត​សៀមរាប តែ​ពេល​សួរ​នាំ​ទៅ ក៏​ឈាន​ដល់​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ៊ុម តែម្តង ដោយ​ជនសង្ស័យ​រូបនេះ បាន​សារភាព​ថា បាន​ទិញ​វីដេអូ​ពី​ឈ្មោះ អ៊ឹង ហ៊ុម​នេះ​តែម្តង​។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​កាត់ត​វីដេអូ នោះ​ផ្ទាល់ដៃ​ពិតមែន ដោយ​មូលហេតុ​នៃ​ការបង្កើត​វីដេអូ ខុស​ពី​ការពិត​នេះ ដោយសារ​ជនសង្ស័យ​យល់ថា បច្ចុប្បន្ន​មាន​ការចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ជនជាតិ​ចិន ហើយ​ខ្លួន​បាន​យក​រឿង​ចិន​ហុងកុង មក​កាត់​បញ្ចូល​គ្នា ជាមួយ​វីដេអូ ដែល​ក្មេងស្ទាវ​ជនជាតិ​ចិន​ឈ្លោះ​គ្នា នៅ​ខណ្ឌ​ទួលគោក ដើម្បីឲ្យ​គេ​ចូល​មើល​វីដេអូ​ខ្លួន​។​

​បើ​តាមផេក​ហ្វេស​ប៊ុ​ក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ផ្សាយ​ថា “​នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការស្រាវជ្រាវ និង​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ជា​លទ្ធផល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​តម្រុយ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ​អ៊ឹង ហ៊ុម ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ស្នាក់នៅ ភូមិ​តា​ង៉ូវ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ យក​មក​សាកសួរ​បំភ្លឺ អំពី​បញ្ហា​បង្ហោះ​រូបភាព​វីដេអូ​កាត់ត ក្នុង​បណ្តាញ​សង្គម​និយាយ​ពី ជនជាតិ​ចិន​មួយក្រុម កាន់​កាំបិត​ដាវ ក្នុង​ភាពយន្ត​ចិន​ហុងកុង ដែល​មាន​បង្ហាញ​ខ្លឹមសារ​ថា “​ពិតជា​មិន​ធម្មតា​មែន​!! ឃើញ​ស្រស់ៗ ផ្ទាល់​ភ្នែក​មែន ហើយ​បងប្អូន បងធំ​ស្រុក​ចិន​ចេញ​ប្រយុទ្ធ ដណ្តើម​ទីក្រុង​គ្នា​គ្រប់គ្រង​ក្នុង​ដី​ខ្មែ​” ក្នុង​គោលបំណង​ទាក់ទាញ​ការ​ចូល​ចិត្ត​(Like) ចែករំលែក​(Share) និង​ការ​ទស្សនា​វីដេអូ​ឲ្យបាន​ច្រើន ដើម្បី​ខ្លួន​បាន​ចំណូល​ពី​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក និង Google Adsence ឲ្យបាន​ច្រើន​។ ក្នុងនោះ​យើង​បាន​ដកហូត​បាន​វត្ថុតាង រួម​មាន​ទូរស័ព្ទ ១ គ្រឿង កុំព្យូទ័រ ១ គ្រឿង កុំព្យូទ័រ​យួរដៃ ២ គ្រឿង ស៊ីម​កាត metfone ជាច្រើន និង ឧបករណ៍​ត​បណ្តាញ​អ៊ិន​ធឺ​ណែ​ត​មួយចំនួន​។ បច្ចុប្បន្ន​នាយកដ្ឋាន​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​”​។​

​ជាមួយ​នឹង​ករណី​នេះ ក្នុងឱកាស​អញ្ជើញ​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​ពិធី​បុណ្យ​សមុទ្រ នៅ​យប់​ថ្ងៃទី​១៥ ខែ​ធ្នូ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើង​អំពី វីដេអូ​កាត់ត​នោះដែរ​។ ពេល​សម្តេច​ទទួល​បាន​ភ្លាម សម្តេច​បាន​បញ្ជូន​ទៅកាន់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​, នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រិទ្ធិ អគ្គស្នងការ​រង​នគរបាលជាតិ និង​លោក​ឧត្តមសេនីយ៍ ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ឆ្លើយ​តប​មក​សម្តេច​ថា ជា​វីដេអូ​កាត់ត​។​

​សម្តេច​បាន​រិះគន់ និង​ចាត់ទុកថា ការបង្កើត​វីដេអូ​នោះ គឺ​ដើម្បី​បង្ក​ភាពចលាចល និង​បង្កើត​ភាព​យល់ច្រឡំ នាំឲ្យ​ប៉ះពាល់​ដល់​សង្គម​កម្ពុជា​។​

​កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ បន្ទាប់​ពី​មានការ​ចែកចាយ​តៗ ចំពោះ​វីដេអូ​ខាងលើនេះ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នាយ​ឧត្តម សេនីយ៍ នេ​ត សាវឿន តាមរយៈ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏​បាន​ធ្វើ​ការបដិសេធ​ចោល​ទាំងស្រុង នូវ​ខ្សែ​វីដេអូ​ឃ្លីប ដែល​អះអាង​ថា បាន​កើត​នៅ​រាជធានី​ភ្នំពេញ ហើយ​រឿង​នេះ​មិន​មាន​ការកើតឡើង ក្នុងប្រទេស​កម្ពុជា​ឡើយ​។ ចំណែក​សំឡេង ដែល​បាន​ថត​ក្នុង​សាច់​រឿង​នោះ គឺជា​សំឡេង​ថត​បញ្ចូល ក្នុង​បំណង​ធ្វើឲ្យ​មាន​ការយល់ច្រឡំ ដើម្បី​ចង់​បំពុល​បរិយាកាស​សន្តិសុខ​តែប៉ុណ្ណោះ​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×