Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភា​ប្រទេស​បារាំង ពង្រឹង​វិស័យ​ការទូត​សភា ជាមួយ​រដ្ឋ​សភា​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ រដ្ឋសភា​ប្រទេស​បារាំង បាន​កំពុង​ពង្រឹង​ពង្រីក​ចំណង​វិស័យ​ការទូត​សភា ជាមួយ​រដ្ឋសភា​ប្រទេស​កម្ពុជា​។ ក្នុង​បេសកកម្ម​នេះ លោក ស៊ី​ល​វ៉ាំង វ៉ា​សឺ​ម៉ង់ (Sylvain WASSERMAN) អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​បារាំង បាន​កំពុង​ដឹកនាំ គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក បាន​ជួប​សម្តែង​ការគួរសម ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋ​សភា​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកត់សម្គាល់​ឃើញ​ថា ទំនាក់ទំនង​ការទូត​កម្ពុជា​-​បារាំង បានកកើតឡើង​តាំងពី​ឆ្នាំ​១៩៥២​។ បារាំង​ជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​សំខាន់​មួយ ដល់​កម្ពុជា ពិសេស​បារាំង​បាន​ដើរតួនាទី យ៉ាងសកម្ម នៅ​ក្នុង​ការស្វែងរក​សន្តិភាព​ឲ្យ​កម្ពុជា រហូត​បង្កើត បាន​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​។ សម្តេច​បាន​គូសបញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្ពុជា​-​បារាំង​បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច ពីគ្នា​ទៅ​វិញ ទៅ​មក​ទាំង​ក្នុង​ក្របខ័ណ្ឌ នីតិប្រតិបត្តិ និង​នីតិប្បញ្ញតិ​។​

​លោក ស៊ី​ល​វ៉ាំង វ៉ា​សឺ​ម៉ង់ បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នៅក្នុង​ឱកាស​នេះ ក្នុង​គោលបំណង​ពង្រឹងពង្រីក វិស័យ​ការទូត​សភា ជាមួយ​កម្ពុជា​។ លោក បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ចំណង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា​-​បារាំង​។ ជា​ចំណង​មិត្តភាព​ជិតស្និទ្ធ ជឿជាក់ និង​បើកចំហរ​។ តាមរយៈ​ចំណង​មិត្តភាព​ដ៏​ល្អ​នេះ បាន​ជំរុញ​ឲ្យមាន​គម្រោង និង​ជំនួយ​ជាច្រើន របស់​បារាំង​មក​កាន់​កម្ពុជា​។​

​លោក​អនុប្រធាន​រដ្ឋសភា​បារាំង បាន​វាយតម្លៃ​ខ្ពស់ ពី​កិច្ចសហប្រតិបត្តិការ ផ្នែក​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ​។ នៅ​កម្ពុជា មាន​ពលរដ្ឋ និង​មន្ត្រីរាជការ​ជាច្រើន នៅតែ​ប្រើប្រាស់​ភាសា​បារាំង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើង​ផង​ដែរ ពី​ការគាំទ្រ​គ្នា​ទៅវិញទៅមក រវាង​សភា​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេរ​ភាគី និង​ពហុភាគី​។ ចំណែក​ទំនាក់ទំនង ផ្នែក​ពាណិជ្ជកម្ម រវាង​ប្រទេស ទាំងពីរ​វិញ សម្តេច​បាន​លើកឡើង​ថា មាន​ការរីកចម្រើន​ជា​លំដាប់ ពោល​គឺ​ទំហំ​ទឹកប្រាក់​វិនិយោគ បាន​កើន​ដល់​ជាង ១​ពាន់​លាន​ដុល្លារ​។ កម្ពុជា​បាន​នាំចេញ​អង្ករ​ច្រើន ក្នុង​លំដាប់​ទី​២ ទៅកាន់​ប្រទេស​បារាំង គឺ​ប្រមាណ​ជិត ៨​ម៉ឺន​តោន​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ផ្តាំផ្ញើ​ដល់​អនុប្រធាន​រដ្ឋសភា​ប្រទេស​បារាំង ជួយ​គាំទ្រ​និង​ជំរុញ អ្នកវិនិយោគ អ្នកទេសចរ​បារាំង មក​វិនិយោគ និង​ទស្សនា​កម្ពុជា ឲ្យ​កាន់តែ​ច្រើន​បន្ថែមទៀត​។ តាមរយៈ​ប្រធាន​គណៈប្រតិភូ សម្តេច បាន​គោរព​អញ្ជើញ លោក​ប្រធាន​រដ្ឋសភា​បារាំង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តាម​ពេលវេលា​សមស្រប​ណាមួយ នាពេល​ខាងមុខ​នេះ​។​

​ចំពោះ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លម្អិត រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ សម្តេច​ប្រធានរដ្ឋសភា បាន​ស្នើ​ដល់​គណៈប្រតិភូ ជួបពិភាក្សា​ជាមួយ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​សភា​កម្ពុជា​-​បារាំង​។ ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ឈាង វុន និង​គណៈ​ប្រភូ បាន​ធ្វើឡើង​បន្ទាប់ពី​សវនាការ​ជាមួយ​សម្តេច​បាន​បញ្ចប់​៕ ​ដោយ​៖​កូឡាប​

     

spot_img
×