Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយា​របស់​លោក រ៉ាត់ រដ្ឋ​មុនី ផលិត​ករវី​ឌី​អូ​ឯកសារ ម្តាយ​ខ្ញុំ​លក់​ខ្ញុំ ស្រែកយំ​តវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​

spot_img

​ភ្នំពេញ ​៖ ក្រុមគ្រួសារ និង​ភរិយា​របស់​លោក រ៉ាត់ រដ្ឋ​មុនី ផលិត​ករវី​ឌី​អូ​ឯកសារ ម្តាយ​ខ្ញុំ​លក់​ខ្ញុំ របស់​សារព័ត៌មាន​រុស្ស៊ី​ធូ​ដេ (RT) និង​សកម្មជន​ដីធ្លី និង​សកម្មជន​បរិស្ថាន ប្រមាណ​ជាង​១០​នាក់ នាំគ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​រុស្ស៊ី ដើម្បី​ឲ្យ​ស្ថានទូត​រុស្ស៊ី អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង លោក រ៉ាត់ រដ្ឋ​មុនី​។​

​ភរិយា​របស់​លោក រ៉ាត់ រដ្ឋ​មុនី បាន​ស្រែកយំ អំពាវនាវ​ឲ្យ​ស្ថានទូត​រុស្ស៊ី ជួយ​អន្តរាគមន៍​ឲ្យ​អាជ្ញាធ​រ​ខ្មែរ ដោះលែង​លោក រ៉ាត់ រដ្ឋ​មុនី ដែល​កំពុង​ជាប់​ឃុំ​។ លោក រ៉ាត់ រដ្ឋ​មុនី ដែល​បាន​ចូលរួម​ផលិត​ភាពយន្ត​ឯកសារ​ស្តីពី​ការលក់​កូនស្រី​ជា​មួយ​ទូរទស្សន៍​រុស្ស៊ី RT ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​ការរើសអើង​។ ក្រុមអ្នកតវ៉ា​នៅមុខ​ស្ថានទូត​បញ្ជាក់ថា នឹង​ឈប់​តវ៉ា នៅពេល​ស្ថានទូត​ទទួល​យក​ញត្តិ​។​

​លោកស្រី ឡុង គីម​ហ៊ាង ភរិយា​របស់​លោក រ៉ាត់ រដ្ឋ​មុនី បាន​អះអាង​ថា ប្តី​របស់​លោកស្រី មិន​បាន​សូកលុយ ឬ​ក្លែងបន្លំ​ឯកសារ ដើម្បី​ប្រឌិត​ខ្សែភាពយន្ត​ឯកសារ ដែល​ផលិត​ដោយ​សារព័ត៌មាន​រុស្ស៊ី RT នោះទេ​។ លោកស្រី ឡុង គីម​ហ៊ាង បាន​ស្រែកយំ​ថា “​អាង​អី​ចាប់ៗ​”​។​

​លោកស្រី​បន្ថែមថា ខ្សែភាពយន្ត​ឯកសារ ស្តីពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ដែល​មាន​ម្តាយ​លក់​កូន គឺជា​រឿង​ពិត ហើយ​ប្តី​របស់​លោក​ស្រី និង​សារព័ត៌មាន​រុស្ស៊ី បាន​សហការ​គ្នា​ផលិត និង​បាន​ផ្សាយ​ជា​សាធារណៈ កាលពី​ខែ​តុលា​កន្លងទៅ បាន​ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​ពេញចិត្ត និង​បាន​ចាប់​ប្តី​របស់​លោកស្រី​ដាក់ពន្ធនាគារ​។ លោកស្រី អំពាវនាវ​ឲ្យ​ស្ថានទូត​រុស្ស៊ី អន្តរាគមន៍​ទៅ​ក្រសួងការបរទេស​កម្ពុ​ជា ក៏ដូចជា រដ្ឋាភិបាល​កម្ពុជា ធ្វើយ៉ាងណា​ដោះលែង​ប្តី របស់​លោកស្រី ដោយ​គ្មាន​លក្ខខណ្ឌ​។​

​លោកស្រី​អះអាងថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា យល់​ថា​ខ្សែភាពយន្ត​ឯកសារ​នោះ មិន​ពិត លោកស្រី អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គួរតែ​កោះហៅ​សារព័ត៌មាន​រុស្ស៊ី RT មក​សាកសួរ ព្រោះ​សារព័ត៌មាន​រុស្ស៊ី ជា​អ្នក​ផ្សព្វផ្សាយ និង​ផលិត​ខ្សែភាពយន្ត​ឯកសារ​នោះ​។​

​លោក​រ៉ាត់ រដ្ឋ​មុនី ក៏​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា ដែល​បាន​ចូលរួម​ផលិត​ភាពយន្ត​ឯកសារ ស្តី​ពី​ការលក់​កូនស្រី ជាមួយ​ទូរទស្សន៍​រុស្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១៣ ​ធ្នូ ដោយ​បាន​ចោទប្រកាន់ ពី​បទ​ញុះញង់​ឲ្យមាន​ការរើសអើង តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។ តាម​មាត្រា​ច្បាប់​នេះ លោក​រ៉ាត់ រដ្ឋ​មុនី អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ ពី​១ ឆ្នាំទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​២​លាន​រៀល ទៅ​៦​លាន​រៀល បើសិន​តុលាការ​រក​ឃើញ​ថា លោក​បាន​ប្រព្រឹត្ត​កំហុស​មែន​នោះ​។ លោក​រ៉ាត់ រដ្ឋ​មុនី បាន​ចូលរួម​ផលិត​ខ្សែភាពយន្ត​ឯកសារ ម្តាយ​ខ្ញុំ​លក់​ខ្ញុំ ជាមួយ​ទូរទស្សន៍ ​RT របស់​រុស្ស៊ី ជា​ខ្សែភាពយន្ត​ឯកសារ ដែល​អាជ្ញាធរ​កម្ពុជា អះអាងថា ធ្វើឲ្យប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​។​

​លោក រ៉ាត់ រដ្ឋ​មុនី ត្រូវបាន​អាជ្ញាធរ​កម្ពុជា ទៅ​នាំ​ខ្លួន​ពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១២ ធ្នូ ក្រោយពី​លោក​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ និង​ឃុំខ្លួន អស់​រយៈពេល​៥​ថ្ងៃ នៅ​មណ្ឌល​ឃុំ​ខ្លួន​ជន​អន្តោរ​ប្រវេសន៍ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣​ធ្នូ លោក​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅក្នុង​ពន្ធនាគារ ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត​៕​ ដោយ​ ៖​ រចនា​

     

spot_img
×