Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់ជរា ជនពិការ គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១៥ គ្រួសារ ​ទទួល​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក សរ វណ្ណា នាយក​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨​នេះ​បាន​នាំ​យក​នូវ​​អំណោយ​មនុស្សធម៌​ជា​ស្បៀង សម្ភារៈ និង​ថវិកា​មួយចំនួន យក​ទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ ជូន​ចាស់ជរា ២ គ្រួសារ ជនពិការ ៣ នាក់ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១០ គ្រួសារ សរុប ១៥ គ្រួសារ មកពី ឃុំ​ធ្មា ស្រុក​រំដួល ដែល​ពិធី​នេះ​ប្រារព្វ​ធ្វើនៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក ។

​ក្នុង​ពិធី​នោះ​លោក សរ វណ្ណា នាយក​សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក ហើយ​ជា​និច្ច​ជា​កាល សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា ។

​លោកនាយក​សាខា​បាន​បញ្ជាក់បន្ថែម​ដល់​អ្នក​ទទួល​អំណោយ​ទាំង ១៥ គ្រួសារ ដោយ​សង្ខេប​អំពី​សកម្មភាព​នានា​របស់​កាក​បាទ​ក្រហម​កម្ពុជា នៅ​ថ្នាក់​សាខា និង​អនុសាខា បាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​បន្ទាន់​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ធម្មជាតិ ដូចជា ខ្យល់​កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ធ្វើឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាន​ធូ​ស្រាល​មួយចំណែក ហើយ​ពេលនេះ​សាខា​បាន​គិតគូ​ដល់​លោកយាយ លោកតា ចាស់ជរា​ដែល​គ្មាន​ទីពឹង អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជនពិការ កុមារកំព្រា ព្រោះ​មិនមែន​តែ​ស្រុក​រំដួល​មួយ​ទេ​ដែល​សាខា​ត្រូវ​ដោះស្រាយ គឺ​ត្រូវ​ដោះស្រាយ​ដល់​ស្រុក​ផ្សេងទៀត​តាម​លទ្ធភាព​ដែល​សាខា​មាន ។

លោកនាយក​សាខា បានបញ្ជាក់​ថា​អំណោយ​ទាំងនេះ​គឺ​បានមកពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​ដល់​សាខា តាមរយៈ​ការរៀបចំ​ទិវា ៨ ឧសភា សមាជិកភាព ហិប​វិភាគទាន និង​ការលក់​សន្លឹកឆ្នោត ។ ហើយ​បងប្អូន​ទាំងអស់​ត្រូវ​ទុក​ចិត្ត​នឹង​អាជ្ញាធរ​ដែនដី រួមទាំង​កាកបាទក្រហមកម្ពុជា​ផងដែរ ក្នុង​ការជួយ​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​ដោយ​មិន​រើសអើង​ឡើយ ពោល​គឺ​ឲ្យតែ​រងគ្រោះ ព្រោះ​កាកបាទក្រហមកម្ពុជា​យើង​មាន​បណ្តាញ​អ្នកស្មគ្រ័ចិត្ត និង​យុវជន​នៅ​គ្រប់​សាខា រាជធានី ខេត្ត តាម​អនុសាខា​ក្រុង​ស្រុក​ទូទាំង​ប្រទេស អាច​ចុះ​ពិនិត្យ​ជាក់ស្តែង ផ្តល់​ព័ត៌មាន​បាន​យ៉ាង​ឆាប់រហ័ស និង​ធ្វើ​ការឆ្លើយតប​ភ្លាមៗ ដើម្បី​យក​អំណោយ​ចែកជូន​ដល់​អ្នករងគ្រោះ​បាន​ទាន់ពេលវេលា ។ អំណោយ​ដែល​បាន​ចែក​ជូន​ទាំង ១៥ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០​គ​.​ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​មុង ភួយ សារុង ក្រមា​) និង​ថវិកា ៤០.០០០ រៀល ៕​ ដោយ ៖ វ៉ៃ​គោ​

spot_img
×