Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល​តម្កល់​សាលក្រម កាត់ទោស​ឱ្យ​ទណ្ឌិត សម រង្ស៊ី សងជំងឺចិត្ត​ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ បានប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម និង​សាលដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ ទុកជាបានការ​ដដែល ដែល​បាន​កាត់ទោស​ផាកពិន័យ​ទណ្ឌិត សម រង្ស៊ី ចំនួន​១០​លាន​រៀល និង​បង្គាប់​ឱ្យ​ទណ្ឌិត សម រង្ស៊ី សងជំងឺចិត្ត​ជូន​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន​៤.០០០​លាន​រៀល ចំពោះ​បទ​បរិហារកេរ្តិ៍​លើ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ទោះយ៉ាងណា​នៅពេលនេះ ទណ្ឌិត សម រង្ស៊ី មិនមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ហើយក៏​ពុំដែល​បាន​សងជំងឺចិត្ត​ទៅ​សម្តេច​តេ​ជោ​នោះទេ​។

​លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុង​សាលដីកា​នេះ បានសម្រេច​ដូចតទៅ​ ៖

១៖ បដិសេធ​បណ្តឹងសាទុក្ខ របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​សម រង្សី ដោយ​ទាស់​នឹង​គតិ​ច្បាប់ ។​

២៖ តម្កល់​សេចក្តីសម្រេច ក្នុង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ​ពេញ​ទាំងមូល​។​

៣៖ សាលដីកា​នេះ ត្រូវបាន​ប្រកាស​ជា​សាធារណ​: នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​។​

​ការប្រកាស​សាលដីកា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សាលា​កំពូល បាន​ជំនុំជម្រះ​លើ​បណ្តឹង​សារទុក្ខ​របស់ មេធាវី​លោក សម រង្ស៊ី ដែល​បាន​ប្តឹង​ជំទាស់ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​កន្លងមក ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្តន្ទាទោស លោក សម រង្ស៊ី ដោយ​ផាកពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ជូន​ដើមបណ្តឹង គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​៤.០០០​លាន​រៀល ក្នុង​សំណុំរឿង​បទ​បរិហាកេរ្តិ៍​មួយ​នេះ​។

កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៨ សាលាឧទ្ធរណ៍ ក៏បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ណ៍ ដោយ​សម្រេច​ផាកពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល និង​បង្គាប់​ឱ្យ លោក សម រង្ស៊ី សងជំងឺចិត្ត​ជូន​សម្តេច ហ៊ុន សែន ចំនួន​៤.០០០​លាន​រៀល ​៕  ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×