Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ ជំរុញ​ឱ្យ​ក្រុមហ៊ុន​អាកាសចរ​វៀតណាម ពង្រីក​ជើង​ហោះ​វៀតណាម​-​កម្ពុជា ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បាន​ថ្លែងថា ខណៈពេល​ដែល​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines បាន​និង​កំពុង​ពង្រឹង​ប្រតិបត្តិ​ការខ្លួន តាមរយៈ​ការ​ដាក់ឲ្យ​ប្រើប្រាស់​យន្ត​ហោះ​ទំនើបៗ ដូចជា B787 Dreamliner, Airbus A350, A321 នោះ លោក​ក៏​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន មេត្តា​យកចិត្តទុកដាក់ ពង្រីក​ជើងហោះហើរ ពី​ប្រទេស​វៀតណាម​មក​កាន់​រាជធានី​ភ្នំពេញ តំបន់​សៀមរាប តំបន់​ឆ្នេរសមុទ្រ និង​តំបន់​កោះ​សំខាន់ៗ របស់​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​ពានរង្វាន់ ជូន​ទី​ភ្នាក់ងារទេសចរណ៍ ដែល​មាន​ស្នាដៃ​ល្អ ក្នុងការ​លក់​សំបុត្រ​ជូន​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines នៅ​សណ្ឋាគារ​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក Nguyen Trac Toan ភារធារី​នៃ​ស្ថាន​រដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក Ngo Tri Hung នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines រួម​ទាំង​ប្រតិបត្តិ​ក​រ សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ។​

​លោក ថោង ខុន បាន​ថ្លែងថា អត្រា​កំណើន​នៃ​ភ្ញៀវទេសចរ បាន​កើនឡើង​ជា​ទី​មោទនៈ​នេះ គឺ​សម្រេច​បាន​ដោយសារ កត្តា​សុខសន្តិភាព​ពេញលេញ និង​ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ របស់​រាជរដ្ឋាភិបាល​កម្ពុជា ការបើក​ច្រកព្រំដែន​អន្តរជាតិ​កាន់តែ​ទូលំទូលាយ ជាមួយ​បណ្តា​ប្រទេសជិតខាង និង​កិច្ចប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា របស់​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​សំរួល​ការធ្វើ​ដំណើរ និង​ដឹកជញ្ជូន​តាម​ច្រកទ្វារ​អន្តរជាតិ​នានា​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ឧស្សាហកម្ម​ដឹកជញ្ជូន និង​ធ្វើ​ដំណើរ ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុងការ​រុញ​ដោល និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក្នុងនោះ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ក៏​មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​ឈរ​លើ​គោលការណ៍​សុវត្ថិភាព​ខ្ពស់ និង​ចំណេញ​ពេលវេលា​ធៀប​នឹង​មធ្យោបាយ​ផ្សេងៗ​ទៀត​។ ដើម្បី​ទ្រទ្រង់​ដល់​ការរីកលូតលាស់​នៃ​វិស័យ​ទេសចរណ៍ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ការអភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​មធ្យោបាយ​ដឹកជញ្ជូន ទាំង​ផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ (​ព្រលានយន្តហោះ កំពង់ផែ ចំណត​) និង​បច្ចេកវិទ្យា​ក្នុង​វិស័យ​ដឹកជញ្ជូន គឺជា​កត្តា​កំណត់​ចាំបាច់​សំរាប់​និរន្តរភាព នៃ​វិស័យ​ទេសចរណ៍​។​

​លោក​ក៏​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​បន្ត​ចូលរួម​គាំទ្រ និង​ជំរុញ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​ទូលំទូលាយ ទាំង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស តាមរយៈ​ការបង្កើត​ផលិតផល​ថ្មីៗ និង​រៀបចំ​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ ដោយ​ដាក់បញ្ចូល​នូវ​ព្រឹត្តិការណ៍ និង​ពិធីបុណ្យ​ធំៗ​នានា​របស់​កម្ពុជា​ផង ដើម្បីឱ្យ​ភ្ញៀវ​ទេសចរ​បាន​មកលេង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។​

​បច្ចុប្បន្ន​មាន​ជើងហោះហើរ​ពី​វៀតណាម មក​កម្ពុជា​សរុប​២៣​ជើង ក្នុង​មួយ​ថ្ងៃ​៖ សៀមរាប​-​ហូ​ជី​ម៉ិញ ៦​ជើង​, សៀមរាប​-​ហាណូយ ៦​ជើង​, ភ្នំពេញ​-​ហូ​ជី​ម៉ី​ញ ៥​ជើង ក្រៅពីនោះ​មាន​ជើងហោះហើរ​សៀមរាប​-​ដា​ណា​ង និង​ព្រះសីហនុ​-​ហូជីមិញ​ផងដែរ ដែល​ភាគច្រើន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Vietname Airline ក្រុមហ៊ុន​អាកាសចរ​ជាតិ​កម្ពុជា​អង្គរ​អ៊ែរ ក្រុមហ៊ុន Vietjet ក្រុមហ៊ុន​អាកាសចរ Silk Air និង​ក្រុមហ៊ុន​អាកាសចរ Qatar Airways៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×