Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ១៥៣​គ្រួសារ ឯកភាព​ចាប់ឆ្នោត​យក​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន និង​ឯកភាព​ចាប់ឆ្នោត​យក​ដី​ឡូត៍​ជា​កម្មសិទ្ធិ​ជាក់ស្តែង​នៅ​រយៈពេល​២​ខែ​កន្លះ​ខាងមុខ​

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ប្រឡាយ​ស្ទឹងមានជ័យ​ចំនួន​១៥៣​គ្រួសារ​ដែល​ស្ថិត​ក្នុង​តំណាក់​ការ​ទី​១​នៃ​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពួកគាត់​បាន​ឯកភាព​ហើយ​ក្នុង​ការ​ចាប់ឆ្នោត​យក​ផ្ទះ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ។​ទន្ទឹង​នឹង​នេះ​ពួកគាត់​ក៏​បាន​ឯកភាព​ចាប់ឆ្នោត​យក​ដី​ឡូត៏​ជា​កម្មសិទ្ធិ​ជាក់ស្តែង​នៅ​រយៈពេល​២​ខែ​កន្លះ​ខាងមុខ​ទៀត។​

​ពិធី​ចាប់ឆ្នោត​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១​ធ្នូ​នៅ​បរិវេណ​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​
​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​កាលពី​ថ្ងៃ​៦​តុលា ២០១៧​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខណ្ឌមានជ័យ​បាន​បើក​វេទិកា​សាធារណៈ​មួយ​នៅក្នុង​បរិវេណ​វត្ត​ស្ទឹង​មានជ័យ​នេះ​ដែរ ក្នុង​វេទ​ការ​កាលណោះ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ប្រឡាយ​ស្ទឹង​បាន​ឯកភាព រុះរើ​ផ្ទះ​ចេញ​ពី​លើ​ប្រឡាយ​និង​សុខចិត្ត​ទទួល​យក​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ពី​រដ្ឋបាល​រាជធានី ក្នុង​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ នៅសល់​៤​ម៉ែត្រ​ខាងមុខ​និង​នៅ​សល់​១​ម៉ែត្រ​នៅ​ក្រោយ ។​ចំណែក​តួ​ប្រឡាយ​យើង​អាច​ស្ថាបនា​បាន​តួ​ប្រឡាយ​៨​ម៉ែត្រ និង​ផ្លូវ​៦​ម៉ែត្រ​អម​សងខាង​ប្រឡាយ​។​

លោក មាន ចាន់​យ៉ាដា បាន​បន្តថា ចំពោះ​ការ​ចាប់ឆ្នោត​នេះ​យើង​ធ្វើ​ឡើង​តែ​ចំនួន​១៥៣​គ្រួសារ​ដែល​ស្ថិត​ក្នុង​តំណាក់​ការ​ទី​១​នៃ​គម្រោង​របស់​រដ្ឋបាល​រាជធានី ដើម្បី​អោយ​ពួកគាត់​ចូល​ទៅ​ស្នាក់នៅ​ជា​បណ្តោះ​អាសន្ន​នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្រោយពី​យើង​បាន​សាងសង់ ដាក់​បង្គន់ បន្ទប់ទឹក ត​បណ្តាញ​ទឹក​និង​ភ្លើង​រួចរាល់​។​លោក​បាន​បញ្ជាក់​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ផង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្តល់​ជម្រើស​២​យ៉ាង​មុន​នៃ​ការប្រគល់​ដី​ស្របច្បាប់​ជូន ក្នុងនោះ​រួមមាន​ទី​១ ប្រជាពលរដ្ឋ​អាច​ចាប់ឆ្នោត​យក​ដី​កម្មសិទ្ធិ​នៅក្នុង​ប្លង់​ដែល​បាន​បែងចែក​រួច និង​ទី​២ ប្រជាពលរដ្ឋ​អាច​ចាប់ឆ្នោត​យក​ដី​កម្មសិទ្ធិ ដែល​បាន​រៀបចំ ពុះ​ជា​ឡូត៏រួ​ចរាល់ តែ​ជម្រើស​ទី​២​នេះ​ប្រជាពលរដ្ឋ​ត្រូវ​ទុក​ពេល​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រយៈពេល​២​ខែ​កន្លះ​ដើម្បី​រៀប​ដី​ចែក​ឡូត៏​អោយបាន​ត្រឹមត្រូវ​សិន​ទើប​យើង​ចាប់ឆ្នោត​យក​ជាក់ស្តែង​តែម្តង​។​ក្នុង​ជម្រើស​ទាំង​២​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សម្រេច​យក​ជម្រើស​ទី​២​ផងដែរ​។​

​គួរបញ្ជាក់​ថា ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅពេល​ដែល​ការស្ថាបនា​ប្រឡាយ​និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ត​បណ្តាញ​ទឹកស្អាត ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួម​នឹង​ការដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ដើម្បី​អោយ​តំបន់​នេះ​ក្លាយជា​ទីក្រុង​ស្ទឹងមានជ័យ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

​ប្រឡាយ​ស្ទឹងមានជ័យ​នឹង​ត្រូវ​សាងសង់​ឡើង ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវ​ធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។ ប្រឡាយ​ស្ទឹងមានជ័យ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​។​ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​​ចិញ្វើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕ ដោយ​៖​កូឡាប​ 

spot_img
×