Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយការិយាល័យ​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្តកំពង់ធំ ទទួលស្គាល់​កំហុស ការចេញលិខិត​កោះហៅ​យុវជន ហេង ដេវីដ មក​បំភ្លឺ​រឿង​តុងទីន

spot_img

​កំពង់ធំ​៖ ក្រោយ​ការរិះគន់​បាន​ផ្ទុះឡើង​កាន់តែខ្លាំង រហូត​មាន​អន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ លើ​ករណី​នាយការិយាល័យ​មន្ទីរ​យុត្តិធម៌​អាវុធហត្ថ​ខេត្តកំពង់ធំ ចេញ​លិខិត​ដោយ​ចិត្ត​ឯង​មិន​សួរ​ថ្នាក់លើ​នោះ យុត្តិធម៌​ត្រូវ​ផ្ដល់ជូន​បងប្អូន​ទាំងពីរ​នាក់ ដោយ​ភាគី​អ្នកប្តឹង​ព្រម​បញ្ចប់រឿង​ត្រឹម​ថ្ងៃនេះ​។ លោក ផុន សុផល ទទួលស្គាល់​កំហុស​រប​ស់​ខ្លួន​ថា ការចេញលិខិត​កោះហៅ​យុវជន ហេង ដេវីដ មិនបាន​ឆ្លង​យោបល់​ទៅកាន់​មេបញ្ជាការ​របស់ខ្លួន និង ជាការ​ធ្វេសប្រហែស​។​

​យុត្តិធម៌​ត្រូវបាន​ផ្តល់​ដល់ បងប្អូន​ប្រុស​ស្រី​២​នាក់ ដែល​ឪពុកម្ដាយ​របស់ខ្លួន បាន​ស្លាប់​ដោយសារ​រឿង​ប្រច័ណ្ឌ កាលពី​ប៉ុន្មាន​ថ្ងៃមុន ធ្វើ​ឲ្យ​ផ្អើល​នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ពាក់ព័ន្ធ​នឹង​ការកោះអញ្ជើញ​ពី​សំណាក់​មន្ដ្រី​អាវុធហត្ថ ឲ្យ​កូនប្រុស​បង​ចូលទៅ​បំភ្លឺ ពាក់ព័ន្ធ​តុងទីន​របស់​ឪពុកម្ដាយ ដែល​បាន​ស្លាប់ចោល​ពួកគេ​ទៅហើយនោះ​។​

​ក្រោយ​មាន​លិខិត​កោះអញ្ជើញ​ហៅ​យុវជន ហេង ដេវីដ ទៅ​ដោះស្រាយ​រឿង​តុងទីន​ម្ដាយ​ដែល​បាន​ស្លាប់ចោល​នោះ ត្រូវបាន​សាច់ញាតិ​របស់ខ្លួន​យកមក​បង្ហោះ លើ​បណ្ដាញ​សង្គម Facebook ដោយ​ចោទ​ជា​សំណួរ​ថា ជា​បទល្មើស​ព្រហ្មទណ្ឌ និង​តើ​កូន​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ដូច្នេះ បើ​ម្ដាយ​ស្លាប់​បាត់ទៅហើយ និង​តើ​មានចែង​ក្នុង​មាត្រា​ទី​ប៉ុន្មាន និង​នៅក្នុង​ច្បាប់​អ្វី​?​។​

​ក្រោយពី​ការ​បង្ហោះ​នៅលើ Facebook ពី​ករណី​អយុត្តិធម៌​នេះ ស្រាប់តែ​អ្នកលេង Facebook បាន​ចូលទៅ​ខំ​មិន និង​ស៊ែរ​រាប់ពាន់នាក់ ដោយ​រិះគន់​ពេញទំហឹង​ទៅលើ​មន្ដ្រី​អាវុធហត្ថ ដោយ​ម្នាក់ៗ​ចាត់ទុកថា វា​ជា​រឿង​អយុត្តិធម៌​បំផុត ខណៈដែល​ម្ដាយ​ឪពុក​របស់ខ្លួន​បាន​ស្លាប់ បែរជា​ហៅ​កូន​ទៅ​សួរនាំ និង​ចង់​ឲ្យ​សង​ថ្លៃ​តុងទីន​យ៉ាង​ដូច្នេះ​។​

​សន្ទុះ​នៃ​ការរិះគន់​បាន​ផ្ទុះឡើង​កាន់តែខ្លាំង រហូត​មាន​អន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ក្នុងនោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក អ៊ិត សុធា ព្រមទាំង​ការចុះផ្សាយ​ព្រោងព្រៀត​ពី​អ្នកសារព័ត៌មាន​ជាដើម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ប្រាប់ ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ករណីនេះ​ភ្លាម លោក​បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​អាវុធហត្ថ ពិនិត្យ​រឿងនេះ​ជាបន្ទាន់ និង​មាន​វិធានការណ៍ ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌​។ ដោយឡែក ទាំង​អភិបាល​ខេត្តកំពង់ធំ និង​ព្រះរាជអាជ្ញា ក៏បាន​បញ្ជា​ចំណាត់ការ​របស់ខ្លួន ដោយ​មិន​ឲ្យ​មានការ​ចោទប្រកាន់​ណាមួយ តាមផ្លូវ​ច្បាប់​នោះឡើយ​។​

​សាច់ញាតិ​របស់​យុវជន ហេង ដេវីដ ដែល​បង្ហោះ​នៅលើ Facebook រៀបរាប់​ពី​រឿង​អ​យុត្ដិធម៌​នេះ នៅ​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ថា ប្អូន​របស់ខ្លួន​ពិតជា​ត្រូវ​មន្ដ្រី​អាវុធហត្ថ​លោក ផុន សុផល ដែល​កោះហៅ​ឲ្យ​ទៅ​សង​ថ្លៃ​តុងទីន ដែល​ម្ដាយ​របស់ខ្លួន បាន​លេង​ជំពាក់​មេ​តុងទីន​កាល​នៅរស់​។​
​ប៉ុន្ដែ​សាច់ញាតិ​រូបនេះ ក៏បាន​អះអាងថា ក្រោយ​មាន​អន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ ក៏ដូចជា ខ្លួន​បាន​បង្ហោះ​នៅលើ Facebook នោះ​ខាង​មន្ដ្រី​អាវុធហត្ថ ក៏​បានមក​សម្របសម្រួល និង​សុំទោស ហើយ​សុំ​បញ្ចប់​ត្រឹមនេះ​។​

​យោងតាម​របាយការណ៍​របស់លោក​វរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ជាម​ន្ត្រូ​ី​នគរបាល​យុត្តិធម៌​អង្គភាព​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ផ្ញើជូន​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹងថា លោក​បានចេញ​លិខិត​កោះហៅ យុវជន ហេង ដេវីដ បន្ទាប់ពី​លោក​អនុសេនីយ៍ឯក គង់ ឈុនលី មេបញ្ជាការរង​ក្រុង​ស្ទឹងសែន ទៅ​ជួប​រូបលោក ដើម្បី​ឲ្យ​ចេញ​លិខិត​ចរចា​ករណី​តុងទីន ដែល​ឪពុកម្ដាយ​របស់ ដេវីដ ជាប់​ពាក់ព័ន្ធ​ពេល​នៅរស់​។ ម្យ៉ាងទៀត​លោក ក៏​ចង់​ជួប​យុវជន ហេង ដេវីដ សួរនាំ​ពី​ករណី​ឃាតកម្ម និង​ការប្រើប្រាស់​កាំភ្លើងខ្លី ពី​សំណាក់​ឪពុក​របស់ខ្លួន​ពី​នៅរស់ ហើយក៏​ពុំមាន​ចេតនា​គៀបសង្កត់​ដល់​ជនរងគ្រោះ ឬក៏​បង្ខិតបង្ខំ​ជនរងគ្រោះ​នោះដែរ​។​

​ជាមួយគ្នានេះ លោក ផុន សុផល បានទទួល​ស្គាល់​កំហុស​របស់ខ្លួន​ថា ការចេញលិខិត​កោះហៅ​យុវជន ហេង ដេវីដ មិនបាន​ឆ្លង​យោបល់ ទៅកាន់​មេបញ្ជាការ​របស់ខ្លួន និង​ចាត់ទុកថា ជាការ​ធ្វេសប្រហែស​មិនបាន​គិតគូរ និង​ពិភាក្សា​ឲ្យ​ដិតដល់​។​

​មតិ​មួយចំនួន​ដែល​បានដឹង​ករណីនេះ បាន​ទម្លាក់កំហុស និង​រិះគន់​យ៉ាងខ្លាំង ពី​ចំណាត់ការ​មន្ដ្រី​អាវុធហត្ថ ជាពិសេស​លោក​អនុសេនីយ៍ឯក គន់ ឈុនលី មេបញ្ជាការរង​អាវុធហត្ថ​ក្រុង​ស្ទឹងសែន ទំនងជា​ប្រពន្ធ​របស់គាត់ ឬ​សាច់ញាតិ​របស់ខ្លួន ធ្វើ​មេ​តុងទីន ទើប​មក​ឲ្យ​ចេញ​ចំណាត់ការ​រហ័ស និង​ខុស​ទំនង​បែបនេះ​។ បើទោះបី​មិនបាន​គិតដល់​ផ្លូវច្បាប់ តែ​ក៏ត្រូវ​គិត​អំពី​មនុស្សធម៌ ដែល​ពួកគេ​ត្រូវ​ឪពុកម្ដាយ​ស្លាប់ចោល​។ នេះ​ចេះ​សំណាង​ដែល​បាន​ទម្លាយ​រឿង​នៅលើ Facebook រហូត​មាន​អន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ ចុះបើ​រឿងរ៉ាវ​ទាំងនេះ​មិនត្រូវ​បាន​ទម្លាយ​ចេញ​នោះ តើ​ពួកគេ​នឹង​ទទួល​នូវ​ភាពអយុត្តិធម៌​យ៉ាងដូចម្ដេចខ្លះ ដែល​ត្រូវ​រ៉ាប់​រង់​សង​ថ្លៃ​តុងទីន​ជំនួស​ឪពុកម្ដាយ ដែល​បាន​ស្លាប់​៕ ដោយ ​៖​ រចនា​

  

spot_img
×