Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ដូន​កែវ ប្តេជ្ញា​ថា​នឹង​យក​ផ្ការំដួល​អោយបាន​៣​ទង​នៅ​ឆ្នាំ​ខាង​មុខ​

spot_img

​តាកែវ ​៖ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ​ថ្មី បាន​ចាប់ដៃ​ជាមួយ​និង​មន្ទីរ​បរិស្ថាន​ខេត្ត ប្ដេជ្ញា​ថា​នឹង​យក​ផ្ការំដួល​អោយបាន ៣​ទង សម្រាប់​ឆ្នាំ ២០១៩​ខាងមុខនេះ ខណៈ​ដែល​ក្រុង​ដូន​កែវ ធ្លាប់បាន​ទទួល​ផ្ការំដួល​ចំនួន ២​ទង រយៈពេល ២​ឆ្នាំ​រួចមកហើយ ។ ថ្លែង​បែប​នេះ គឺ​ក្នុងពេល​ដែល​មន្ទីរ​បរិ​ស្ថាន​ខេត្តតាកែវ បាន​រៀបចំ​នៅ​ទិវា​បរិស្ថាន​ស្អាត ទីក្រុង​ស្អាត មាន​អនាម័យ​ល្អ សុខភាព​ល្អ នៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២១ ខែ​ធ្នូ ២០១៨ នេះ ដែល​មាន​ការចូលរួម​ពី​លោក ឈូរ សុធា អភិបាលរង​ខេត្តតាកែវ រួម​ជាមួយ​មន្ត្រី​រាជកា​រ និង​ក្រុម​គរុ​សិស្ស ប្រមាណ​ជា ១៥០​នាក់ ធ្វើការ​ដើរ​រើស​សម្រាម​នៅ​បរិវេណ​ទីប្រជុំជន​ក្នុង​ក្រុង​ដូន​កែវ ។​

ថ្លែង​មុនពេល​ចេញដំណើរ ក្នុង​ការសម្អាត​បរិស្ថាន លោក​ឈូរ សុធា អភិបាលរង​ខេត្តតាកែវ បាន​ធ្វើ​ការអំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សម្អាត​បរិស្ថាន​នៅក្នុង​ខេត្ត​របស់​យើងទាំងអស់គ្នា ដោយ​ចូលរួម​ធ្វើការ​ចោល​សម្រាម​ដាក់ចូល​ទៅក្នុង​ធុងសម្រាម មិន​ត្រូវ​ចោល​សម្រាម​ពាសវាល​ពាសកាល ដែល​នេះ​ជា​ចំណុច​ដែល​ធ្វើអោយ​សោភ័ណ្ឌភាព​ក្នុងក្រុង​ដូន​កែវ​របស់​យើង​មាន​ការថយចុះ និង​បាត់បង់​នៅ​ការវាយតម្លៃ​យក​ពិន្ទុ ក្នុង​ការប្រកួតប្រជែង​ទីក្រុង​ស្អាត​ជាមួយនឹង​ខេត្ត​គេ​ដទៃ ។ ទទឹម​នឹង​នោះ​ដែរ​លោក​អភិបាលរង​ខេត្ត ក៏​បាន​ជំរុញ​អោយ​មន្ត្រី​ជំនាញ ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្ត នៅតាម​ស្ថាប័ន​នី​មួយៗ​ចូលរួម សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការសម្អាត​បរិស្ថាន នៅតាម​មូលដ្ឋាន​របស់​ខ្លួន ក៏ដូចជា​នៅ​តាម​ទី​សាធារណៈ​អោយ​ល្អ​ស្អាត​ទាំងអស់គ្នា និង​ត្រូវ​ជួយ​ពន្យល់​ឬ​ណែនាំ​ដល់​អ្នក​ចោល​សម្រាម​ពាសវាល​ពាសកាល​ផងដែរ ។​

តំណាង​អោយ​ក្រុម​គរុ​សិស្ស​ភូមិភាគ​តាកែវ ចំនួន​២​រូប បាន​និយាយថា ពួកគេ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​សកម្មភាព​បម្រើ​ការងារ​ជួយ​ដល់​សង្គម​បែបនេះ ហើយ​ពួកគេ​ស្វាគមន៍​ជានិច្ច និង​ការចូលរួម​សហការ​ជាមួយ​បងៗ​មន្ត្រីរាជការ ក្នុង​ការសម្អាត​បរិស្ថាន​នៅក្នុង​ក្រុង​ដូន​កែវ ដើម្បី​អោយមាន​សោភ័ណភាព​ល្អ​ក្នុង​ក្រុង​របស់​យើង ខេត្ត​របស់​យើង ដើម្បី​សម្រេច​អោយបាន​ក្រុង​ដូន​កែវ ទទួលយក​ផ្ការំដួល ៣​ទង នៅ​ឆ្នាំ​ខាងមុខ ៕ ដោយ ៖ តាកែវ​

spot_img
×