Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ តម្រូវឱ្យមាន​ការចូល​រួម​ពី​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន​កាន់តែ​ល្អប្រសើរ​

spot_img

​ភ្នំពេញ ​៖ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ជា​កំណែទម្រង់​ក្នុង​វិស័យ​អភិបាលកិច្ច​ដ៏​មាន​សារៈសំខាន់​របស់​រាជរ​ដ្ឋា​ភិ​បាល ដោយ​ផ្តោត​សំខាន់​លើ​ការរៀបចំ​ឡើងវិញ នូវ​ប្រព័ន្ធគ្រប់គ្រងរ​ដ្ឋ​បាល​នៅ​ថ្នាក់ក្រោម​ជាតិ​ដោយ​ឈរលើ​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​។ កំណែទម្រង់​នេះ​បាន​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ និង រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ប្រកបដោយ​ប្រសិទ្ធភាព​។​

លោក ង៉ាន់ ចំរើន (រូបកណ្តាល) រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន ថ្លែងប្រសាសន៍ក្នុងអង្គពិធី ។

​ដើម្បីឱ្យ​កំណែទម្រង់​វិមជ្ឈការ និង​សហវិមជ្ឈការ​ទទួលបាន​ជោគជ័យ ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​ដំណើរ​នេះ គឺជា​ធាតុ​ផ្សំ​មួយ​យ៉ាងសំខាន់​មិនអាច​ខ្វះ​បាន​។ ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រៀបបាន​ដូចជា​ត្រី​វិស័យ​មួយ​សម្រាប់​ចង្អុលបង្ហាញ​ផ្លូវ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ អាចធ្វើ​សេចក្តីសម្រេច​ចិត្តបាន​គ្រប់​ជ្រុងជ្រោយ ឈានទៅ​អភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោក​ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធានលេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា (​គ​.​ជ​.​អ​.​ប​) បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ បានបង្ហាញ​ពី​ឆន្ទៈ និង​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការបន្ត​អនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ធានា​សម្រេច​ឱ្យបាន​នូវ​គោលដៅ និង​គោលបំណង​សំខាន់ៗ​នានា​ដែល​បានកំណត់​នៅក្នុង​កម្មវិធី​ជាតិ​រយៈពេល ១០​ឆ្នាំ (២០១០-២០២០)​។ នៅ​ប្រទេស​កម្ពុជា បាន​ប្រើ​កំណែទម្រង់​ចំនួន​២ គឺ​វិមជ្ឈការ និង​វិសហមជ្ឈការ​។ វិមជ្ឈការ គឺជា​ការផ្ទេ​លើ​កិច្ចដំណើរការ​មួយ នៃ​ការផ្ទេ ការទទួលខុសត្រូវ ក្នុងការ​អនុវត្ត​នូវ​មុខងារ ចាំបាច់​មួយចំនួន ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬក៏​ស្ថាប័ន​ណាមួយ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​បំពេញការងារ​ដែល​ការអនុវត្ត​នូវ​ការងារ​នោះ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​ត្រូវបាន​ផ្ទេ​មុខងារ​ជា​លក្ខណៈ​ជា​វិមជ្ឈការ ត្រូវ​ទទួលខុសត្រូវ ត្រូវមាន​គណនេយ្យភាព មុន​បំផុត​មុន​ការទទួលខុសត្រូវ​រប​ស់​ប្រជាពលរដ្ឋ​របស់ខ្លួន ។ ខ្លួន​ត្រូវ​ទទួលខុសត្រូវ​អំពី​ការអនុវត្ត​នៅតាម​ច្បាប់​នានា​របស់​ជាតិ ដែល​ខ្លួន​មាន​សិទ្ធិ​ចាត់ចែង ប្រើប្រាស់​នូវ​ថវិកា និង​ធនធានមនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​មុខងារ ដើម្បី​ធានា​ការបំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់ថា “​មានន័យថា​វិមជ្ឈការ គឺ​ការប្រគល់​នូវ​សិទ្ធិ​ស្ទើរតែ​ទាំងស្រុង ដែល​គាត់​ត្រូវ​ទទួលខុសត្រូវ បើ​គាត់​ធ្វើ​ខុស​ជាមួយនឹង​ច្បាប់​ជាតិ “​។

 

លោក ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន (គ.ជ.អ.ប) ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត ។

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ប្រចាំឆ្នាំ​២០១៨ ដូចជា វិទ្យុ ទូរទស្សន៍ កាសែត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ ស្តីពី​”​វឌ្ឍនភាព​នៃ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កាលពី​រសៀល​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក​ ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា (​គ​.​ជ​.​អ​.​ប​) បាន​មានប្រសាសន៍​ឱ្យដឹងថា ពិធី​ជួបជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​គាំទ្រ និង​លើកកម្ពស់​ការផ្សព្វផ្សាយ​និង​ការបញ្ជ្រាប​ការយល់ដឹង ឲ្យ​បាន​ទូលំទូលាយ ដល់​អ្នក​​សារព័ត៌មាន និង​សាធារណជន​អំពី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ ដើម្បី​ចែករំលែក​ព័ត៌មាន​នេះ​ទៅគ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់​ពី​វឌ្ឍនភាព​សំខាន់ៗ ដែល​កើតចេញពី​ការធ្វើ​​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ និង​បញ្ហា​ប្រឈម​នានា រួមគ្នា​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ក្នុង​គោល​សំខាន់​ចុងក្រោយ ក្នុងការ​លើកកម្ពស់​ជី​វ​ភាព ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​

​ដោយឡែក​វិសហមជ្ឈការ គឺជា​កិច្ចដំណើរការ​មួយ​នៃ​ការផ្ទេ​អំណាច​ពី​ស្ថាប័ន​ថ្នាក់ជាតិ ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬក៏​ទៅ​ឲ្យ​មន្ទីរជំនាញ ឬក៏​ទីភ្នាក់ងារ​ជំនាញ ដែលជា​ខ្សែបណ្តោយ​របស់​វិសហមជ្ឈការ តាមរយៈ​ការធ្វើប្រតិភូកម្ម​នូវ​មុខងារ​ទៅ​ឲ្យ​ស្ថាប័ន​ទាំងអស់នោះ ។

​លោក​បាន​បន្តថា កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ឫ​ការផ្ទេរ​មុខងារ​ទៅ​ថ្នាក់ក្រោម​ជាតិ​មាន​សារសំខាន់​ខ្លាំងណាស់ ចំពោះ​ការអភិវឌ្ឍ​មូលដ្ឋាន ព្រោះ​បាន​បង្ខិត​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​កៀក​ជិត​ប្រជាពលរដ្ឋ បង្កើន​ការទទួលខុសត្រូវ​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ពិសេស​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​។ លោក​បន្ថែមថា ការចូលរួម​ពី​ពលរដ្ឋ​ក្នុង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នេះ គឺជា​មធ្យោបាយ​មួយ​យ៉ាងសំខាន់​សម្រាប់​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ ដើម្បី​អាច​ទទួលបាន​ព័ត៌មាន​នានា​អំពី​តម្រូវការ បញ្ហា​ប្រឈម បំណងប្រាថ្នា បទពិសោធន៍ គំនិត​យោបល់​ពី​ប្រជាពលរដ្ឋ ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរ​ដ្ឋ​។​

​លោក​បាន​បន្ថែមទៀតថា បច្ចុប្បន្ន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) កំពុង​សហការ​ជាមួយនឹង​កំណែទម្រង់​ពីរ​ផ្សេងទៀត គឺ​កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​​សាធារណៈ ដើម្បី​រៀបចំ​កែសម្រួល​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ស្រុក ដោយ​ធ្វើ​សមាហរណកម្ម​កា​រិ​ល័យ​ជំនាញ​នានា​របស់​ក្រសួង​នៅ​ថ្នាក់ស្រុក​ចូលទៅក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក ក្នុង​គោលបំណង​ប្រែក្លាយ​រដ្ឋបាល​ក្រុង ស្រុក​ឱ្យទៅជា​រដ្ឋបាល​មូលដ្ឋាន​ច្បាស់លាស់​មួយ​ដែលមាន​សក្តានុពល ដែល​អាច​ប្រមូលផ្តុំ​ទាំង​ធនធានមនុស្ស ធនធាន​ហិរញ្ញវត្ថុ ក្នុង​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់ថា ជា​ផ្នែក​មួយ​នៃ​ការ​បង្ខិត​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព កាន់តែ​កៀក​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​បានសម្រេច​អនុម័ត​អនុក្រឹត្យ​លេខ​២៨៥ ស្តីពី​ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និង​ការអនុវត្ត​មុខងារ​ជា​ជម្រើស​ដោយ​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ អនុក្រឹត្យ​នេះ​មាន​គោលបំណង​លើកកម្ពស់​ការទទួលខុសត្រូវ​របស់​ក្រុមប្រឹក្សា​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ប្រើប្រាស់​នូវ​សិទ្ធិអំណាច​សម្រាប់​អនុវត្ត​មុខងារ​ជា​ជម្រើស​របស់ខ្លួន សំដៅ​លើកកម្ពស់​ការផ្តល់​សេវា និង​ការអភិវឌ្ឍ​មូលដ្ឋាន ប្រកបដោយ​គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និង​សមធម៌ ឆ្លើយតប​តម្រូវការ​រ​បស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​ដោយ​ឈរលើ​ស្មារតី​នេះ រាជរដ្ឋាភិបាល​បាន​ដៅ​វិស័យ​ជា​អាទិភាព​សំខាន់ៗ​មួយចំនួន ដើម្បី​ការអភិវឌ្ឍ​មូលដ្ឋាន​ក្នុង​ដំណើរការ​កែទម្រង់​ប្រព័ន្ធ​វិមជ្ឈការ និង​សហវិមជ្ឈការ​។ វិស័យ​ទាំងនោះ រួមមាន វិស័យ​កសិកម្ម អប់រំ បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ធារាសាស្ត្រ សង្គមកិច្ច និង​សេដ្ឋកិច្ច​ជាដើម​។​

​ដើម្បី​ចូលរួមចំណែក ក្នុង​ដំណើរការ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រុង ស្រុក និង​ឃុំ សង្កាត់ បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ លើ​វិស័យ​ជា​អាទិភាព​នៅ​មូលដ្ឋាន​របស់ខ្លួន ៕​ ដោយ​ ៖ កូឡាប

spot_img
×