ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះបុគ្គលដែលមិនស៊ីវិល័យ ដោយតាំងខ្លួនឯងជាតម្រួតអន្តរជាតិ និងមាននិន្នាការនយោបាយចក្រពត្តិទាក់ទងទៅនឹងសិទ្ធិមនុស្ស ។ អង្គការនេះមានឈ្មោះថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើង បែបជាការប្រឌិតវាយប្រហារ និងប្រមាថបំពានដល់ការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាស្ថាបនិកស្ម័គ្រចិត្ត ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក៏ដូចជា ពេលវេលាដ៏មានតម្លៃរបស់លោក ក្នុងការរៀបចំនិងធ្វើឲ្យដំណើរការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នេះឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា “ការលើកឡើងរបស់អង្គការនេះ គឺជាការធ្វើយុទ្ធការបែបវិទ្ធង្សនា ប្រឆាំងនឹងចលនាយុវជនខ្មែរទាំងអស់ ក្នុងវិស័យកីឡាតែប៉ុណ្ណោះ”។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះ អង្គការ Human Right Watch ដោយចាត់ទុកថា អង្គការនេះ បានប្រឌិតព័ត៌មានវាយប្រហារបំពានដល់ការខិតខំប្រឹងប្រែងរបស់ នាយឧត្តមសេនីយ៍សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។
សេចក្តីថ្លែងការណ៍ បានលើកឡើងថា ដូច្នេះការលើកឡើងរបស់ នាយកប្រតិបត្តិប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជាអង្គការឯកជនតាំងខ្លួន ជាអ្នកត្រួតពិនិត្យសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី ជាការបង្ហាញកាន់តែច្បាស់ថា ខ្លួនជាអង្គការមានចរិតបែបប្រទូសរ៉ាយ ជាទង្វើដែលគួរឲ្យស្អប់ខ្ពើម និងដ៏អាម៉ាស់ របស់អង្គការនេះ ដែលមិនអាចទទួលយកបានដោយប្រជាជនកម្ពុជា។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពី នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បានរិះគន់តារាបាល់ទាត់លំដាប់ពិភពលោករបស់ជប៉ុន លោក ហុងដា កេស៊ូកិ (Keisuke Honda) ដែលបានចាប់ដៃ នាយឧត្តមសេនីយ៍ សៅ សុខា។ Human Rights Watch បានប្រមាថដល់ មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសកម្ពុជា ថាជាជនរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕ ដោយ ៖ កូឡាប