Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ថ្មី​ប្រទេស​ចិន ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា ចិន​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​ទៀត​

spot_img

​ភ្នំពេញ​ ៖ លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ទើប​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាងថា ប្រទេស​ចិន និង​កម្ពុជា ជា​មិត្ត​ល្អ​ដែលមាន​ការ​យោគយល់ និង​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ចិន​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​តាម លទ្ធភាព​របស់ខ្លួន​ទៀត។​

​លោក វ៉ាង វិ​ន​ធៀន បានលើកឡើង​បែបនេះ នៅពេល​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វិមាន​រដ្ឋសភា​។ សម្តេច​ប្រធានរដ្ឋសភា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ស្ថានទូត​ចិន អតីត​ឯកអគ្គរដ្ឋទូត​ចិន​មុនៗ​ប្រចាំ​កម្ពុជា ក្នុង​កិច្ចការ​ទំនាក់ទំនង ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។ ឆ្នាំ​២០១៨​នេះ ជា​ឆ្នាំ​ខួប​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​-​ចិន ដែល​បាន​កសាងឡើង​ដោយ អតីត​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​អតីត​ប្រមុខ​ដឹកនាំ​មហា​ប្រទេស​ចិន​។​

​សម្តេច​បាន​គូសបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១០​មក ទំនាក់ទំនង​ប្រទេស​ទាំង​ពីរបាន​ឈានដល់​កម្រិត​ជា​ប្រវត្តិ​សាស្ត្រ​មួយ គឺ “​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ដែល​បាន​កំពុងផ្តល់​ផ្លែផ្កា​ជាក់ស្តែង​លើ​គ្រប់​វិស័យ​ដល់​សង្គមជាតិ​ទាំងពីរ ​។​

​លោក វ៉ាង វិ​ន​ធៀន បាន​លើកឡើងថា ទំនាក់ទំនង​កម្ពុជា ជា​ទំនាក់ទំនង​អ្នកជិតខាង ជា​ទំនាក់ទំនង​បងប្អូន​មិត្ត​ភ័ក្តិ​យ៉ាង​ជិតស្និទ្ធ គោរព យោគយល់ និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​។ ប្រទេស​ចិន​បាន​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា គោរព​បូរណភាព​ទឹកដី និង​ឯករាជ្យភាព​របស់ កម្ពុជា​ ។​

​លោក ឯកអគ្គរដ្ឋទូត បាន​អះអាងថា លោក ធ្លាប់​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០០​។ រយៈពេល​១៨​ឆ្នាំ​កន្លងមកនេះ លោក បាន សង្កេតឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ ក្រោម​ម្លប់​ព្រះ​មហាក្សត្រ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រមទាំង​សភា ដែល​ធ្វើ​ឲ្យ​កម្ពុជា មាន​សុខសន្តិភាព​។ សន្តិភាព និង​ការអភិវឌ្ឍ​បែបនេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ ដែលជា​ការសម្រេចចិត្ត​របស់​ពលរដ្ឋ​។ លោក វ៉ាង វិ​ន​ធៀន បាន​គូសបញ្ជាក់ថា ប្រទេស​ចិន​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា​តទៅទៀត​តាម លទ្ធភាព​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​នឹង​បន្ត​សហការ​ជាមួយ​បណ្តា​ក្រសួង មន្ទីរ ស្ថាប័ន​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​វាង​កម្ពុជា​-​ចិន​នេះ កាន់តែ​ល្អប្រសើរ និង​ស៊ីជម្រៅ​ថែមទៀត​។ ចំណែក​រដ្ឋសភា​កម្ពុជា​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ធ្វើ​កិច្ចសហការ​ពេញលេញ ដើម្បី​ឲ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×