ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នេះ មាននាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ COSTA FORTUNA បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា នាវាដឹកភ្ញៀវទេសចរខាងលើនេះ មានសញ្ជាតិ អ៊ីតាលី (ITALY) ដោយបាននាំភ្ញៀវទេសចរចំរុះជាតិសាសន៍ចំនួន ៥៨សញ្ជាតិ សរុបមានចំនួន ២៧៩៥នាក់។ ក្នុងនោះស្រីមានស្ត្រី ១៤៩៩នាក់។
មន្ត្រីដដែលក៏បានឱ្យដឹងថា ភ្ញៀវទេសចរសញ្ជាតិ Italy មានចំនួន ៧៤៥នាក់។ សញ្ជាតិបារាំង (France) មានចំនួន ២៨២នាក់ និងភ្ញៀវទេសចរសញ្ជាតិ រ៉ូម៉ានី(Romany) មានចំនួន១០៥នាក់។
នាវាទេសចរណ៍ឈ្មោះ COSTA FORTUNA ខាងលើនេះ មានបណ្តោយប្រវែង ២៧២,១៥ម៉ែត្រ និងទទឹងប្រវែង ៣៥,៥០ម៉ែត្រ ព្រមទាំងមាននាវឹកចំនួន ៩៧៥នាក់ ស្រី ១៥០នាក់ និងមាន ៣៥សញ្ជាតិ។
នាវាទេសចរនេះ ចេញដំណើរមកពីប្រទេសសាំងហ្គាពួរ និងធ្វើដំណើរបន្តរទៅកាន់ប្រទេសថៃ នៅម៉ោង ១៨:០០នាទីយប់ ថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៨នេះ៕ ដោយ៖ ដែន សីមា