Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ CIMB ឧបត្ថម្ភ​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដល់​មន្ទីរពេទ្យបង្អែក​បាទី​

spot_img

​រាជធានី​ភ្នំពេញ ​៖ កាលពី​ថ្ងៃទី​២២ ខែធ្នូ​កន្លងទៅនេះ គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​បាទី ក្នុង​ខេត្តតាកែវ ដោយបាន​ប្រគល់ជូន​គ្រឿង​បរិក្ខារ​ពេទ្យ​ជាច្រើន សម្រាប់​សម្រួល​ដល់​ការ​សម្រាល​ទារក រួមមាន​អេកូ​ស្ទង់​ចង្វាក់បេះ ដូង​ទារក​ក្នុង​ផ្ទៃ​ម្តាយ ឧបករណ៍​វាស់​ចង្វាក់បេះដូង​ទារក និង​អ្នកជំងឺ គ្រែ​សម្រាប់​សម្រាលកូន គ្រែ​សម្រាក​សម្រាប់​អ្នកជំងឺ គ្រែ​សម្រាប់​អ្នកជំងឺ​សង្គ្រោះបន្ទាន់ កៅអី​រុញ និង​តុ​សម្រាប់​ដាក់​សម្ភារៈ​ពេទ្យ​ជាដើម​។

សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ CIMB លើក​នេះ គឺ​ផ្តោត​សំខាន់​លើ​ផ្នែក​សម្ភព​នៅតាម​ជនបទ ក្រោម​ពាក្យស្លោក «​ធនាគារ CIMB យកចិត្តទុកដាក់​លើ​សុខភាព​មាតា និង​កុមារ​»​។​

​លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ CIMB បាន​ថ្លែង​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ​ថា​៖ «​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​ប្រកាន់​លើ​គោលការណ៍​ឲ្យ​ត្រលប់​ជូនទៅ​សហគមន៍​មួយចំណែក ពី​ប្រាក់ចំណេញ​របស់​ធនាគា​រ ពី​ការធ្វើ​អាជីវកម្ម​ក្នុង​តំបន់​នោះ​។ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​ធនាគារ ដែល​តែងតែបាន​រួមចំណែក​ជួយ​ត្រឡប់ ដល់​សហគមន៍​នានា ក្នុងប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំនេះ ធនាគារ​បាន​ជ្រើស​យក​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​កុមារ គឺ​ដើម្បី​ចូលរួម​ចែករំលែក និង​លើកស្ទួយ​ដល់​សុខមាលភាព​របស់​ប្រជាជន និង​និរន្ត​ភាព​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ​ជំនួយ​ជា​ធនធាន សម្រាប់​ការថែទាំ​សុខភាព ជាពិសេស​ការថែទាំ​ស្ត្រី​ឆ្លងទន្លេ ទារក និង​បងប្អូន​ប្រជាពលរដ្ឋ កំពុង​រស់នៅក្នុង​ភាពក្រីក្រ ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​សេវា​សុខភាព​ពេញលេញ​។​»

​មិនតែប៉ុណ្ណោះ លោក​ប៊ុន យីន បានបញ្ជាក់​ផងដែរ​ថា ការ​សម្រាល​ទារក​របស់​ម្តាយ ប្រកបដោយ​ភាពជោគជ័យ និង​មាន​សុវត្ថិភាព គឺជា​សុភមង្គល​ពិតប្រាកដ​របស់​គ្រួសារ​នីមួយៗ​។ ហើយ​បើ​អ្នក​ម្តាយ​គ្រប់រូប​ពុំ​ទទួលបាន​សេវា​សុខ​ភាពល្អ​គ្រប់គ្រាន់​ទេនោះ ទារក និង​កុមារ​ទាំងឡាយ​ក៏​នឹងមាន​សុខភាព​ទន់ខ្សោយទៅ តាម​នោះដែរ​។ ហេតុ​ដូច្នេះហើយ ធនាគារ CIMB ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​រួមចំណែក​យកចិត្តទុកដាក់ ដល់​សុវត្ថិភាព និង​សុខភាព​មាតា និង​ទារក នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​មន្ទីរពេទ្យបង្អែក​បាទី ខេត្តតាកែវ​នេះ​តែម្តង​។ ហើយ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ ធនាគារ CIMB នឹងមាន​ផែនការ​លើកកម្ពស់​សកម្ម​ភាព​ទំនួល​ខុសត្រូវ​សង្គម នៅតាម​សហគមន៍​នានា ឲ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​យូរអង្វែង ជា​បន្តបន្ទាប់​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ធនាគារ CIMB លោក​វេជ្ជបណ្ឌិត សៅ ចាន់ថា ប្រធាន​មន្ទីរពេទ្យបង្អែក​បាទី បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ធនាគារ CIMB ដែល​បាន​អញ្ជើញ​មក និង​ឧបត្ថម្ភ​សម្ភារៈ​ពេទ្យ​ជាច្រើន ដល់​មន្ទីរពេទ្យ​យើងខ្ញុំ​។ គ្រឿង​បរិក្ខារ​ពេទ្យ​ទាំងអស់នេះ គឺ​ពិតជា​ចាំបាច់​ណាស់ សម្រាប់​បង្កើន​ការផ្តល់សេវា​សុខាភិបាល និង​ជាពិសេស​ការ​សម្រាលកូន ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​យើងខ្ញុំ​។ ជាក់ស្តែង​អេកូ​ស្ទង់​ចង្វាក់បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្តាយ ដែលមាន​ភាពទំនើប​នេះ គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់​គ្រូពេទ្យ​របស់​យើងខ្ញុំ​ពិនិត្យ​អ្នកជំងឺ ហើយ​មន្ទីរពេទ្យ​យើងខ្ញុំ​ទើបតែ​មានប្រើ​ជា​លើក​ទី​១​ផងដែរ​។ ជា​ចុង​ក្រោយនេះ ខ្ញុំ​សូម​កោតសរសើរ​ដល់​ធនាគា​រ CIMB សម្រាប់​ការឧបត្ថម្ភ​ដល់​មន្ទីរពេទ្យបង្អែក​បាទី និង​សហគមន៍​ដទៃទៀត ក្នុងប្រទេស​កម្ពុជា ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​មាន​ក្រុមហ៊ុន និង​ស្ថាប័នឯកជន​កាន់តែ​ច្រើនឡើង ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ​»​។​

​ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​មាន​សាខា​ចំនួន​១៣ ក្នុង​រាជធានី និង​ខេត្ត​សំខាន់ៗ​។ ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលជា​ធនាគារ​សាកល​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ធនាគារ CIMB តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ជា​រៀងរាល់ឆ្នាំ ទៅតាម​គម្រោង​ផ្សេងៗ​គ្នា និង​បានរួម​ចំណែក​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ជាង​៣​លាន​នាក់ ទូទាំង​តំបន់​អាស៊ាន​ផងដែរ ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ​។ ស្របតាម​កំណើន​លទ្ធផល​ប្រតិបត្តិការ​ប្រចាំឆ្នាំ ធនាគារ CIMB តែងតែ​ពង្រីក​សកម្មភាព​សប្បុរ​ស​ធម៌​របស់ខ្លួន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ធនាគារ CIMB នឹង​ខិតខំ​បន្តសកម្មភាព​សប្បុរស​ធម៌​របស់ខ្លួន ដែលមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​សហគមន៍​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺ​ជាស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥ ៕​ ដោយ​៖​កូ​ឡាប

spot_img
×